Ad Code

អគ្គ​នគរបាលជាតិ​ថា ផ្អែក​តាម​មូលដ្ឋាន​ជាក់ស្តែង ពួក​ឧទ្ទាម​ក្រៅច្បាប់​នៅតែ​ព្យាយាម ប៉ុនប៉ង​ផ្ដួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ ផ្ទុយ​ពី​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ



*ការឃោសនាបោះឆ្នោត នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៩ មន្ត្រីជាន់ខ្ពស់ គ​.​ជ​.​ប អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ ចាត់វិធានការ​ម៉ឺងម៉ាត់ ច្បាស់លាស់ និង​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​ធានា​ឲ្យ​សកម្មភាព​ឃោសនា​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​

ភ្នំពេញ​ ៖ លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​បាន​អះអាង​ថា ថ្វីត្បិតតែ​ស្ថានភាព​សន្តិសុខ និង​សណ្តាប់ធ្នាប់​ទូទៅ​នៅ​កម្ពុជា មាន​លក្ខណៈ​ល្អប្រសើរ​ក៏ដោយ ប៉ុន្តែ​តាម​ព័ត៌មាន​ដែល​ទទួល​បាន និង​ផ្អែក​តាម​មូលដ្ឋាន​ជាក់ស្តែង​មួយចំនួន បាន​បង្ហាញថា ពួក​ឧទ្ទាម​ក្រៅច្បាប់​នៅតែ​ព្យាយាម​ប្រើប្រាស់​គ្រប់​ឧបាយកល ក្នុង​ការ​ព្យាយាម​ប៉ុនប៉ង​ផ្ដួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ ដណ្ដើម​អំណាច ផ្ទុយ​ពី​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ ដែល​មិនអាច​អត់​អោន​ឲ្យ​បានឡើយ​។



នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន មាន​ប្រសា​ស​ន៍​បែបនេះ ខណៈ​ចូលរួម​ជា​អធិបតី​នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្តី​ណែនាំ​រួម ស្ដីពី​សកម្មភាព និង​ការរៀបចំ​ភ្នាក់ងារ​សន្តិសុខ​បោះឆ្នោត ការពារ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ និង​ការពិនិត្យ​បញ្ជី​ឈ្មោះ ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៩ កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៩ នៅ​សាល​ប្រជុំ​ក្រសួងមហាផ្ទៃ​។ ដែល​កិច្ចប្រជុំ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) និង​មានការ​ចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន ដូចជា នគរបាល កងរាជអាវុធហត្ថ កងយោធពល​ខេមរភូមិន្ទ តំណាង​គណបក្ស​នយោបាយ សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន​យ៉ាងច្រើន​។

​លោក ទេព នីថា បាន​លើកឡើងថា គិត​ត្រឹម​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៩ ដំណើរ​ការ​រៀប​ចំការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ បាន​ឆ្លងកាត់​២​ដំណាក់កាល​រួច​មក​ហើយ ដែល​ក្នុង​នោះ​រួមមាន ការ​ចុះឈ្មោះ​អ្នកបោះឆ្នោត និង​ការចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត ដែល​បាន​ដំណើរការ​ទៅ​ដោយ​រលូន ពុំ​មាន​បញ្ហា​អសន្តិសុខ​អ្វី​កើតឡើង​នោះ​ឡើយ​។ លោក​បន្ត​ថា នៅពេល​ខាងមុខនេះ គឺជា​ដំណាក់កាល​ឃោសនាបោះឆ្នោត ដែល​មាន​រយៈពេល​៨​ថ្ងៃ ដែល​តម្រូវ​ឲ្យ​មានការ​គ្រប់គ្រង និង​សម្របសម្រួល​ឲ្យ​បានល្អ ដើម្បី​ឲ្យ​គណបក្ស​នយោបាយ និង​បេក្ខជន​ធ្វើការ​ផ្សព្វផ្សាយ​គោលនយោបាយ និង​កម្មវិធី​នយោបាយ​របស់ខ្លួន​ដល់​អ្នកបោះឆ្នោត​។



តាម​លោក ទេព នីថា ការឃោសនាបោះឆ្នោត និង​ត្រូវ​ចាប់​ដំណើរការ​ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៩ ហើយ​តាម​នីតិវិធី​ឃោសនាបោះឆ្នោត គ្រប់​សកម្មភាព​ឃោសនា​របស់​គណបក្ស​នយោបាយ​ត្រូវ​ចាប់ផ្ដើម​ពី​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​១០​យប់​។ សកម្មភាព​ឃោសនា​របស់​គណបក្ស​នយោបាយ​ត្រូវ​ឈប់សម្រាក​នៅ​ចន្លោះ​ពី​ម៉ោង​១០​យប់ ដល់​ម៉ោង​៦​ព្រឹក ហើយ​ចំពោះ​សកម្មភាព​ឃោសនា ដោយ​ឧបករណ៍​បំពង់​សំឡេង​ត្រូវ​ហាមឃាត់​ចាប់ពី​ម៉ោង ១២​ថ្ងៃត្រង់ ដល់​ម៉ោង​២​រសៀល ហាមឃាត់​នៅ​ក្បែរ​មន្ទីរពេទ្យ និង​សាលារៀន ឬ​គ្រឹះស្ថានសិក្សា​ក្នុង​ម៉ោង​សិស្ស​កំពុង​សិក្សា ហើយ​ការឃោសនាបោះឆ្នោត ត្រូវ​បញ្ចប់​២៤ ម៉ោង​មុន​ថ្ងៃ​បោះឆ្នោត​។

លោក ទេព នីថា បាន​អះអាង​ថា តាម​បទពិសោធន៍​កន្លងមក ក្នុងអំឡុងពេល​ឃោសនាបោះឆ្នោត មាន​រឿងរ៉ាវ​ជាច្រើន គួបផ្សំ នឹង​សភាពការណ៍ ដែល​កើតឡើង​ដូចជា​បាតុភាព​ផ្សេងៗ ក្នុងសង្គម ឃាតកម្ម អំពើ​ហិង្សា​ក្នុង​គ្រួសារ ទំនាស់​ដីធ្លី រួម​នឹង​ឧបទ្ទវហេតុ​ផ្សេងៗ​ទៀត ត្រូវបាន​គណបក្ស​នយោបាយ​មួយចំនួន​យក​ធ្វើជា​ប្រធានបទ​ឃោសនា ដើម្បី​ផលប្រយោជន៍​នយោបាយ នាំ​ឲ្យ​មាន​ទំនាស់ និង​ការ​ប្ដឹងផ្ដល់​គ្នា រំខាន​ដល់​ដំណើរការ​ឃោសនាបោះឆ្នោត ដែល​បញ្ហា​នេះ តម្រូវ​ឲ្យ​ចាត់វិធានការ​ម៉ឺងម៉ាត់​ច្បាស់លាស់ និង​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​ធានា​ឲ្យ​សកម្មភាព​ឃោសនា​ប្រព្រឹត្ត​ទៅដោយ​រលូន​។

ដោយឡែក​ទាក់ទង​ទៅ​នឹង​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៩ លោក ទេព នីថា បាន​លើក​ឡើង​ថា គ​.​ជ​.​ប បាននឹងកំពុង​រៀបចំ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៩ ដែល​បាន​ដំណើរ​ការ​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ ទីតាំង​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត និង​ការិយាល័យ​បោះឆ្នោត និង​បញ្ជី​បោះឆ្នោត​ចុងក្រោយ ដែល​ត្រូវ​ប្រើប្រាស់ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០១៩ ហើយ​នៅ​សល់​តែ​បួន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ក្រុម​ចុះឈ្មោះ​បោះឆ្នោត គ​.​ជ​.​ប និង​ចាប់ផ្ដើម​សកម្មភាព​ការងារ​របស់ខ្លួន​ដោយ​ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៩ នៅតាម​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត ដែលមាន​ទីតាំងនៅ​សាលាឃុំ សង្កាត់ និង​នៅតាម​ភូមិ​មួយចំនួន​ក្នុង​ឃុំ សង្កាត់​នីមួយៗ​។



ចំណែក​លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​មាន​ប្រសាសន៍​ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៩ ដែល​នឹង​ប្រព្រឹត្តទៅ​នៅពេល​ខាងមុខនេះ គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ដែល​មាន​សារៈសំខាន់ និង​មាន​សារប្រយោជន៍​សម្រាប់​ប្រទេស​កម្ពុជា ហើយ​ព្រឹត្តិការណ៍​នយោបាយ​នេះ ក៏​ជា​សក្ខីកម្ម​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​អភិវឌ្ឍ​ទៅមុខ​ប្រកបដោយ​ភាពរឹងមាំ និង​និរន្តរភាព នៃ​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស និង​ការ​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា​។ ហេតុនេះ​ការ​ការពារ​សន្តិសុខ​សុវត្ថិភាព នៅក្នុង​ព្រឹត្តិការណ៍​នេះ គឺជា​កត្តា​អាទិភាព ដែល​គណៈបញ្ជាការ​សន្តិ​សុខ​អចិន្ត្រៃយ៍​សម្រាប់​ការបោះឆ្នោត និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​រួម​គ្នា​រៀបចំឡើង​នូវ​សេចក្តី​ណែនាំ​មួយ ដើម្បី​ធ្វើ​ឲ្យ​បានសម្រេច​នូវ​គោលបំណង​សំខាន់ៗ ដែល​មាន​ដូចជា​ការ​ចាត់​វិធានការ ទប់ស្កាត់​ឧបាយកល​ផ្សេងៗ និង​ការប៉ុនប៉ង​បំផ្លិចបំផ្លាញ ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​ជ្រើសរើស​ស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ នៅពេល​ខាងមុខ តាម​គ្រប់​រូបភាព និង​ធានា​ឲ្យ​បាន នូវ​បរិយាកាស​អព្យាក្រឹត ដើម្បី​ការបោះឆ្នោត និង​ការ​ចុះឈ្មោះ​បោះឆ្នោត ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ប្រកបដោយ​សុវត្ថិភាព គ្មាន​ការ​គំរាមកំហែង គ្មាន​ការ​បំភិតបំភ័យ និង​អំពើហិង្សា។ ព្រមទាំង​ផ្ដល់​សេវា​សន្តិសុខ ស្មើភាព​គ្នា ចំពោះមុខ​ច្បាប់ ជូន​អ្នកបោះឆ្នោត ក៏ដូចជា​បេក្ខជន វាគ្មិន​គណបក្ស​នយោបាយ ដែល​ឈរឈ្មោះ​បោះឆ្នោត ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធិ​បោះឆ្នោត អញ្ជើញ​ទៅពិនិត្យ​បញ្ជី​ឈ្មោះ ក៏ដូចជា​ចុះឈ្មោះ​បោះឆ្នោត ទាំង​អ្នកសង្កេតការណ៍​ជាតិ អន្តរជាតិ ដែល​បាន​ចូលរួម​សង្កេតការណ៍​។

តាម​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន រហូតមកដល់​ពេលនេះ​រាជាណាចក្រ​កម្ពុជា នៅតែ​រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព ធានាបាន​នូវ​ស្ថិរភាព សន្តិសុខ ដោយ​បង្ការ ទប់ស្កាត់​បាន​នូវ​អំពើ​ភេរវកម្ម​។ ជាពិសេស​យើង​បាន​សហការ​រួមគ្នា បំពេញភារកិច្ច ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​កិច្ចការពារ​ថែរក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ក៏ដូចជា​បម្រើ​ឲ្យ​ព្រឹត្តិការណ៍​ជាតិ អន្តរជាតិ​ធំៗ ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​។



នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បញ្ជាក់​ទៀត​ថា ថ្វីត្បិតតែ​ស្ថានភាព​សន្តិសុខ និង​សណ្តាប់​ធ្នាប់​ទូទៅ មាន​លក្ខណៈ​ល្អ​ប្រសើរ​ក៏ដោយ ប៉ុន្តែ​យើង​មិនអាច​វាយតម្លៃ​ដោយ​អត្តនោម័តិ ចំពោះ​ស្ថានការណ៍​នយោបាយ​មួយ​ឡើយ​។ “​តាម​ព័ត៌មាន​ដែល​យើង​ទទួល​បាន និង​ផ្អែក​តាម​មូលដ្ឋាន​ជាក់ស្តែង​មួយចំនួន បាន​បង្ហាញ​ឲ្យ​ឃើញថា ពួក​ឧទ្ទាម​ក្រៅច្បាប់​នៅតែ​ព្យាយាម​ប្រើប្រាស់​គ្រប់​ឧបាយកល ក្នុង​ការ​ព្យាយាម​ប៉ុនប៉ង​ផ្ដួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ ដណ្ដើមយក​អំណាច ផ្ទុយ​ពី​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ​”​។

ទន្ទឹម​គ្នា​នេះ​ សកម្មភាព​បទល្មើស​ព្រហ្មទណ្ឌ​នៅតែ​កើតមាន​ជា​បន្តបន្ទាប់ ដូចជា​ករណី​លួច ឆក់ ប្លន់ អំពើ​ឃាតកម្ម អំពើ​ហិង្សា​ក្នុង​គ្រួសារ នៅក្នុង​សង្គម ព្រមទាំង​សកម្មភាព​អនាធិបតេយ្យ ឬ​បញ្ហា​ទំនាស់​ផ្សេងៗ​ជាដើម ដែល​សកម្មភាព​ទាំងនេះ ទោះបីជា​ស្ថិតនៅ​ក្នុង​ហេតុផល​ណាក៏ដោយ ក៏បាន​ជះឥទ្ធិពល​ដល់​បរិយាកាស​សន្តិសុខ​សណ្តាប់​ធ្នាប់​សង្គម​ផង និង​ធ្វើ​ឲ្យ​មាន​ភាព​អាប់អួរ ចំពោះ​ស្ថានភាព​សន្តិសុខ​នយោបាយ​ផងដែរ​។



ដោយ​ផ្អែក​ទៅ​លើ​ហេតុផល​ខាងលើនេះ នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បាន​អះអាង​ថា​ ទើប​គណៈបញ្ជាការ​សន្តិ​សុខ​អចិន្ត្រៃយ៍​សម្រាប់​ការបោះឆ្នោត និង​គ.ជ.ប​បាន​ឯកភាព ដាក់ចេញ​នូវ​ការណែនាំ ឲ្យ​អគ្គលេខាធិការដ្ឋាន​ធ្វើការ​ផ្សព្វផ្សាយ​ជាបន្ទាន់​នូវ​សេចក្តី​ណែនាំ​ស្ដីពី​សកម្មភាព និង​ការរៀបចំ​ភ្នាក់ងារ​សន្តិសុខ​បោះឆ្នោត​នេះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu