Ad Code

ឃាត់ខ្លួន​អ្នក​បើក​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ម្នាក់ ពី​បទបៀតបៀន​កេរ្តិ៍​ភេទ​លើ​ក្មេង​ស្រី​



ភ្នំពេញ ៖ បុរស​ម្នាក់ ជា​អ្នក​រកស៊ី​រត់​ឈ្នួល​រ៉ឺម៉ក​ម៉ូតូ​កង់​បី​(​តុ​ក​តុ​ក​)​ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​តាម​បណ្ដឹង​ប្រជាជន​ម្នាក់​ ចោទ​ពីបទ​ ​​​បៀតបៀន​លើ​ប្រដាប់​ភេទ​របស់​កុមារី​ម្នាក់​ អាយុ​ទើបតែ​៧​ឆ្នាំ កាលពី​ល្ងាច​ថ្ងៃទី​២៥ ខែមីនា​ ឆ្នាំ​២០១៩ នៅ​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ​។​

​លោក ស្រុង ឡូញ អាយុ​៣៩​ឆ្នាំ មាន​មុខរបរ​រកស៊ី​រត់​ឈ្នួល​រ៉ឺម៉ក​ម៉ូតូ​កង់​បី ស្នាក់​នៅក្នុង​បុរី​៩៩៩ ដែល​មាន​ទីតាំង​នៅក្នុង​សង្កាត់​អូរ​បែកក្អម​ ជា​ជនជាប់ចោទ​ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ខាងលើ​។​

​ស្ត្រី​ឈ្មោះ ស ស្រ ញ៉ អាយុ​២៩​ឆ្នាំ ធ្វើការ​ជា​បុគ្គលិក​របស់​អង្គការ​ភាព​ញញឹម​ នៃ​កុមារ ស្នាក់នៅ​ផ្ទះ​ជួល​នៅ​ភូមិ​អ័​រ​គី​ដេ សង្កាត់​អូរ​បែកក្អម បាន​និយាយថា​ ៖ កូន​ស្រី​របស់គាត់​ម្នាក់​ ឈ្មោះ ចំរើន សុវណ្ណ​វ​ត្តី អាយុ​៧​ឆ្នាំ​ ​​ត្រូវ​បាន​បុរស​ ឈ្មោះ ស្រុង ឡូញ ល្បួង​នាំ​យក​ទៅ​​​បៀតបៀន​លើ​ប្រដាប់​ភេទ​ បង្ក​ឲ្យ​មាន​របួស​ស្នាម​។​

​ស្ត្រី​ខាងលើ​បាន​រាយការណ៍​បញ្ជាក់ប្រាប់​សមត្ថកិច្ច​ថា​ កន្លងមក​ គាត់​ និង​ បុរស​ ឈ្មោះ ស្រុង ឡូញ ធ្លាប់​ស្គាល់គ្នា​ ដោយសារតែ​គេ​បានមក​រត់​ឈ្នួល​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ឈប់​សំចត​នៅ​ម្តុំ​មុខ​ទីតាំង​កន្លែង​គាត់​ធ្វើការ អង្គការ​ភាព​ញញឹម ​នៃ​កុមារ​។ នៅ​ថ្ងៃមួយ ​គឺ​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០១៩ កូនស្រី​គាត់​ឈ្មោះ ​ចំរើន សុវណ្ណ​វ​ត្តី និង​ប្អូន​ប្រុស​របស់​គេ​ ឈ្មោះ ចំរើន មង្គល​ឧ​ត្ត​ម អាយុ​៤​ឆ្នាំ បាន​ចេញពី​សាលារៀន​របស់​អង្គការ​ភាព​ញញឹម​ នៃ​កុមារ នៅវេលា​ម៉ោង​៥​ល្ងាច នៅ​គ្រានោះ​ ឈ្មោះ ស្រុង ឡូញ​ បានមក​ឈប់​រ៉ឺម៉ក​ចាប់​ដឹក​ម៉ូយ ហើយ​បន្ទាប់មក​ ក៏បាន​ដឹក​ម៉ូយ​ភ្ញៀវ​ស្រី​២​នាក់​ចេញទៅ ដោយ​បាន​ដឹក​កូនៗ​ស្រី​/ប្រុស​របស់គាត់​ទាំង​២​នាក់​នោះ​ទៅ​ដែរ បន្ទាប់​មក​ ក៏​ដឹក​ត្រឡប់​វិញ​យកមក​ដាក់​នៅមុខ​អង្គការ​ដដែល​។​

​ស្ត្រី​ជា​ម្តាយ​បាន​បន្តថា លុះ​នៅវេលា​ម៉ោង​៩​យប់​ថ្ងៃ​ដដែល កូនស្រី​គាត់​ចេះតែ​និយាយ​ប្រាប់​គាត់​ឈឺ​ដោយ​ចង្អុល​ទៅកាន់​ប្រដាប់​ភេទ​នាង ប៉ុន្តែ​គាត់​ពុំបាន​ចាប់​អារម្មណ៍​។ ស្អែក​ឡើង ​ថ្ងៃ​ទី​២២ កូន​គាត់​បាន​រំលឹក​ប្រាប់​ថា ឈឺ​ប្រដាប់ភេទ​របស់​នាង​ទៀត ​ទើប​គាត់​ហៅ​មក​សួរនាំ និង​បញ្ជូន​ទៅ​ឲ្យ​អង្គការ​សួរនាំ​ត្រួតពិនិត្យ​បន្ថែម ​ក៏​ឃើញ​មាន​ស្នាមរបួស​ដាច់​រលាត់​ក្នុង​ប្រដាប់​ភេទ​។​ បន្ទាប់មក ​នៅ​ព្រឹក​ថ្ងៃ​
​ទី​២៥​មីនា ខាង​អង្គការ​ និង​ម្តាយ​ក្មេងស្រី​រងគ្រោះ​ ក៏បាន​បញ្ជូន​នាងរង​គ្រោះ​ទៅកាន់​មន្ទីរពេទ្យ​បង្អែក​ក្រុងភ្នំពេញ ត្រួតពិនិត្យ​ជា​ផ្លូវការ លទ្ធផល​បញ្ជាក់ថា​ ប្រាប់​ភេទ​របស់​ក្មេង​ស្រី ឈ្មោះ ចំរើន សុវណ្ណ​វ​ត្តី ពិតជា​មាន​ស្នាមរបួស​មែន​។​

ក្មេងស្រី​រងគ្រោះ​បាន​ប្រាប់​ម្តាយ​នាង​ថា គឺ ពូ​រត់​រ៉ឺម៉ក​ម៉ូតូ​កង់​បី នោះ​ជា​អ្នក​ចាប់​នាង​យក​ទៅ​ស្ទាបអង្អែល ​យកដៃ​លូក​រុល​ក្នុង​ប្រដាប់ភេទ​របស់​នាង ទើប​ធ្វើឲ្យ​នាង​របួស​ឈឺ​ដូច្នេះ ហើយ​គាត់​(​ជនសង្ស័យ​)​បាន​គំរាម​នាង​មិន​ឲ្យ​ប្រាប់​គេ​ទេ​។​

​ដោយមាន​ភស្តុតាង​គ្រប់គ្រាន់​បញ្ជាក់​ពី​មន្ទីរពេទ្យ​ដូច្នេះ នៅ​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៩ ម្តាយ​កុមារី​រងគ្រោះ​ ក៏បាន​មកប្តឹង​សមត្ថកិច្ច​ឲ្យ​ចាត់ការ​តាមច្បាប់​តែម្តង​។ នៅវេលា​ម៉ោង​៥​ល្ងាច ប៉ូលិស​ក៏បាន​តាម​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ ខណៈ​ដែល​គាត់​កំពុង​អង្គុយ​រង់ចាំ​ដឹក​ម៉ូយ​នៅ​ចំណុចកើតហេតុ​ដដែល​។​

​ចំណែក​ជនជាប់ចោទ​ ឈ្មោះ ​ស្រុង ឡូញ វិញ​បាន​បដិសេធ​ថា ​ខ្លួន​មិនបាន​ប៉ះពាល់​លើ​ប្រដាប់ភេទ​របស់​ក្មេងស្រី​នោះ​ដូច​ការ​ចោទប្រកាន់​នោះឡើយ ដោយ​គ្រាន់​ដឹក​ពួកគេ​តាម​រ៉ឺម៉ក រួច​យក​ត្រឡប់​មក​ដាក់​នៅមុខ​អង្គការ​នោះ​វិញ​។ ក្រោយមក​ ដោយសារ​ប៉ូលិស ​បាន​ប្រើ​ជំនាញ​សាកសួរ​ទើប​ជន​សង្ស័យ​សារភាព​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu