យោងតាមការស៊ើបអង្កេតរបស់ Al Jazeera បានឲ្យដឹងថា គណបក្សស្តាំនិយម One Nation របស់ប្រទេសអូស្ត្រាលី ត្រូវបានគេចោទប្រកាន់ពីបទស្វែងរកការបរិច្ចាគពីក្រុមបញ្ចុះបញ្ចូលអាវុធរបស់អាមេរិក National Rifle Association (NRA) មុនការបោះឆ្នោតទូទៅមួយ។
ខ្សែអាត់សំឡេងសម្ងាត់ដែលផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយមានមូលដ្ឋាននៅប្រទេសកាតាមួយនេះបានបង្ហាញថា សមាជិកនៃគណបក្សរបស់លោកស្រី Pauline Hanson មួយនេះបានស្វែងរកប្រាក់ពី១០ទៅ២០លានដុល្លារក្នុងការបរិច្ចាគពី NRA ដែលនេះជាទង្វើជាក់ស្តែងមួយនៃការព្យាយាមបន្ធូរបន្ថយច្បាប់កាំភ្លើងដ៏តឹងរ៉ឹងរបស់ប្រទេសអូស្ត្រាលី។
អ្នកស៊ើបអង្កេតម្នាក់របស់ Al Jazeera បានលើកឡើងថា មានអ្នកបញ្ចុះបញ្ចូលកាំភ្លើងម្នាក់បានជួយសម្រួលដល់កិច្ចប្រជុំរវាងប្រធានបុគ្គលិករបស់លោកស្រី Hanson ឈ្មោះ James Ashby ដែលជាមេដឹកនាំគណបក្សនៅក្នុងរដ្ឋ Queensland និង NRA នៅក្នុងទីក្រុង Washington ដែលកិច្ចប្រជុំនេះក្រោយមកត្រូវបានគេថតសំឡេងទុក។
លោក Ashby ត្រូវបានគេថតសំឡេងដោយនិយាយថា គាត់ចង់បានការគាំទ្រផ្នែកនយោបាយពីកម្មវិធីរបស់ NRA ដើម្បីជួយកំណត់គោលដៅអ្នកបោះឆ្នោតនិងជួយក្នុងការបរិច្ចាគ។
លោក Ashby បាននិយាយក្នុងកិច្ចប្រជុំមួយមុនពេលជួបជាមួយក្រុម NRA ថា “ប្រសិនបើ NRA ចង់ទទួលបានការគាំទ្រនៅក្នុងប្រទេសអូស្ត្រាលី វាគឺជាការចាប់ផ្តើមមួយ។ ខ្ញុំចង់ទទួលយកកម្មវិធីរបស់ពួកគេ។ ប្រសិនបើពួកគេអាចជួយយើងក្នុងការបរិច្ចាគនេះ វាជារឿងល្អបំផុត”។
លោក Ashby ត្រូវបានគេឮនិយាយថា ការបរិច្ចាគប្រាក់១០លានដុល្លារនឹងអនុញ្ញាតឲ្យគណបក្ស One Nation ឈ្នះអាសនៈចំនួនប្រាំបីនៅក្នុងព្រឹទ្ធសភាដោយផ្តល់អំណាចដល់បក្សឲ្យមានឥទ្ធិពលលើច្បាប់។
គណបក្ស One Nation មានអាសនៈចំនួនពីរនៅក្នុងព្រឹទ្ធសភាដែលជិតផុតអាណត្តិដែលមួយក្នុងចំណោមនោះគឺត្រូវបានកាន់កាប់ដោយស្ថាបនិកគណបក្សគឺលោកស្រី Pauline Hanson។
ក្រោយមកមន្ត្រីរបស់ NRA ឈ្មោះ Lars Dalseide បានផ្តល់ដំបូន្មានដល់ក្រុមនេះអំពីរបៀបឆ្លើយតបនឹងការបាញ់ប្រហារសម្លាប់រង្គាលតាមមធ្យោបាយមួយដែលអាចបញ្ចៀសការរឹតបន្តឹងកាំភ្លើងបាន។
របាយការណ៍របស់ Al Jazeera បានជំរុញឲ្យមានការអំពាវនាវសម្រាប់ការស៊ើបអង្កេតមួយចូលទៅក្នុងថាតើក្រុមមន្ត្រីគណបក្ស One Nation បានរំលោភលើច្បាប់ប្រឆាំងនឹងការជ្រៀតជ្រែកពីបរទេសនៅក្នុងការបោះឆ្នោតអូស្ត្រាលីដែរឬទេ៕ AFP
Source: Kampuchea Thmey Daily
0 Comments