Ad Code

ការ​ដាច់​ភ្លើង​ថ្មី​ បាន​ប៉ះពាល់​ដល់​តំបន់​ភាគច្រើន​នៃ​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​រួមទាំង​រដ្ឋធានី​ Caracas ផងដែរ



ការ​ដាច់​ភ្លើង​ថ្មី​មួយទៀត​ បាន​វាយប្រហារ​លើ​តំបន់​ជាច្រើន​ក្នុង​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​រួមទាំង​ភាគច្រើន​នៃ​ទីក្រុង Caracas ផងដែរ​ កាលពី​ថ្ងៃ​ចន្ទ​ ដែល​បញ្ហា​នេះ​ បាន​កើត​ឡើង​ពីរ​សប្តាហ៍​ បន្ទាប់ពី​មានការ​ដាច់​ភ្លើង​ទូទាំង​ប្រទេស​មួយ​ ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ​ត្រូវ​ជាប់គាំង។

ការ​ដាច់​ចរន្តអគ្គិសនី​ក្នុង​រដ្ឋធានី​បានកើត​ឡើង​នៅ​ម៉ោង​១​និង​២៨​នាទី​រសៀល​ហើយ​បាន​កាត់ផ្តាច់​អគ្គិសនី​នៅ​កណ្តាល​ទីក្រុង។

រដ្ឋាភិបាល​របស់លោក​ប្រធានាធិបតី Nicolas Maduro បាន​បន្ទោស​ការ​ដាច់​ចរន្តអគ្គិសនី​នេះ​ទៅលើ​ការវាយប្រហារ​មួយ​ដែល​សំដៅលើ​រោងចក្រ​វា​រី​អគ្គិសនី Guri ធំ​បំផុត​របស់​ប្រទេស​នេះ​ដែល​បាន​ផ្គត់ផ្គង់​ថាមពល​ដល់​ប្រជាជន​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ចំនួន​៨០​ភាគរយ។

រដ្ឋមន្ត្រីក្រសួង​ទូរគមនាគមន៍​លោក Jorge Rodriguez បាន​ប្រាប់​ទូរទស្សន៍​ជាតិ​ថា គណបក្សប្រឆាំង​គឺជា​អ្នកទទួលខុសត្រូវ​ដោយ​អះអាងថា ពួកគេ​ចង់​ធ្វើ​ឲ្យ​ប្រជាជន​ធ្លាក់ចូល​ក្នុង​ភាព​ខ្វាយខ្វល់​យ៉ាងខ្លាំង។

ទោះបីជា​យ៉ាងណាក៏ដោយ លោក Juan Guaido ដែលជា​មេដឹកនាំ​គណបក្សប្រឆាំង​ដែល​ត្រូវបាន​ទទួលស្គាល់​ជា​ប្រធានាធិបតី​បណ្ដោះអាសន្ន​របស់​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ដោយ​សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ជាច្រើន​គឺ​បាន​ឆ្លើយតប​តាម Twitter ថា រដ្ឋាភិបាល​របស់លោក Maduro បាន​ប្រើ​ពេលវេលា​ទាំងនេះ​ដើម្បី​បរិហារកេរ្តិ៍ ​និង​បង្កើត​ការ​ថប់​បារម្ភ។

លោក​បាន​និយាយថា រដ្ឋ​យ៉ាងតិច​១៧​ក្នុងចំណោម​រដ្ឋ​ទាំង​២៣​របស់​ប្រទេស​នេះ​ត្រូវបាន​រង​ផលប៉ះពាល់​ក៏ដូចជា​សង្កាត់​ជាច្រើន​នៅក្នុង​រដ្ឋធានី​ផង​ដែរ។

អ្នកប្រើប្រាស់ Twitter ដែលមាន​ការ​ថប់​បារម្ភ​បាន​និយាយ​ថា ទីក្រុង​ធំៗ​ជាច្រើន​នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​រួមមាន Barquisimeto, Maracaibo និង Barinas បាន​រង​ផលប៉ះពាល់។

មតិយោបល់​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ​បាន​លើកឡើង​ពី​ភាព​ចលាចល​ និង​ការ​ព្រួយបារម្ភ​ដែល​បាន​កើតឡើង​ចាប់តាំង​ពី​ការ​ដាច់​ភ្លើង​ចុងក្រោយ​ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី​៧​ ខែ​មីនា​ និង​អូសបន្លាយ​ពេល​មួយ​សប្ដាហ៍។
ក្នុងអំឡុងពេល​នៃ​ការ​ដាច់​ភ្លើង​នោះ អ្នកជំងឺ​ជាច្រើន​នាក់​នៅ​ក្នុង​មន្ទីរពេទ្យ​បាន​ស្លាប់ ការដឹកជញ្ជូន​សាធារណៈ​ត្រូវ​បាន​ផ្អាក ផលិតកម្ម​បាន​ថយ​ចុះ​នៅ​ក្នុង​វិស័យ​ប្រេង​ដ៏​សំខាន់​ហើយ​ការ​ផ្គត់ផ្គង់​ទឹក​ត្រូវ​បាន​រំខាន​ដោយ​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ងាក​ទៅ​រក​ប្រភព​ទឹក​លូ ​​និង​ប្រភព​ទឹក ​ដែល​រង​ការ​បំពុល៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu