Ad Code

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​ សាទរ​ចំពោះ​សភាពាណិជ្ជកម្ម​ចិន​ក្នុង​ការ​ជំរុញ​ពាណិជ្ជកម្ម​និង​ធុរកិច្ច​ចិន​នៅ​កម្ពុជា



ភ្នំពេញ ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង ជាមួយ រដ្ឋសភា​-​ព្រឹទ្ធសភា​បាន​ថ្លែង​នូវ​ការ​អបអរសាទរ​ចំពោះ​សភាពាណិជ្ជកម្ម​ខេត្ត​ឡាវ​និ​ញ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ក្នុង​ការ​មក​វិនិយោគ​និង​ការតាំង​ពិព័រណ៍​ពាណិជ្ជកម្ម​នៅ​ប្រទេស​កម្ពុជា​ដែល​កំពុងតែ​មានការ​អភិវឌ្ឍ​ន៍​ពោរពេញ​ដោយ​សុខសន្តិភាព​។ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ថ្លែង​បែបនេះ ក្នុង​ឱកាស​សម្ពោធ​ពិព័រណ៍​ពាណិជ្ជកម្ម ខេត្ត​ឡាវ​និ​ញ​-​កម្ពុជា​នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៩។

ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ថ្លែង​នូវ​ការ​អបអរសាទរ កោតសរសើរ និង ចំពោះ​សភាពាណិជ្ជកម្ម​ខេត្ត​ឡាវ​និ​ញ នៅ​កម្ពុជា ដែល​បាន​រៀប​ចំ​តាំង​ពិព័រណ៍​ពាណិជ្ជកម្ម នៅ​ភ្នំពេញ។

ពិព័រណ៍​នេះ​ពិតជា​រួមចំណែក ជំរុញ​ពាណិជ្ជកម្ម និង​ធុរកិច្ច​ចិន នៅក្នុង​ព្រះរាជាណាចក្រ កម្ពុជា ឲ្យ​កាន់តែ​រីក​ធំធាត់​ថែមទៀត​។ ម្យ៉ាងទៀត ពិព័រណ៍​នេះ​នឹង ផ្សព្វផ្សាយ​ផលិតផល​ពី​ប្រទេស​ចិន ដើម្បី​រក​ទីផ្សារ​ជូន​អតិថិជន​ទាំង​កម្ពុជា និង​ចិន​ឲ្យ​កាន់តែ​ល្អ។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​ថ្លែង​ថា ក្នុង​រយៈ ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រទេស​កម្ពុ​ជា​មាន កំណើន​សេដ្ឋកិច្ច ជា​មធ្យម​ប្រមាណ​៧​ភាគរយ​ជាប់ៗ​គ្នា ដែល​នាំ​ឲ្យ​ចំណូល​របស់ ប្រជាជន​យើង​មាន​ការ​កើន​ឡើង និង​មាន​ជីវភាព​កាន់តែ​ធូរធារ​ផង​ដែរ។ ដោយឡែក​រាជធានី​ភ្នំពេញ កំពុងតែ​រីក​លូតលាស់ ក្លាយ​ទៅ​ជា​មជ្ឈមណ្ឌល ពាណិជ្ជកម្ម​មួយ​ដ៏​ទាក់ទាញ និង​រស់​រវើក​ដែល​មាន​សកម្មភាព អាជីវកម្ម មាន​ញឹក មាន​ហាង​លក់ទំនិញ និង​សំណង់ ធំៗ ជាពិសេស អគារ ខ្ពស់ៗ ជាច្រើន កំពុងតែ​សាងសង់ និង រីក​ដុះដាល​ដូច ផ្សិត​បម្រើ​ដល់​ការ​រកស៊ី ស្នាក់នៅ និង​ធ្វើ​ការងារ​ប្រកបដោយ​ផាសុកភាព។

កម្ពុជា​កំពុងតែ​ក្លាយជា គោលដៅ​ថ្មី​មួយ គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​ពី អ្នក​វិនិយោគ​ក្នុង​ស្រុក និង​បរទេស ដោយសារ​រាជរដ្ឋាភិបាល មាន​គោលនយោបាយ ចាត់ទុក​វិស័យ​ឯកជន ជា​ក្បាលម៉ាស៊ីន​រុញ​កំណើន សេដ្ឋកិច្ច និង​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ ដល់​អ្នក​វិនិយោគ​បរទេស ដោយ​គ្មាន​ប្រកាន់​ជាតិ​សាសន៍ និង​កត្តា អំណោយផល​ផ្សេងទៀត រួម​ទាំង​ការលូតលាស់ ផ្នែក​សេដ្ឋកិច្ច​យ៉ាង​លឿន ជាពិសេស​ខាង ពាណិជ្ជកម្ម​សំណង់​ទេសចរណ៍ ហិរញ្ញវត្ថុ ទីផ្សារ​ពលករ​មានតម្លៃ​ទាប និង​ច្បាប់ វិនិយោគ​ដែល អនុគ្រោះ​ដល់​ធុរកិច្ច​ជន។ ចំណង​សាមគ្គីភាព មិត្តភាព និង​សហប្រតិបត្តិការ​រវាង ចិន និង​កម្ពុជា កាន់តែ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ​។ ចិន ជា​ប្រទេស​ដែល​បាន​ផ្តល់​ជំនួយឥតសំណង និង​ផ្តល់​ឥណទាន អនុគ្រោះ ច្រើន​ជាង​គេ ដល់​កម្ពុជា ជា​ប្រភព​វិនិយោគទុន​ធំ​បំផុត និង ជាទី​ផ្សារ​ទេសចរណ៍​ធំ​បំផុត​របស់​កម្ពុជា។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បន្ថែម​ថា ស្រប​ពេល​ប្រទេស​ចិន​មាន​គំរោង​ដ៏​ធំ​មួយ​គឺ «​គំនិត ផ្តួច​ផ្តើម ខ្សែក្រវាត់ និង​ផ្លូវ​» ដែល​កំពុង​ដំណើរការ និង​បាន​ទាក់ទាញ ការ​ចូល​រួម​យ៉ាង​សកម្ម ពី​ប្រទេស​ជាច្រើន ក្នុង​តំបន់​និង​ក្រៅតំបន់ រួម​ទាំង​កម្ពុជា​ផងដែរ ការតាំង​ពិ​ព័រណ៍​នេះ​ពិតជា​ទទួល​បាន​ផលប្រយោជន៍ និង​ជោគជ័យ​ជាមិនខាន​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu