Ad Code

រដ្ឋមន្ត្រីក្រសួង​ធនធានទឹក អញ្ជើញ​ចុះ​ពិនិត្យ ការដ្ឋាន​ធារាសាស្ត្រ ចំនួន​ពីរ ស្ថិតនៅ​ខេត្តពោធិ៍សាត់ ដែល​កំពុង​ដំណើរ សាងសង់​យ៉ាងសកម្ម



​ភ្នំពេញ ​៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​រសៀល​ថ្ងៃទី​២៥​មេសា រួម​នឹង​ក្រុម​កា​ងារ ថ្នាក់ដឹកនាំ​ក្រសួង បាន​អញ្ជើញ ចុះ​ពិនិត្យ ប្រព័ន្ធ​ធារាសាស្ត្រ​ដំណាក់​អំពិល​ការដ្ឋាន​សាងសង់​ប្រព័ន្ធធារាសាស្ត្រ ដំណាក់​ឈើ​ក្រំ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែល​កំពុង​ដំណើរ​សាងសង់​យ៉ាងសកម្ម។



ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​បាន​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ប្រព័ន្ធ​ធារាសាស្ត្រ លំហាច នៅ​ខេត្តកំពង់ឆ្នាំង​រួចមក នា​ថ្ងៃ​ដដែល​នេះ (​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៩) លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ក្រុមការងារ​ជា​ថ្នាក់ដឹកនាំ​ក្រសួង អមដំណើរ​ដោយ​លោក​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តពោធិ៍សាត់ បាន​បន្តដំណើរ​ចុះទៅពិនិត្យ​៖១) ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​បើក​-​បិទទ្វារ​ទឹក ដំណាក់​អំពិល និង​ប្រឡាយ​ធ្វើ​អំពី​បេតុង​នៃ​ប្រព័ន្ធធារាសាស្ត្រ​ដំណាក់ អំពិល ស្ថិតក្នុង​សង្កាត់​លលក ស ក្រុង​ពោធិ៍សាត់​។ ២) ការដ្ឋាន​សាងសង់​ប្រព័ន្ធធារាសាស្ត្រ ដំណាក់​ឈើ​ក្រំ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។



សូមជម្រាបថា គម្រោង​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​បើក​-​បិទទ្វារ​ទឹក​ដំណាក់​អំពិល និង​ប្រឡាយ​ធ្វើ​អំពី​បេតុង​នៃ​ប្រព័ន្ធ​ធារាសាស្ត្រ​ដំណាក់​អំពិល ត្រូវបាន​អនុវត្ត​ក្រោម​ឥណទាន​សម្បទាន​របស់​ជប៉ុន ក្នុង​ទឹកប្រាក់​ចំនួន​ប្រមាណ ១,៥០ លាន​ដុល្លា​អាមេរិក សម្រាប់​រយៈពេល ០២ ឆ្នាំ (២០១៨-២០១៩) និង​បច្ចុប្បន្ន​ការងារ​សម្រេចបាន ៩០​ភាគរយ​។ ដោយឡែក ការងារ​សាងសង់​ប្រព័ន្ធ​ធារាសាស្ត្រ ដំណាក់​ឈើ​ក្រំ ក្រោម​ប្រាក់កម្ចី​និង​ជំនួយឥតសំណង ចំនួន ៤៧.៧​លាន​ដុល្លា​អាមេរិក របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ត្រូវ​អនុវត្ត​រយៈពេល ០៣​ឆ្នាំ (២០១៧-២០១៩) ហើយ​រហូតមកដល់​បច្ចុប្បន្ន​នេះ ការងារ​សម្រេចបាន​ប្រមាណ ៣០ ភាគរយ​។ គម្រោង​នេះ ពេល​សាងសង់​រួច មានលទ្ធភាព​ស្រោចស្រព​លើ​ផ្ទៃដី ចំនួន ១៦ ១០០​ហិកតា នៅ​រដូវវស្សា និង​ចំនួន​៥០០០ ហិកតា នៅ​រដូវប្រាំង​។



នៅពេល​ចុះ​ពិនិត្យ​ទីតាំង​គម្រោង​ខាងលើ លោក រដ្ឋមន្ត្រី បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង និង​លទ្ធផល​ដែល​ក្រុមការងារ​សម្រេចបានរ​ហូត​មកដល់ពេលនេះ ព្រមទាំង​បាន​ណែនាំ​លើ​លក្ខណៈ​បច្ចេកទេស​ដែល​ត្រូវ​យកចិត្តទុកដាក់​ដើម្បី​ពង្រឹង​លើ​គុណភាព​សំណង់​ដែល​កំពុង​សាងសង់ សម្រាប់​ការប្រើប្រាស់​ជា​ប្រយោជន៍​នាពេល​បច្ចុប្បន្ន និង​អនាគត​យូរអង្វែង​ទៅមុខ​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu