ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ បានលើកឡើងថា ការអភិវឌ្ឍវិស័យកសិកម្មគឺជាកាតព្វកិច្ចសំខាន់របស់រាជរដ្ឋាភិបាលដើម្បីពង្រឹងតួនាទីវិស័យកសិកម្ម បង្កើតការងារធានាសន្តិសុខស្បៀង កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍជនបទ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា ជារួមវិស័យកសិកម្មបានផ្តល់ឱកាសការងាររហូតដល់ ៤១,៥ភាគរយ ប៉ុន្តែទន្ទឹមនេះយើងក៏នៅមានបញ្ហាប្រឈមដែលត្រូវដោះស្រាយដូច្នេះ សូមឲ្យថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រសួង-ស្ថាប័នញក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តបន្តទៀតនូវកាតព្វកិច្ចជាមូលដ្ឋានចំនួន ៩ ដូចខាងក្រោម ៖
ទី១-ត្រូវធ្វើទំនើបកម្មកសិកម្មដែលមានលក្ខណៈប្រកួតប្រជែងតាមរយៈការលើកកម្ពស់ការស្រាវជ្រាវដើម្បីអភិវឌ្ឍបច្ចេកវិទ្យានិងបច្ចេកទេសកសិកម្មទំនើបក្នុងទិសដៅបង្កើនបរិមាណគុណភាពនិងអាហារូបត្ថម្ភ ជំរុញការប្រើប្រាស់បច្ចេកវិទ្យាកសិកម្មថ្មីៗជាលក្ខណៈ ឌីជីថល ពង្រឹងការគ្រប់គ្រងដំណាំកសិកម្ម និងធាតុចូលកសិកម្មឲ្យបានល្អប្រសើរ។
ទី២-ត្រូវបន្តលើកកម្ពស់ការវិនិយោគក្នុងវិស័យកសិកម្ម តាមអភិក្រមភាពជាដៃគូរវាងរដ្ឋ និងឯកជនក្នុងការបង្កើតតំបន់កសិ-ឧស្សាហកម្មកែច្នៃសម្រាប់នាំចេញដែលនឹងឤចជួយ ដោះស្រាយ បញ្ហាទីផ្សារកសិករ និងការបើកច្រកពង្រីកយន្តការអនុវត្ត«ផលិត កម្មកសិកម្ម តាមកិច្ចសន្យា » ឲ្យកាន់តែទូលំទូលាយថែមទៀត។ ជាមួយនេះត្រូវជំរុញឲ្យមានការវិនិយោគ សាងសង់ផ្សារបោះដុំកសិផល និងផ្សព្វផ្សាយទីផ្សារ កសិផលជូនដល់ប្រជាកសិករ។
ទី៣-ត្រូវបន្តលើកកម្ពស់គុណភាពផលិតកម្មដំណាំ ការចិញ្ចឹម សត្វ វារីវប្បកម្ម និងសុវត្ថិភាពផលិតផលកសិកម្ម។ ត្រូវប្រើប្រាស់ យន្តការចរចាជាមួយបណ្តាប្រទេស ដែលទិញ ផលិតផលកសិកម្មពីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។ ត្រូវចូលរួមពង្រឹងសុវត្ថិភាពចំណី- ឤហារ ក្នុងទិសដៅធានា និងលើកកម្ពស់សុវត្ថិភាពចំពោះអ្នក ប្រើប្រាស់ឲ្យបានល្អប្រសើរ។
ទី៤-ត្រូវបន្តបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកវិទ្យាដំណាំ កៅស៊ូដល់កសិករដាំកៅស៊ូ ឲ្យបានច្រើនថែមទៀត ត្រូវបន្តពង្រីក សហគមន៍កៅស៊ូគ្រួសារ ដើម្បីការញរផលប្រយោជន៍ កសិករនៅ ពេលលក់ផលិតផលកៅស៊ូទាំងនោះ។ បន្តជំរុញការវិនិយោគលើការកែច្នៃផលិតផលកៅស៊ូដើម្បីបង្កើនតម្លៃបន្ថែម បង្កើតការងារ និងកាត់បន្ថយភាពក្រីក្រ។
ទី៥-ត្រូវបន្តជំរុញការចិញ្ចឹមសត្វរបស់កសិករឲ្យទៅជាការចិញ្ចឹមបែបពាណិជ្ជកម្មដើម្បីបង្កើនប្រាក់ចំណូលធ្វើការស្រាវជ្រាវ សុខភាពសត្វ និងផលិតកម្មសត្វ កែលម្អពូជសត្វឲ្យមាន ទិន្នផលខ្ពស់ គ្រប់គ្រងការធ្វើឤជីវកម្មសត្វរស់ ផលិតផលសត្វ ចំណីសត្វ បសុឱសថ ហាមមិនឲ្យមានការធ្វើអាជីវកម្មផ្តាច់មុខដែលប៉ះញល់ ដល់ថ្លៃទីផ្សារ។ ទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺប៉េស្តជ្រូកនៅ ទូទាំងប្រទេស និងអនាម័យសាច់។ ជំរុញការផលិតចំណីសត្វ ដោយប្រើប្រាស់វត្ថុធាតុដើមដែលមានស្រាប់នៅក្នុងស្រុកដើម្បីកាត់ បន្ថយការនាំចូលវត្ថុធាតុដើមពីបរទេស។
ទី៦-ត្រូវរួមគ្នាបង្ក្រាបបទល្មើសព្រៃឈើនិងជលផលតាមគ្រប់រូបភាព ។ បន្តជំរុញការបោះបង្គោលព្រំដែនព្រៃឈើ និងព្រៃលិចទឹកឲ្យបានឆាប់រហ័ស ដើម្បីទប់ស្កាត់ ការរំលោភបំពានដីព្រៃឈើ និងដីព្រៃលិចទឹក។ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាប បទល្មើសធនធានធម្មជាតិ ដឹកនាំដោយលោក សៅ សុខា សូមបន្តពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ជាពិសេសទប់ស្កាត់ និងលុបបំបាត់ការនាំចេញឈើ និងផលិតផល កែច្នៃឈើគ្រប់ប្រភេទ ទៅក្រៅប្រទេស តាមច្រកព្រំដែន និងច្រករបៀងដែលគ្មាន ការអនុញ្ញាត ឲ្យមានប្រសិទ្ធភាព និងតម្លាភាព។
ទី៧-ត្រូវបន្តពង្រឹងសមត្ថភាពសហគមន៍នេសាទឲ្យបានរឹងមាំគ្មានបទល្មើសជលផលទាំងទឹកសាប និងសមុទ្រ ។ ជំរុញការអភិវឌ្ឍ វារីវប្បកម្មគ្រប់ប្រភេទ រួមទាំងការចិញ្ចឹមត្រី តាមស្រែ ត្រូវធ្វើឱ្យកើន យ៉ាងតិច ២០% ក្នុងមួយឆ្នាំ ស្របតាមផែនការយុទ្ធសស្ត្រាជាតិ អភិវឌ្ឍវារីវប្បកម្ម ឆ្នាំ ២០១៦-២០៣០ ។ បន្តពង្រឹងការគ្រប់គ្រងការពារកន្លែងអភិរក្សជលផល ព្រៃលិចទឹក ព្រៃកោងកាង ដែលជាជម្រកដ៏សំខាន់របស់មច្ឆជាតិ។ ត្រូវរៀបចំលិខិតបទដ្ឋានគតិយុតិ្តនិងអនុវត្តអនុសញ្ញាអន្តរជាតិពាក់ព័ន្ធការនេសាទ ល្មើសច្បាប់តាមរយៈ យន្តការថ្នាក់ជាតិ និងអន្តរស្ថាប័ន ស្របតាមនីតិវិធីជាធរមាន។
ទី៨-ត្រូវបន្តរៀបចំធ្វើវិសោធនកម្មច្បាប់ស្តីពីព្រៃឈើនិងច្បាប់ស្តីពីជលផលតាមបរិការណ៍កែទម្រង់បច្ចុប្បន្នពង្រីកសហគមន៍ ព្រៃឈើតាមរយៈប្រព័ន្ធកសិ-រុក្ខកម្ម និងការចិញ្ចឹមសត្វ។ ជំរុញការដាំដុះព្រៃឈើឡើងវិញ នៅលើដីព្រៃរេចរិល ដីព្រៃរងការធ្វើ អាជីវកម្ម និងដីទំនេរ របស់រដ្ឋ ដោយសហការជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍ ព្រមទាំងបង្កើនការបណ្តុះកូនឈើ គ្រប់ប្រភេទនៅ តាមស្ថានីយសម្រាប់ចែកចាយជូនប្រជាជន។
ទី៩-ត្រូវរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយប្រទេសជិតខាង និងបណ្តា ប្រទេស ដៃគូអភិវឌ្ឍនានា ទាំងក្នុង ក្របខ័ណ្ឌទ្វេភាគី ពហុភាគី និងថ្នាក់តំបន់ និងអនុតំបន់ ដើម្បី កៀរគរជំនួយហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសថ្មីៗទៀតដើម្បីធ្វើទំនើបភាវូបនីយកម្ម កសិកម្ម កម្ពុជា ឲ្យរួមចំណែកកាន់តែច្រើនក្នុង សេដ្ឋកិច្ចជាតិ។
សម្តេចតេជោនាយករដ្ឋមន្ត្រីក្នុងនាមរាជរដ្ឋាភិបាលបានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានខិតខំបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវ និងសម្រេចបានសមិទ្ធផលជាច្រើនក្នុងវិស័យកសិកម្ម ក្នុងឆ្នាំ ២០១៨ កន្លងទៅនេះ។
តាមរបាយការណ៍លោក វេង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វិស័យកសិកម្មឆ្នាំ ២០១៨-២០១៩ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផលិតផលស្រូវសរុបសម្រេចបានក្នុងបរិមាណ ១០,៨៧ លានតោនកើនលើសឆ្នាំមុនប្រមាណ ៣,៣៧ភាគរយ និងអតិរេកស្រូវមានចំនួនជាង ៥,៨ លានតោន ឬ គិតជា អង្ករស្មើនឹងជាង ៣,៧ លានតោន ។ ដំណាំរួមផ្សំ និងដំណាំឧស្សាហកម្មផ្សេងៗទៀតសម្រេចបាន ១៦,៧ លានតោនកើនលើសឆ្នាំមុនប្រមាណ ២ភាគរយជាពិសេសផលិតកម្មកៅស៊ូមានកំណើនរហូតដល់ ១៤ភាគរយ, ផលិតកម្មសត្វ ៣,៤ភាគរយនិងវារីវប្បកម្មកើនប្រមាណ ២២,៤ភាគរយធៀបនឹងឆ្នាំមុន។ ទន្ទឹមនេះការប្រើប្រាស់គ្រឿងយន្តកសិកម្មក្នុងការភ្ជួររាស់សម្រាប់ស្រូវវស្សា មានការកើនឡើងប្រមាណជាង ៩៦ភាគរយដែលនេះជាជោគជ័យសម្រាប់វិស័យកសិកម្មកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការជំរុញកំណើនវិស័យកសិកម្មនៅតែជាគោលដៅចម្បងដើម្បីធានាសន្តិសុខស្បៀង អាហារូបត្ថម្ភនិងការនាំចេញ។ ដោយឡែកផលិតកម្មដំណាំកសិ-ឧស្សាហកម្មកម្ពុជាមានការកើនឡើងខ្ពស់ដោយផ្អែកលើការកើនឡើងនៃតម្រូវការទីផ្សារអន្តរជាតិព្រមទាំងការកើនឡើងនៃការវិនិយោគលើផ្នែកកសិ-ឧស្សាហកម្ម។
សម្តេចតេជោបានបន្តថា រាជរដ្ឋាភិបាលបានបន្តអនុវត្តផែនការរយៈពេលមធ្យមនិងវែង ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីអភិវឌ្ឍវិស័យកសិកម្ម ដោយមានការចូលរួមទាំងវិស័យសាធារណៈ វិស័យឯកជន និង ដៃគូអភិវឌ្ឍ ។ ម្យ៉ាងទៀតរាជរដ្ឋាភិបាលបានជួយដោះស្រាយបញ្ហាប្រឈមនានារបស់បងប្អូនកសិករតាមរយៈការវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់លើគម្រោងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចជនបទការលើកកម្ពស់ផលិតភាពកសិកម្ម ការធ្វើអន្តរាគមន៍ផ្ទាល់របស់រដ្ឋនៅពេលដែលថ្លៃស្រូវ-អង្ករ ប្រឈមនឹងការធ្លាក់ចុះនៅលើទីផ្សារអន្តរជាតិ ឬ ត្រូវទប់ថ្លៃកុំឲ្យធ្លាក់ចុះហួសពីថ្លៃទីផ្សារ ដើម្បីជួយបងប្អូនប្រជាកសិករឤចបន្តការដាំដុះដំណាំស្រូវបានជាធម្មតា៕
Source: Kampuchea Thmey Daily
0 Comments