Ad Code

អ្នក​លេង​ហ្វេ​ស​ប៊ុក​ម្នាក់​ ត្រូវ​​​នគរបាល​ឃាត់ខ្លួន​ ករណី​យក​រូប​ទង់ជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បង្ហោះ​ប្រមាថ​ជា​សាធារណៈ​



សៀមរាប ​៖​ លោក​ឧត្ដមសេនីយ៍​ត្រី ហួត សុធី ស្នងការ​រង​ទទួល​ផែន​ការងារ​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹង នៅ​ព្រឹក​ថ្ងៃទី​២៦​ ខែមីនា ​ឆ្នាំ​២០១៩​នេះ​ថា ជនសង្ស័យ ម្ចាស់ Account Facebook ឈ្មោះ «Ong sonAn» ដែល​យក​រូប​ទង់ជាតិ​កម្ពុជា សរសេរ ពាក្យ​ប្រមាថ ថា​ (​ឆ្កែ​) ហើយ​បង្ហោះ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ត្រូវបាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​បញ្ជូន​ទៅដល់ សាលាដំបូង​ខេត្តសៀមរាប ហើយ​។​

លោក​បន្តថា ជនសង្ស័យ​រូបនេះ​ត្រូវ​បាន​ហៅ​មក​សួរនាំ កាល​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៩​កន្លងទៅ បន្ទាប់ពី បុគ្គល​រូបនេះ បាន​សរសេរ​ពាក្យ​ប្រមាថ​នៅលើ​ទង់ជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​យកទៅ​បង្ហោះ​ជា​សាធារណៈ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នាំ​ឲ្យ​មានប្រតិកម្ម និង​រិះគន់​យ៉ាង​កក្រើក​ពី​សំណាក់​មហាជន និង​ប្រជាពលរដ្ឋ ទូទាំង​ប្រទេស​។​

បន្ទាប់ពី​មានប្រតិកម្ម ជនសង្ស័យ​រូបនេះ បាន​អះអាងថា Account Facebook របស់ខ្លួន ឈ្មោះ «Ong sonAn»​ ត្រូវបាន​គេ Hack តែ​អ្វីដែល​សមត្ថកិច្ច​យើង​រក​ឃើញ ​គឺ មិន​ដូច​ការលើកឡើង​របស់​ជន​សង្ស័យ​រូបនេះ​ឡើយ។​

យោង​តាម​ការស្រាវជ្រាវ និង ពាក្យបណ្ដឹង របស់​តំណាង​ដើមបណ្តឹង ជនសង្ស័យ និង​សំណុំរឿង ត្រូវ​បាន នគរបាល​ផែន​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ តាម​នីតិវិធី​ច្បាប់ នៅ​ព្រឹក​ថ្ងៃ​ទី​២៦​មីនា នេះ​។​

លោក​ឧត្ដមសេនីយ៍​ត្រី ហួត សុធី ស្នងការ​រង​ទទួល​ផែន​ការងារ​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​បាន​បញ្ជាក់​ថា រាល់​ការលេង​ហ្វេ​ស​ប៊ុក​របស់​បងប្អូន​ទាំងអស់​ ត្រូវ​លេង​ឲ្យ​ត្រូវ​នឹង​ច្បាប់​ និង​មាន​ក្រមសីលធម៌​ផង បើ​មិន​ដូច្នោះ​ទេ នឹង​ត្រូវ​ប្រឈម​នឹង​ផ្លូវច្បាប់​ជាក់​ជាមិនខាន​៕​




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu