ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជំរុញឲ្យសេដ្ឋីពាន់លាននិងសេដ្ឋីរយលាននៅកម្ពុជាចូលរួមវិនិយោគក្នុងវិស័យកសិកម្មដើម្បីលើកកម្ពស់ភាពប្រកួតប្រ ជែងផលិតផលកសិកម្មកម្ពុជា។
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានមានប្រសាសន៍នេះនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្មឆ្នាំ២០១៨និងទិសដៅឆ្នាំ២០១៩ នាព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០១៩នេះ។ ដោយសម្តេចតេជោបានស្នើឲ្យក្រសួងពាក់ព័ន្ធកុំសម្លឹងមើលតែទៅលើវិនិយោគិនបរទេសសូមឲ្យសម្លឹងមើលសេដ្ឋីនៅស្រុកខ្មែរផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា «វិធីដែលល្អគឺខិតខំទាក់ទាញការវិនិយោគហើយមិនចាំបាច់តែអ្នកវិនិយោគមកពីក្រៅប្រទេសនោះទេ។ ស្រុកខ្មែរឥឡូវសេដ្ឋីពាន់លាន(ដុល្លារ) ក៏មានរួច សេដ្ឋីរយលានក៏មានច្រើនដូចនេះឲ្យពួកគេរួមចំណែកផលិតចំណីសត្វ សម្រាប់បម្រើឲ្យការចិញ្ចឹមសត្វក្នុងប្រទេសរបស់យើងហើយបើនិយាយពីអ្នកមានលុយចាប់ពីមួយលានដុល្លារឡើងលើ គឺមានច្រើនណាស់ ប៉ុន្តែខ្ញុំមិនមែនចង់សំដៅថា សាច់ប្រាក់ទេដោយសារផ្ទះមួយកន្លែងនៅទីក្រុងភ្នំពេញ លើសពី១លានដុល្លារបាត់ទៅហើយ»។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកឡើងទៀតថា ទីផ្សារកសិកម្មរបស់កម្ពុជាមិនទាន់មានភាពល្អប្រសើរនៅឡើយទេ ខណៈដែលប្រទេសជិតក៏មានផលិតផលកសិកម្មដូចកម្ពុជាដែរ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មូលហេតុដែលកម្ពុជាពិបាកប្រកួតប្រជែងផលិតផលកសិកម្មជាមួយប្រទេសជិតខាងនោះ ដោយសារតែថ្លៃដើមផលិតរបស់កម្ពុជាខ្ពស់ធ្វើផលិតផលកម្ពុជាមានតម្លៃខ្ពស់ជាងប្រទេសជិតខាង។ ចំណុចនេះសម្ដេចបានលើកយកការដេញថ្លៃនាំចេញអង្ករមកនិយាយថា គ្រាន់តែទីផ្សារនាំចេញអង្ករទៅប្រទេសហ្វីលីពីនដែលបានដាក់ឲ្យប្រទេសក្នុងតំបន់ដេញថ្លៃនាំចូលនោះក៏កម្ពុជា ដេញថ្លៃមិនឈ្នះវៀតណាមនិងថៃផង ព្រោះតម្លៃផលិតផលកសិកម្មប្រទេសទាំងពីរនេះថោកជាងផលិតផលកម្ពុជា។ សម្តេចនាយករដ្ឋមន្ត្រីក៏បានបញ្ជាឲ្យក្រសួងកសិកម្ម និង ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះដោយធ្វើយ៉ាងណាកាត់បន្ថយថ្លៃដើមផលិតនិងការចំណាយខ្ពស់របស់កសិករដើម្បីជំរុញឲ្យពួកគេមានលទ្ធភាពខ្ពស់ក្នុងការផលិតហើយនាំចេញទៅក្រៅប្រទេសដោយតម្លៃប្រកួតប្រជែង។
ស្របពេលដែលគោលនយោបាយនាំចេញអង្ករ១លានតោនមិនទាន់សម្រេចបានជោគជ័យនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថា គោលដៅនាំចេញអង្ករ ១លានតោនរបស់រាជរដ្ឋាភិបាលមិនទាន់សម្រេចបានជោគជ័យនៅឡើយទេ ព្រោះតែលទ្ធភាពនៃការកែច្នៃអង្កររបស់កម្ពុជានៅមានកម្រិត ហើយថ្លៃដើមនៃការផលិតក៏នៅខ្ពស់នាំឲ្យពិបាកប្រកួតប្រជែង។
សម្តេចបន្តថាគោលនយោបាយជំរុញផលិតកម្មស្រូវនិងការនាំចេញអង្កររបស់រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនៅឆ្នាំ២០១០ដោយជំរុញឲ្យមានការផលិតស្រូវលើតម្រូវការនិងនាំចេញអង្ករឲ្យបាន១លានតោន។ ក្នុងគោលដៅទាំង២នេះយើងសម្រេចបានគោលដៅមួយគឺផលិតកម្មស្រូវពីការដែលយើងខ្វះអង្ករហូបឬមានអធិរេត (ស្រូវលើស) តិចតួច តែពេលបច្ចុប្បន្នយើងមានអធិរេតរហូតដល់ជិត៦លានតោនស្រូវនិងជិត៤លានតោនអង្ករ។ ប៉ុន្តែគោលដៅនៃការនាំចេញអង្ករវិញគឺយើងមិនសម្រេចគោលដៅ១លានតោនទេ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បញ្ហាមិនសម្រេចគោលដៅនេះដោយសារការកែច្នៃសម្រាប់នាំចេញនៅមានកម្រិត។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនក៏មានការកើនឡើងដែលអាចនឹងឈានដល់អាចកែច្នៃរហូត៣ទៅ៤លានតោននៅពេលខាងមុខ ក្នុងពេលដែលយើងសម្រេចរួចរាល់នៅពេលវិនិយោគទាំងអស់។ សម្តេចបន្តថា យើងត្រូវធ្វើការរួមគ្នាដើម្បីឲ្យថ្លៃដើមនៃការផលិតរបស់កសិករយើងធ្លាក់ចុះ អាចប្រកួតប្រជែងជាមួយប្រទេសជិតខាងយើង។ ដោយសម្តេចបានលើកឡើងថា បញ្ហាមួយដែលយើងគួរគិត ឧទាហរណ៍ថាហ្វីលីពីនត្រូវការអង្ករ១លានតោនដោយដាក់ឲ្យដេញថ្លៃ។ ប៉ុន្តែកម្ពុជាមិនអាចដេញថ្លៃឈ្នះគេទេដោយសារតែផលិតផលអង្កររបស់យើងវាមានតម្លៃខ្ពស់។ ដូច្នេះយើងត្រូវរិះរកគ្រប់វិធីដើម្បីកាត់បន្ថយតម្លៃនៃការផលិតរបស់ប្រជាជនយើង។
សម្តេចតេជោបានបន្តថា និយាយដល់បញ្ហានេះយើងពិតជាមោទនភាពចំពោះការប្រើប្រាស់គ្រឿងយន្តក្នុងវិស័យកសិកម្មបានឡើងដល់ ៩៦ ភាគរយ។ ក៏ប៉ុន្តែវាក៏មានមុខអសកម្មផងដែរថានៅពេលដែលយើងប្រើគ្រឿងយន្តកសិកម្មគឺវាក៏ត្រូវការចំណាយខ្ពស់ទៅលើការទិញប្រេងឥន្ធនៈ។ ដូចនេះចំណុចនេះត្រូវមានការដោះស្រាយរួមគ្នាមិនអាចពឹងផ្អែកតែលើក្រសួងកសិកម្មមួយទេ។ ត្រូវកាត់បន្ថយការបូមទឹកដោយប្រេងឥន្ធនៈមកប្រើអគ្គិសនីវិញ ជាការកាត់បន្ថយការចំណាយមួយដ៏ធំ ហើយក៏ជាការរួមចំណែកធ្វើអនុត្តរភាពទៅលើប្រព័ន្ធស្រោចស្រពផងដែរ។ ជាមួយនេះយើងក៏ត្រូវរួមគ្នាកាត់បន្ថយការនាំចូលវត្ថុធាតុ ដើមពីបរទេសមកផលិតជីកសិកម្មដែលជាផ្នែកមួយក្នុងការកាត់បន្ថយការចំណាយរបស់កសិករផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានលើកឡើងថា ចំណុចដែលល្អបំផុតសម្រាប់ភាពប្រកួតប្រជែងរបស់យើងគឺការកាត់បន្ថយថ្លៃដើមផលិតរបស់កសិករ តែមិនមែនជាការឧបត្ថម្ភទុនដើម្បីប្រកួតប្រជែងនៅលើទីផ្សារនោះទេ វាខុសពីនិយាមរបស់អង្គការពាណិជ្ជកម្មពិភពលោក ដូចនេះរដ្ឋមិនអាចបំពេញខាតឲ្យកសិករដើម្បីលក់អង្ករបានថ្លៃនោះទេ នៅប្រទេសជឿនលឿនខ្លះធ្វើបានតែសម្រាប់កម្ពុជាគឺមិនអាចធ្វើបែបនេះបានទេ។
ជាមួយគ្នានេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានណែនាំឲ្យក្រសួងកសិកម្មត្រូវបន្តការស្រាវជ្រាវ និង អប់រំប្រជាពលរដ្ឋរបស់យើងកុំឲ្យរត់តាមទីផ្សារ ដោយខ្វះការពិចារណា ដីមួយកន្លែង៤ឆ្នាំមុនឃើញដាំកៅស៊ូ៤ ឆ្នាំក្រោយឃើញស្វាយចន្ទី ២ឆ្នាំក្រោយឃើញដាំដំឡូងមី គាត់ធ្វើទៅតាមចរន្តតម្លៃទីផ្សារ។ ដូចនេះត្រូវអប់រំប្រជាពលរដ្ឋឲ្យយល់អំពីបញ្ហាថា តម្លៃកសិផលវាមិនមែនចុះជារៀងរហូតនោះទេ ហើយរាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយពន្ធដារមួយសម្រាប់ការនាំចេញផលិតផលកសិកម្មរបស់យើង គឺភាពទន់ភ្លន់នៃនយោបាយពន្ធដារ ពេលខ្លះរដ្ឋមិនទាំងយកពន្ធនាំចេញកៅស៊ូទៀតផងនៅពេលដែលកៅស៊ូធ្លាក់ចុះនោះ ដូចនេះវាជាគំនាស់សេដ្ឋកិច្ចមួយដែលរាជរដ្ឋាភិបាលបានផ្តល់។
ជាមួយគ្នានេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីដើម្បីការពារតម្លៃស្រូវរបស់កសិករធ្លាក់ចុះនោះសម្តេចបានជំរុញឲ្យក្រសួងកសិកម្មនិងក្រសួងពាណិជ្ជរួមគ្នាសម្រេចឲ្យបាននូវការនាំចេញអង្ករទៅកាន់ទីផ្សារចិន និងវៀតណាម ដែលផ្តល់ឲ្យកម្ពុជាចំនួន៧០ម៉ឺនតោនអង្ករ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំនៅតែបន្តការខិតខំដើម្បីប្រើប្រាស់ទីផ្សារ ដែលយើងមានរួចមកហើយសម្រាប់លើកតម្លៃស្រូវនោះគឺទីផ្សារចិន៤០ម៉ឺនតោនត្រូវអនុវត្តឲ្យបានក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្មត្រូវធ្វើការរួមគ្នាលើការងារនេះពិសេសក្រសួងពាណិជ្ជកម្មដែលចូលដល់កសិ-ពាណិជ្ជកម្មហើយ។ ទីផ្សាររបស់វៀតណាមដែលផ្តល់ឲ្យយើងនាំចេញចំនួន៣០ម៉ឺនតោនអីចឹងវា៧០ម៉ឺនតោនអង្ករ ស្មើនឹងជាង១លានតោនស្រូវដែរធ្វើយ៉ាងម៉េចអនុវត្តឲ្យបាន ដើម្បីទាញតម្លៃស្រូវរបស់យើងឲ្យបានកើនឡើង»។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងផងដែរថា ល្ងាចនេះ (១៤មីនា) សម្តេចនឹងបាយជាមួយប្រធានាធិបតីសាធារណរដ្ឋកូរ៉េក្នុងលក្ខណៈជាគ្រួសារទេ ហើយស្អែក (១៥មីនា) ទើបបានចរចាផ្លូវការនិងធ្វើវេទិកាធុរកិច្ចរួមគ្នាក៏ប៉ុន្តែដើម្បីគាត់មកដល់គឺតួអង្គព្រះមហាក្សត្រទេដែលត្រូវផ្តល់ភោជនីយអាហារផ្លូវការសម្រាប់ប្រធានាធិបតី ក៏ប៉ុន្តែល្ងាចនេះខ្ញុំនឹងជួបជាមួយគាត់បាយជាមួយគ្នាតែពីរនាក់ប្តីប្រពន្ធទេ យើងនឹងខិតខំបើកទីផ្សារហើយស្អែកគម្រោងនៃការលើករបស់ខ្ញុំស្នើឲ្យកូរ៉េជួយទិញផលិតផល របស់កម្ពុជាបន្ថែមទៀត។
សម្ដេចតេជោ ហ៊ុន សែន បានបន្តថា ទីផ្សាររបស់យើងមិនអាចចំណុះលើទីផ្សារណាមួយ ដោយគេខ្ទប់ច្រមុះយើងឲ្យស្លាប់នោះទេហើយឆ្នាំនេះ សម្តេចនឹងដើរទៅកាន់ប្រទេសអាស៊ី អឺរ៉ុប គេហៅថា អឺរ៉ាស៊ី មួយចំនួនទៀត ដើម្បីទាញយកផលិតផលរបស់យើង ទៅកាន់ទីនោះ ហើយយើងតម្រង់ឆ្ពោះទីផ្សាររបស់យើងទៅកាន់ទីផ្សារនៅមជ្ឈិមបូព៌ាថែមទៀត យើងបើកទីផ្សារកាន់តែធំ។
សូមជម្រាបថា បន្ទាប់ពីរាជរដ្ឋាបាលកម្ពុជាបានចេញនូវគោលនយោបាយជំរុញផលិតកម្មស្រូវ និងនាំចេញអង្ករនៅឆ្នាំ២០១០រួចមកវិស័យស្រូវអង្កររបស់កម្ពុជាមានសន្ទុះកើនឡើងយ៉ាងខ្លាំងទាំងហេដ្ឋារចនាសម្ព័ន្ធរោងម៉ាស៊ីនកិនស្រូវ ឡសំងួត ផលិតកម្មស្រូវ និងចំនួនអង្ករដែលបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ បើទោះមិនទាន់គ្រប់១លានតោនក្តី តែមានការកើនឡើងជាងរៀងរាល់ឆ្នាំ។ តួលេខនៃការនាំចេញអង្ករបានឲ្យដឹងថា នៅឆ្នាំ២០១២ កម្ពុជានាំចេញអង្ករបានជាង២០ម៉ឺនតោន, ឆ្នាំ២០១៣ នាំចេញបានជាង៣៧ម៉ឺនតោន, ឆ្នាំ២០១៤ នាំចេញបានជាង៣៨ម៉ឺនតោន, ឆ្នាំ២០១៥ នាំចេញបានជាង៥៣ម៉ឺនតោន, ឆ្នាំ២០១៦ នាំចេញអង្ករបានជាង៥៤ម៉ឺនតោន, ឆ្នាំ២០១៧ នាំចេញអង្ករបានជាង៦៣ម៉ឺនតោន និងឆ្នាំ២០១៨នាំចេញអង្ករបានជាង៦២ម៉ឺនតោន៕
Source: Kampuchea Thmey Daily
0 Comments