Ad Code

កីឡាករ​ប្រេ​ស៊ី​ល​របស់​ក្រុម​ភ្នំពេញ​ក្រោ​ន បន្ត​លើកទឹកចិត្ត​មិត្ត​រួម​ក្រុម​ប្រកួត​នៅ​ចុង​សប្ដាហ៍​នេះ​មកដល់



ការ​ចាប់ផ្តើម​របស់​ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន នៅ​រដូវ​កាល​ថ្មី​នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2019) នេះ​ហាក់ដូចជា​មិនសូវ​កាក់កប​ជាមួយនឹង​លទ្ធផល​ប៉ុន្មាន​នោះទេ ដោយ​ឆ្លងកាត់​ការប្រកួត​ចំនួន​៤​លើ​ប្រកួត​ឈ្នះ​តែមួយ​លើក​ប៉ុណ្ណោះ ដោយ​ក្នុងនោះ​ចាញ់​រហូតដល់​៣​ប្រកួត​។



​ទន្ទឹម​នឹង​គ្នា​នេះ​ដែរ កីឡាករ Paulo Victor ដែល​ជា​ខ្សែប្រយុទ្ធ​ឆ្នើម​ប្រចាំ​ក្រុម​បាន​និយាយ​ថា​អ្វីៗ​វា​មិនទាន់​បាន​ដល់ទី​បញ្ចប់​នៅឡើយ​ទេ វា​គ្រាន់តែ​ជា​ការ​លំបាក​នៃ​ការ​ចាប់ផ្តើម​របស់​យើង។ ខ្សែប្រយុទ្ធ​រូបនេះ​បាន​និយាយ​ថា «វា​គ្រាន់តែ​ជាការ​ចាប់ផ្តើម​នៃ​ការប្រកួត​៤​លើក​ប៉ុណ្ណោះ ដូច្នេះ​វា​ហាក់បីដូចជា​លឿន​ពេក​ហើយ​ក្នុងការ​និយាយ​ថា ​ការប្រកួត​ក្នុង​រដូវ​កាល​នេះ​វា​ចប់​សព្វ​គ្រប់​នោះ សម្រាប់​ខ្ញុំ ខ្ញុំ​នៅតែ​ជឿ​ថា ពួក​យើង​អាច​ត្រលប់​មកកាន់​ភាព​ខ្លាំង​វិញ បើ​សង្កេត​ទៅ​មើល​លើ​គុណភាព​របស់​ពួកយើង​នោះ » ។

​កីឡាករ​វ័យ​២៤​ឆ្នាំ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា «យើង​កំពុង​ស្ថិត​ក្នុងស្ថានភាព​មួយ​ដែល​លំបាក ដូច្នេះ​យើង​ត្រូវតែ​ធ្វើការ​ឲ្យ​បាន​ច្រើន​ដើម្បី​យកជ័យ​ជម្នះ​លើ​ការប្រកួត​បន្ទាប់ យើង​ត្រូវតែ​លេង​ប្រកបដោយ​ភាព​ជឿជាក់ និង​ប្រមូល​អារម្មណ៍​ឡើងវិញ ដើម្បី​ប្រកួតប្រជែង​ក្នុង​ពានរង្វាន់​លី​គ។ នៅក្នុង​វិស័យ​បាល់ទាត់​យើង​ត្រូវតែ​រឹងមាំ​ដោយ​ខ្លួនឯង ហើយ​វា​ក៏​អាច​មាន​សម្ពាធ​ផង​ដែរ​មក​លើ​ខ្លួន​យើង ដូច្នេះ​យើង​ត្រូវតែ​ចេះ​លើកទឹកចិត្ត និង​ជំរុញ​ខ្លួនឯង​ជានិច្ច​ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​ក្រុម​ខ្លាំងៗ​នៅក្នុង​ប្រទេស ដើម្បី​ធ្វើការ​កែប្រែ​ស្ថានភាព »។



សម្រាប់​ការប្រកួត​ជាមួយ​ក្រុម​អាស៊ី​អឺរ៉ុប​នៅ​សប្តាហ៍​នេះ​កីឡាករ​ជនជាតិ​ប្រេ​ស៊ី​ល​បាន​បញ្ជាក់​ថា « ការប្រកួត​ជាមួយ​ក្រុម AEU គឺជា​ការប្រកួត​មួយ​ដែល​យើង​ត្រូវតែ​ឈ្នះ ដើម្បី​បង្ហាញ​ភាពជឿជាក់​របស់​យើង​ឡើងវិញ​ចំពោះមុខ​អ្នកគាំទ្រ​នៅក្នុង​ដី​របស់​យើង »។ សូម​បញ្ជាក់​ថា ​ក្រុម​ភ្នំពេញ​ក្រោ​ន​នឹង​បើកទ្វារ​កីឡដ្ឋាន Smart RSN ដើម្បី​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ​អាស៊ី​អឺរ៉ុប​នា​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃអាទិត្យ ទី២៨ ខែមេសានេះ ប្រចាំ​សប្ដាហ៍​ទី៥ នៃ​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu