Ad Code

ចោរឆក់​ទូរស័ព្ទ​ដៃ​ពី​ជនបរទេស​មិនបាន​សម្រេច ត្រូវ​ប៉ូលិស​ចាប់ខ្លួនបាន​២​នាក់​សុ​ទ្ធ​តែ​ជន​ប្រើប្រាស់​ថ្នាំញៀន​



ភ្នំពេញ​ ៖ ក្រុម​ចោរឆក់​ទូរស័ព្ទ​គេ​នៅ​តាម​ផ្លូវ​សា​ធា​រណៈ​ចំនួន​២​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល បង្ក្រាប​បាន​ភ្លាមៗ​ខណៈ​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ពី​ស្ត្រី​អ្នកដំណើរ​ជនបរទេស​ម្នាក់​មិនបាន​សម្រេច កាលពី​ល្ងាច ថ្ងៃទី​២៥ ​ខែមេសា ឆ្នាំ​២០១៩ នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

អត្តសញ្ញាណ​ក្រុម​ជនសង្ស័យ​ជា​ចោរ ​ដែល​ត្រូវ​បាន​គេ​ឃាត់ខ្លួន​ខាងលើ ឈ្មោះ ធុន ថុល ហៅ​ផល អាយុ​៣០​ឆ្នាំ គ្មាន​មុខរបរ ស្នាក់នៅ​ផ្ទះ​ជួល​ម្តុំ​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ និង​ម្នាក់ទៀត ឈ្មោះ ជឹម សុខ ហៅ​រតនា អាយុ២៣​ឆ្នាំ គ្មាន​មុខរបរ មាន​ទីលំនៅ ភូមិ​សុ​ភី ឃុំ​សុ​ភី ស្រុក​បាទី ខេត្តតាកែវ​។ ប៉ូលិស​និយាយ​ថា មុន​ពេល​សមត្ថកិច្ច​បង្ក្រាប​ពួកគេ​(​ចាប់ខ្លួន​) សមត្ថកិច្ច​បានទទួល​ព័ត៌មាន​តាម​វិទ្យុទាក់ទង​មក​ថា មាន​ករណី​ចោរឆក់​ទូរស័ព្ទ​ដៃ​ពី​ស្ត្រី​ជនជាតិ​កូរ៉េ​ម្នាក់​តែ​មិនបាន​សម្រេច នៅមុខ​ផ្សារ​ទំនើប​មៃ​ក្រូ​ ផ្លូវ​លេខ​១០០៣ ភូមិ​បា​យ៉ាប​ សង្កាត់​ភ្នំពេញ​ថ្មី​។ ដោយ​សារបាន​ស្គាល់​ភិនភាគ​ម៉ូតូ​ម៉ាក​សង់​ពាក់​ស្លាក​លេខ ​កណ្តាល 1O-4063 សមត្ថកិច្ច​ផ្នែក​អន្តរាគមន៍​សហការ​ជាមួយ​នគរបាល​ប៉ុ​ស្តិ៍ តាម​បង្ក្រាប​ភិនភាគ​ជនសង្ស័យ​ជា​ចោរ​នោះ​បាន​ភ្លាមៗ ប៉ុន្តែ​ទៅតាម​រក​ជន​រង​គ្រោះ​វិញ​មិនឃើញ និង​ក៏​មិន​មក​ដាក់​ពាក្យបណ្តឹង​ដែរ​។

​ប៉ូលិស​បាន​បញ្ជាក់​ថា ទោះបី​យ៉ាង​ណា ជនសង្ស័យ​ទាំង​២​នាក់​បាន​សារភាព​ថា ​ពួកគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ពី​ស្ត្រី​ជនជាតិ​កូរ៉េ​ម្នាក់​នោះ​ពិតមែន​និង​មាន​សាក្សី​បានឃើញ​ផ្ទាល់​ភ្នែក​នៅ​កន្លែងកើតហេតុ​នោះ​។

​ទោសទណ្ឌ​របស់​ក្រុម​ចោរ​ទាំង​២​នាក់​នេះ​មិនមែន​ត្រឹមតែ​មានទោស​រឿង​ឆក់​ទូរ​ស័ព្ទ​គេ​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​មានប្រើ​ប្រាស់​(​សេព​ឬ​ជក់​) ថ្នាំញៀន​ខុសច្បាប់​ថែម​មួយ​ករណី​ទៀត ដែល​សមត្ថកិច្ច​បានរ​ក​ឃើញ​តាមរយៈ​ការត្រួតពិនិត្យ​នូវល្បាយ​ទឹកនោម​របស់​ពួកគេ​ដោយ​ឧបករណ៍​វិទ្យា​សាស្ត្រ​ម្យ៉ាង​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu