Ad Code

មុខសញ្ញា​ឆក់​កាបូប​ជនបរទេស យ៉ាងសកម្ម ត្រូវ​បាន​បង្ក្រាប​ភ្លាមៗ​



បាត់ដំបង ៖ មុខសញ្ញា​សង្ស័យ​ម្នាក់ ក្នុងចំណោម​បក្ខពួក​ចំនួន២នាក់ ត្រូវ​អស់លក្ខណ៍ ដោយសារ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង តាម​ប្រមាញ់​រហូត​ចាប់ខ្លួនបាន បន្ទាប់ពី​ជនសង្ស័យ​រូប​នេះ បានធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​ជនបរទេស នៅ​ចំ​កណ្តាល​ក្រុង​បាត់ដំបង​រួចមក។​

គួរ​បញ្ជាក់​ដែរ​ថា កន្លងមក​ សកម្មភាព​ចោរឆក់​កាបូប​ជនបរទេស គឺមាន​ការ​កើន​ឡើង ហើយក៏​មិន​សូវ​មាន​ការ​បង្ក្រាប​ដែរ កាលពី​អតីត​អធិការ​មុនៗ។​

ថ្មីៗ​នេះ​ បន្ទាប់ពី​មានការ​ផ្លាស់ប្ដូរ​អធិការ​រួចមក គឺ​ការ​បំបែកសំណុំរឿង​ចោរកម្ម​ ក៏ដូចជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ផងដែរ គឺ​ចាប់ខ្លួន​បានជា​បន្តបន្ទាប់។​

​ជាក់ស្ដែង នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល មាន​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់​ទោស​(​ឆក់​)​មួយ បាន​កើតឡើង​បង្ក​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​ បាន​ឆក់​កាបូប​ជនបរទេស ឈ្មោះ ​JULIA GREBENSTIN ភេទ​ស្រី អាយុ​30​ឆ្នាំ ជា​ជនជាតិ​អាល្លឺម៉ង់​។​

​លោក​វរសេនីយ៍ឯក ឆាង វណ្ណ​ឆៃ បាន​បញ្ជាក់​ថា ក្រោយពី​ទទួល​បណ្ដឹង​រួចមក សមត្ថកិច្ច ​នៃ​អធិការ​នគរបាល​ក្រុង​បាត់ដំបង បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ធ្វើការ​ស៊ើបអង្កេត ស្រាវជ្រាវ​លុះ ដល់​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១១​និង​២០​នាទី ថ្ងៃ​ត្រង់ កម្លាំង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ឈ្មោះ សេង វិចិត្រ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង មកកាន់​អធិការ​នគរបាល​ក្រុង​បាត់​ដំបង​ ដើម្បី​ធ្វើការ​សាកសួរ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន ​និង​បក្សពួក​ម្នាក់ទៀត​ ឈ្មោះ​ ហ៊​ន សុគ​ន្ធិ​ន ភេទ​ប្រុស អាយុ​៣៣ឆ្នាំ មាន​ទីលំនៅ​ភូមិ​អង់ សង្កាត់​អូ​ចារ ក្រង​បាត់ដំបង​(​រត់គេចខ្លួន​)​ ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​ជនបរទេស​ពិត​ប្រាកដ​មែន។​

លោក​អធិការ​បាន​បន្តថា នៅក្នុង​កិច្ចប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​រួមមាន ម៉ូតូ​ម៉ាក​ហុងដា​ធុន​សេ​125​ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​015​ ចំនួន​១​គ្រឿង ពាក់​ស្លាក បាត់ដំបង លេខ​1V-4842 រួម​នឹង​កាបូបស្ពាយ​របស់​ជនបរទេស ដែល​ក្នុងនោះ​មាន​កាមេរ៉ា វីសា និង​សម្ភារៈ​មួយ​ចំនួន ត្រូវ​ប្រមូល​បាន​មកវិញ​ទាំងអស់។​

បច្ចុប្បន្ន​ សមត្ថកិច្ច​ក្រុង​ កំពុង​កសាង​សំណុំរឿង​ ដើម្បី​បញ្ជូន​ទៅកាន់​ការិយាល័យ​ជំនាញ ​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត ក្នុងការ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ដែល​មួយរយៈ​នេះ​ការ​ខិតខំ​បំបែកសំណុំរឿង​របស់​លោក​អធិការ​ក្រុង ពិតជា​មានការ​កោតសរសើរ​ពី​សំណាក់​ប្រជាពលរដ្ឋ​មែន ពាក់ព័ន្ធ​នឹង​គោលនយោបាយ​ភូមិ/ឃុំ​មាន​សុវត្ថិភាព៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu