ភ្នំពេញ ៖ លោក មូន ចេអ៊ីន (Moon Jae-in) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ នៅវេលាម៉ោងប្រមាណ៣រសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ ជាលើកដំបូងរយៈពេល៣ថ្ងៃ ដើម្បីពង្រីកទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើវិស័យនានាបន្ថែមទៀត ហើយនៅក្នុងដំណើរទស្សនកិច្ចនេះ ក៏នឹងមានក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនផងដែរ។
តាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលបានឲ្យដឹងថា សំរាប់ថ្ងៃទី១នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក មូន ចេអ៊ីន (Moon Jae-in) នៅកម្ពុជានេះ គឺមានតែកម្មវិធី២ប៉ុណ្ណោះ គឺទទួលជួបសំណេះសំណាលជាមួយអ្នកវិនិយោគ ពាណិជ្ជករ និងសហគមន៍ប្រជាពលរដ្ឋកូរ៉េនៅកម្ពុជា និងពិសារបាយពេលល្ងាចជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារ The Great Duke អតីតសណ្ឋាគារអាំងទែរកុងទីណង់តាល់។
សេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេសបានឲ្យដឹងដែរថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក មូន ចេអ៊ីន (Moon Jae-in) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ នៅព្រះរាជាណាចក្រកម្ពុជា គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ តាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយនៅក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក មូន ចេអ៊ីន នឹងចូលគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង និងជួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្រសួងការបរទេសបានឲ្យដឹងទៀតថា នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជានេះ លោកប្រធានាធិបតី មូន ចេអ៊ីន និងសម្តេចតេជោនាយករដ្ឋមន្រី្ត ហ៊ុន សែន នឹងពិភាក្សាអំពីការជម្រុញទំនាក់ទំនងទ្វេភាគី និងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានាបន្ថែមទៀត ហើយក៏ផ្លាស់ប្តូរយោបល់គ្នាផងដែរលើបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់ និងផលប្រយោជន៍រួម។ បន្ទាប់ពីបញ្ចប់ជំនួប ថ្នាក់ដឹកនាំទាំងពីរនឹងអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន និងធ្វើសេចកី្តប្រកាសព័ត៌មានរួមគ្នា។
តាមក្រសួងការបរទេស លោកប្រធានាធិបតី មូន ចេអ៊ីន និងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏រំពឹងថា នឹងអញ្ជើញថ្លែងសុន្ទរកថា ក្នុងវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ ដើម្បីលើកទឹកចិត្តឲ្យមានការវិនិយោគ ការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មកាន់តែច្រើនឡើង រវាងប្រទេសទាំងពីរ។
សូមបញ្ជាក់ថា ទស្សនកិច្ចលើកដំបូងមកកាន់កម្ពុជារបស់ប្រធានាធិបតីមូន ចេអ៊ីន គឺជាព្រឹតិ្តការណ៍ដ៏សំខាន់ក្នុងទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលនឹងពង្រឹងមិត្តភាព ហើយនឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែមានវិសាលភាពទូលំទូលាយ និងស៊ីជម្រៅ៕
Source: Kampuchea Thmey Daily
0 Comments