ភ្នំពេញ ៖ នៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូលខេត្តរតនគិរី, ស្ទឹងត្រែង, ព្រះវិហារ និងខេត្តកំពង់ធំ កាលពីថ្ងៃទី១១ និង១២ ខែមីនា ឆ្នាំ២០១៩ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានស្នើមន្ត្រីកាំកុងត្រូលទាំងអស់ រឹតបន្តឹងការត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារឲ្យបានហ្មត់ចត់ ដោយមិនគ្រាន់តែដកហូតទំនិញខូចគុណភាពប៉ុណ្ណោះទេ ប៉ុន្តែត្រូវបន្តវែកមុខឈ្មួញខិលខូចដែលនាំចូលទំនិញទាំងអស់ និងអ្នកពាក់ព័ន្ធ យកមកផ្តន្ទាទោសតាមច្បាប់ថែមទៀត ដើម្បីការពារសុវត្ថិភាពជូនអ្នកប្រើប្រាស់ទូទាំងប្រទេស។
លោក រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងពីសារៈសំខាន់នៃតួនាទី និងការទទួលខុសត្រូវរបស់មន្ត្រីសាខាកាំកុងត្រូលទាំងអស់ ក្នុងការបម្រើប្រជាពលរដ្ឋ និងវិស័យឯកជន តាមរយៈការពង្រឹងសុវត្ថិភាពម្ហូបអាហារ, ការគាំពារអ្នកប្រើប្រាស់ និងការបង្ក្រាបសកម្មភាពធុរកិច្ចមិនស្មោះត្រង់ ដែលអាចបង្កនូវហានីភ័យផ្សេងៗ ដល់សុខមាលភាពប្រជាជន បរិស្ថាន និងសេដ្ឋកិច្ចជាតិ។
«នៅក្នុងអាណត្តិទី៦នេះ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញនូវអភិក្រមចំនួន ៥គឺ៖ ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និងវះកាត់! ដូច្នេះមិនត្រូវបន្ធូរដៃឡើយ ព្រោះនេះជាឱកាសមាស សម្រាប់មន្ត្រីកាំកុងត្រូលយើង ក្នុងការបញ្ចេញស្នាដៃជូនជាតិ និងប្រជាជន! កុំគ្រាន់តែដកហូតទំនិញ ប៉ុន្តែត្រូវបន្តវែកមុខ និងចាប់ឲ្យបាននូវឈ្មួញទុច្ចរិតដែលនាំចូល» លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។
លោក រដ្ឋមន្ត្រី បានបន្ថែមទៀតថា បច្ចុប្បន្នក្រសួងពាណិជ្ជកម្ម កំពុងចងក្រងច្បាប់សំខាន់ៗចំនួនបី ដើម្បីពង្រឹងតួនាទីភារកិច្ច និងពង្រីកដែនសមត្ថកិច្ចរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ឲ្យមានលក្ខណៈច្បាស់លាស់ និងកាន់តែមានប្រសិទ្ធភាព សំដៅលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ ការពារអ្នកប្រើប្រាស់ និងធានាការធ្វើពាណិជ្ជកម្មប្រកបដោយសមធម៌ នៅក្នុងប្រទេសកម្ពុជា។ «នៅពេលច្បាប់ទាំងបីនេះអនុម័ត មន្ត្រីកាំកុងត្រូលរបស់យើង នឹងមានសមត្ថកិច្ចកាន់តែខ្លាំង ក្នុងការទប់ស្កាត់ការផលិត និងចែកចាយទំនិញក្លែងក្លាយ គ្មានគុណភាព ឬខូចគុណភាព ព្រមទាំងផ្អាកសកម្មភាពធុរកិច្ចទុច្ចរិត ដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់ទំនិញ ឬសេវាកម្ម និងលើកទឹកចិត្តអ្នករកស៊ីត្រឹមត្រូវ ឲ្យពង្រីកធុរកិច្ច ឬវិនិយោគលើវិស័យផ្សេងៗទៀត ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាមួយរាជរដ្ឋាភិបាល» ។
សូមជម្រាបដែរថា នៅក្នុងពិធីបំផ្លាញទំនិញក្លែងក្លាយ និងខូចគុណភាពសរុបជាង ៧០តោន កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវតែរួមគ្នាបង្ក្រាបបទល្មើស «ទំនិញក្លែងក្លាយ និងខូចគុណភាព» ឲ្យខាងតែបាន ដោយមិនត្រូវបញ្ឈប់នោះឡើយ ហើយនៅពេលបង្ក្រាបលើកក្រោយ ប្រសិនបើដកហូតបានតែវត្ថុតាង តែចាប់មិនបានអ្នកប្រព្រឹត្ត មកផ្ដន្ទាទោសទេ សម្ដេចនឹងមិនចូលរួមជាអធិបតី នៅក្នុងពិធីដុតបំផ្លាញនោះឡើយ៕
Source: Kampuchea Thmey Daily
0 Comments