ភ្នំពេញ ៖ ប្ដីប្រពន្ធមួយគូ ដែលគេដឹងថា រស់នៅជាមួយគ្នាជិត១០ឆ្នាំទៅហើយ ដោយមិនបានរៀបការ និងបានបង្កើតកូនជាចំណងដៃបានពីរនាក់ មកដល់ពេលនេះ ខាងស្រី បានសុំបែក ក្រោមហេតុផលថា បុរសជាប្ដីធ្វើបាបខ្លាំងពេក និងបំផ្លាញលុយកាក់របស់នាងអស់ម៉ឺនដុល្លារទៀតផង ទើបនាងសុំបែក តែក៏បែកខ្ទង់ច្រមុះខ្លួនឯងដែរ ដោយសារប្ដីទាត់១ជើង។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះ ឈ្មោះ ឈុន លីមុន្នីរដ្ឋា អាយុ៣០ឆ្នាំ មុខរបរលក់ស៊ុប រស់នៅបន្ទប់ជួលភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកបុរសជាប្តី ឈ្មោះ កែវ បូរ៉ាស៊ី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមសំដីនារីជនរងគ្រោះបានឲ្យដឹងថា ពួកគេ បានរួមរស់ជាមួយគ្នា មិនបានរៀបការទេ តែមួយរយៈចុងក្រោយនេះ ប្ដីហេងស៊យរបស់នាងបានឧស្សាហ៍ធ្វើបាបទាំងផ្លូវកាយ និងផ្លូវចិត្តរបស់នាងថែមទាំងធ្លាប់បំផ្លាញលុយកាក់អស់រាប់ម៉ឺនដុល្លារទៀតផង ទើបនាងស៊ូទ្រាំមិនបាន ក៏សុំបែកផ្លូវគ្នា។
គួរបញ្ជាក់ថា កាលបានគ្នា ក៏ស្រួល ដល់ពេលបែកគ្នាក៏ស្រួល មិនលំបាកដល់អ្នកណាឡើយ ទោះនាងទទួលបានកូនប្រុស២នាក់ ជាចំណងដៃទៅហើយក្ដី ក៏នាងមិនខ្វល់ដែរ សំខាន់នាងចង់បែក តែមិនស្មានថា លោកប្ដីរបស់នាងហាក់មិនចង់បែកគ្នាដោយងាយៗទេ ទើបខឹងនាងយ៉ាងខ្លាំង ហើយតាមមករករឿងឈ្លោះ និងបានទាត់នាង១ជើងស្ទើរបាក់ក្ដោងច្រមុះទៅវិញ។
ពាក់ព័ន្ធរឿងនេះមិនអាចសុំការបកស្រាយបំភ្លឺពីភាគីខាងប្ដីបានទេ ដោយសាររត់គេចខ្លួនបាត់ បន្ទាប់ពីទាត់នាងរួច៕
Source: Kampuchea Thmey Daily
0 Comments