សៀមរាប ៖ សមត្ថកិច្ចបានឲ្យដឹងថា បុរសជាភ្ញៀវទេសចរជនជាតិចិនម្នាក់ បានស្លាប់ដោយសារគាំងបេះដូង(សំពាធឈាមឡើងគំហុក)។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង០៣និង៥០នាទីទៀបភ្លឺ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅចំណុចបន្ទប់លេខ ៤០១ ប៊ូទិក សូរិយាវ៉ារ៉ា ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក តូច សុគន្ធ នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា ជនបរទេសម្នាក់ បានស្លាប់នៅចំណុចបន្ទប់លេខ ៤០១ ប៊ូទិក សូរិយាវ៉ារ៉ា ស្ថិតនៅភូមិ គ្រួស សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
លោកបន្តថា ជនរងគ្រោះឈ្មោះ GAO YONGYAN ភេទ ប្រុស កើតថ្ងៃទី១២ ខែកញ្ញា ឆ្នាំ១៩៥១ ជនជាតិចិន ជាភ្ញៀវទេសចរ។ ចូលមកព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប តាមរយៈក្រុមហ៊ុនទេសចរណ៍ពិភពរស្មី ស្នាក់នៅប៊ូទិកកើតហេតុខាងលើ។
លោកបន្ថែមថា ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ និង លោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយគាំង បេះដូង(សំពាធឈាមឡើងគំហុក)។
បច្ចុប្បន្ន សាកសព ត្រូវបានបញ្ជូនទៅទុកបណ្ដោះអាសន្ននៅសាលតម្កល់សពស្ទឹងមានជ័យ រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចរបស់ក្រុមគ្រួសារ និងស្ថានទូត៕
Source: Kampuchea Thmey Daily
0 Comments