ជនជាតិឃើដរបស់ប្រទេសស៊ីរី កាលពីថ្ងៃចន្ទ បានអំពាវនាវឲ្យបង្កើតតុលាការអន្ដរជាតិមួយនៅក្នុងប្រទេសនេះដើម្បីកាត់ទោសជនជីហាដនិយម នៃក្រុមរដ្ឋឥស្លាមបន្ទាប់ពីការប្រកាសអំពីការដួលរលំនៃ “រដ្ឋ Caliphate” របស់ពួកគេ។
ក្រុម IS បានដាក់ច្បាប់ឥស្លាមដ៏ឃោរឃៅទៅលើមនុស្សរាប់លាននាក់ដែលរស់នៅក្នុងរដ្ឋនេះដែលខ្លួនបានប្រកាសនៅទូទាំងប្រទេសស៊ីរីនិងប្រទេសជិតខាងអ៊ីរ៉ាក់ក្នុងឆ្នាំ២០១៤។ ពួកជ្រុលនិយមនេះបានរងការចោទប្រកាន់ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មជាច្រើនរួមមានការសម្លាប់រង្គាល ការចាប់ពង្រត់និងការចាប់រំលោភផងដែរ។
រដ្ឋបាលឃើដស៊ីរីបាននិយាយថា “យើងសូមអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យបង្កើតសាលាក្តីអន្តរជាតិពិសេសមួយនៅភាគឦសានប្រទេសស៊ីរីដើម្បីកាត់ទោសក្រុមភេរវករ”។
រដ្ឋបាលនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នេះថា “ការជំនុំជម្រះក្តីអាចត្រូវបានធ្វើឡើងដោយយុត្តិធម៌ហើយស្របតាមច្បាប់អន្តរជាតិនិងកតិកាសញ្ញានិងធម្មនុញ្ញសិទ្ធិមនុស្ស”។
កងកម្លាំងប្រជាធិបតេយ្យស៊ីរីដែលដឹកនាំដោយជនជាតិឃើដ (SDF) កាលពីថ្ងៃសៅរ៍ប្រកាសពីទីបញ្ចប់នៃ “រដ្ឋ Caliphate” បន្ទាប់ពីបានកម្ចាត់ពួកជីហាដនិយម IS នៅក្នុងភូមិ Baghouz ភាគខាងកើតជិតព្រំដែនអ៊ីរ៉ាក់។
កងកម្លាំងដឹកនាំដោយជនជាតិឃើដដែលគាំទ្រដោយក្រុមចម្រុះដឹកនាំដោយអាមេរិកបានឃុំឃាំងអ្នកប្រយុទ្ធ IS សង្ស័យរាប់ពាន់នាក់នៅក្នុងរយៈពេលជាងបួនឆ្នាំដោយរួមទាំងជនបរទេសប្រហែល១,០០០នាក់ផងដែរ។
ខណៈក្រុមអ្នកប្រយុទ្ធ IS ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារនោះ, ស្ត្រីនិងកុមារដែលគេសង្ស័យថាជាប់ពាក់ព័ន្ធនឹងក្រុមនេះត្រូវបានដាក់នៅក្នុងជំរំជនភៀសខ្លួនរបស់ជនជាតិឃើដ។
អ្នកនាំពាក្យរបស់ជនជាតិឃើដបាននិយាយថា ជនបរទេសជាង៩,០០០នាក់រួមទាំងកុមារជាង ៦,៥០០នាក់ផងដែរត្រូវបានឃុំឃាំងនៅក្នុងជំរុំ Al-Hol ដ៏ធំ។
រដ្ឋបាលឃើដបានអំពាវនាវម្តងហើយម្តងទៀតឲ្យមានការធ្វើមាតុភូមិនិវត្តន៍ជនសង្ស័យបរទេសហើយបានព្រមានថា ខ្លួនមិនមានសមត្ថភាពឃុំឃាំងមនុស្សច្រើនបែបនេះទេ។ ប៉ុន្តែប្រទេសកំណើតរបស់ជនសង្ស័យជាសមាជិកក្រុម IS មានការស្ទាក់ស្ទើរក្នុងការទទួលយកពួកគេត្រលប់មកវិញដោយសារតែហានិភ័យសន្តិសុខនិងប្រតិកម្មជាសាធារណៈ៕ AFP
Source: Kampuchea Thmey Daily
0 Comments