ឧត្តរមានជ័យ ៖ មានករណីឆក់ខ្សែភ្លើងបណ្តាលឲ្យស្លាប់ បានកើតឡើងត្រង់ចំណុច អូរតាយ៉ត ក្នុងចម្ការរបស់ ឈ្មោះ ហេង ភេទប្រុស កាលពីវេលាម៉ោង០៨និង៣០នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិត្រពាំងប្រាសាទ ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សៅ វិត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅ ភូមិទួលប្រសើរ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មូលហេតុ ជនរងគ្រោះបានទៅស៊ីឈ្នួលធ្វើសំណង់ឲ្យគេ (អ្នកជួលឈ្មោះ ហេង) បានយកដៃទៅចាប់កាន់ម៉ូទ័របូមទឹក ដោយពុំបានដកឌុយខ្សែភ្លើង ទើបបណ្តាលឲ្យឆក់ស្លាប់។
ក្រោយពីទទួលបានដំណឹង កម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍ ចុះធ្វើការពិនិត្យសាកសព និងកន្លែងកើតហេតុ ដើម្បីរកមូលហេតុ។
យោងតាមការពិនិត្យ និងការបំភ្លឺរបស់សាក្សីនៅកន្លែងកើតហេតុ ជនរងគ្រោះពិតជាស្លាប់ដោយសារខ្សែភ្លើងឆក់ពិតប្រាកដមែន។
បច្ចុប្បន្ន ក្រោយពីសមត្ថកិច្ចត្រួតពិនិត្យរួច ក៏បានប្រគល់សពជនរងគ្រោះខាងលើ ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments