បាត់ដំបង ៖ ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាចោរហារយ គឺឃើញអីលួចហ្នឹង ត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការនគរបាលក្រុងបាត់ដំបង សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល តាមចាប់ខ្លួនយកមកវិញ បន្ទាប់ពីជនសង្ស័យរូបនេះ លួចទៅបានប្រហែល២ម៉ោង។
គួរបញ្ជាក់ថា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៧និង២០នាទីព្រឹក មានករណីអំពើលួច(ទូរស័ព្ទ)មួយ បានកើតឡើងត្រង់ចំណុចក្រុមទី៧ ភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ដែល បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានលួចទូរស័ព្ទជនរងគ្រោះ ឈ្មោះ អ៊ី ចាន់ណារី ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិ/ឃុំ ខាងលើ។
ក្រោយពីទទួលបណ្តឹងរួចមក កម្លាំងទាំង២ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ តែក្នុងរយៈពេល ២ ម៉ោង ប៉ុណ្ណោះ គឺនៅវេលាម៉ោង៩និង១០នាទី នាថ្ងៃដដែល កម្លាំងបានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ឈ្មោះ ជា ចាន់ថុល ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង មកកាន់អធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ដើម្បីធ្វើការសាកសួរ។
ក្រោយពីធ្វើការសាកសួរ សាមីខ្លួនបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចទូរស័ព្ទពិតប្រាកដមែន ដោយសមត្ថកិច្ចបាន ដកហូតម៉ូតូម៉ាកហុងដាធុនសេ125 ពណ៌ខ្មៅ ស៊េរីឆ្នាំ2018 ចំនួន០១គ្រឿង ពាក់ស្លាក បាត់ដំបង លេខ1AD-8106។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ផ្នែកជំនាញ នៃអធិការដ្ឋានក្រុង កំពុងរៀបចំបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាន ខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments