Ad Code

លោក សុះ ម៉ាច ទម្លាយ​សារ​ចេញពី​ចិត្ត​ដាស់តឿន​ស្មារតី​យុវជន​ខ្មែរ​ រឿង​អភិរក្ស​វប្បធម៌ ​និង​អរិយធម៌​



​ភ្នំពេញ ​៖​ តារាចម្រៀង​ជើងចាស់​មាន​ប្រជាប្រិយភាព​ និង​ជា​អតីត​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ចំនួន​២​អាណត្តិ ​លោក សុះ ម៉ាច ព្រោះតែ​សង្កេតឃើញ​អំឡុងពេល​មួយរយៈ​ចុងក្រោយ​នេះ​ មាន​យុវជន​ខ្មែរ​មួយចំនួន​ ហាក់​កាន់តែ​មិន​ឲ្យ​តម្លៃ​ និង​ចូលរួម​ក្នុងការ​អភិរក្ស​លើក​តម្កើង​លើ​វប្បធម៌​ និង​អរិយធម៌​ខ្លួន​នោះ ​លោក​ក៏បាន​ចេញ​សារ​បង្កប់​អត្ថន័យ​ដាស់តឿន​ស្មារតី​ដល់​ពួកគេ​។​

បើ​តាមរយៈ​ខ្លឹមសារ​នោះ​លោក សុះ ម៉ាច បាន​រៀបរាប់ថា​ជាតិ​សាសន៍​មួយ​ដែលមាន​វប្បធម៌​អរិយធម៌​ខ្ពង់ខ្ពស់​ឧត្តុង្គ​ឧត្ដម ដែល​លើ​សកលលោក​គេ​គោរព​សរសើរ​កោតស្ញប់ស្ញែង​នូវ​មរតក​ដែល​បុព្វបុរស​បាន​បង្កើត​ទាំង​ភាសា​អក្សរសាស្ត្រ​សិល្បៈ​កីឡា​ប្រាង្គ​ប្រាសាទ​សិលា​ភាព​ទន់ភ្លន់​ថ្លៃថ្នូរ​ម៉ឺងម៉ាត់ ​និង​ភាព​ក្លាហាន​ដ៏​អស្ចារ្យ​។​ កេរ្តិ៍​ដំណែល ​និង​ទំនៀម​ទម្លាប់​វប្បធម៌​ទាំងនេះ​ ត្រូវបាន​ខ្មែរ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​បន្ត​ថែរក្សា​។​

តារា​ចម្រៀង​ លោក សុំ ម៉ាច បាន​បន្ត​ថា ចុះ​ឥឡូវ​ហេតុអ្វី​មនុស្ស​សម័យនេះ​មិន​យក​គំរូ​ដ៏​ល្អ​នេះ​មក​ប្រើ ​និង​អនុវត្តន៍​ទៅ​? ​ខ្ញុំ​សូម​លើក​យក​តែ​ភាសា​ការ​និយាយ​ និង​ការ​សរសេរ​ការ​សម្តែង​ និង​ច្រៀង​ដែល​មនុស្ស​មួយចំនួន ​និង​ស្ទើរតែ​គ្រប់​ស្រទាប់​វណ្ណៈ​ ជាពិសេស​បុគ្គល​សាធារណៈ​បាននិងកំពុង​យក​មក​ប្រើ​ជា​លក្ខណ​:​សាធារណៈ​ហាក់​ប្រាសចាក​បាត់អស់​នូវ​សេចក្ដីថ្លៃថ្នូរ​។​ តើ​នេះ​ជា​គំរូ​ល្អ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ​ឬទេ​?​។​

លោក សុះ ម៉ាច បាន​បន្ថែមទៀតថា ​សូម​ចូលរួម​ពិចារណា​ទាំងអស់គ្នា​!​ និង​ក្រឡេកមើល​គេឯង​ជាតិ​សាសន៍​ដទៃ​ដែល​នៅក្បែរៗ​យើង​ផង​! សូម​អភ័យទោស​ផង​ដែល​សរសេរ​ទៅ​ប៉ះពាល់​លោក​អ្នក​!​ចូល​ចងចាំ​សុភាសិត​ខ្មែរ​យើង​ពី​បរម​បុរាណ​(​សម្ដី​សរជាតិ មារយាទ​ស​ពូជ​)!​។ ​ជាមួយគ្នា ​នៃ​ការ​បញ្ចេញ​សារ​ដាស់​តឿន​បង្កប់​ន័យ​លើ​ករណី​បំផុស​ឲ្យ​ចូលរួម​អភិរក្ស​លើ​ក​ត​ម្កើង​លើ​វប្បធម៌ ​និង​អរិយធម៌​ខ្មែរ​ខាងលើនេះ​ បានធ្វើ​មហាជន ​និង​អ្នក​សិល្បៈ​ជាច្រើន​បង្ហាញ​ការគាំទ្រ​គ្រប់គ្នា​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu