Ad Code

លោក​អភិបាលខណ្ឌ​ច្បារអំពៅ ផ្ដល់​អង្ករ​ និង​ថវិកា​ ដល់​កម្លាំង​ប្រជា​ការពារ​សាលា​ខណ្ឌ​ចំនួន​៥០​នាក់​



ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២៦​មេសា​នេះ​ លោក​ ចេង មុនី​រ៉ា អភិបាល ​នៃ​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​ដោយមាន​ការចូលរួម​ពី​ លោក លោកស្រី​អភិបាលរងខណ្ឌ លោកនាយក នាយករង​រដ្ឋបាល​សាលា​ខណ្ឌ ​បាន​នាំយក​អង្ករ​ និង​ថវិកា​ផ្តល់​ដល់​កម្លាំង​ប្រជា​ការពារ​សាលា​ខណ្ឌ​ចំនួន​៥០​នាក់​ ដើម្បី​ជាការ​លើកទឹកចិត្ត​ក្នុង​ការខិតខំ​ប្រឹងប្រែង​បំពេញការងារ​ជូន​សាលា​ខណ្ឌ​ និង​ប្រជាពលរដ្ឋ​។​

លោក ​ចេង មុនី​រ៉ា បាន​មានប្រសាសន៍ថា ថ្ងៃនេះ​ គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ ​បាន​នាំយក​អង្ករ​ និង​ថវិកា​ មក​ផ្តល់ជូន​បងប្អូន​ប្រជា​ការពារ​សាលា​ខណ្ឌ​សរុប​ចំនួន​៥០​នាក់​ ដោយ​ក្នុង​ម្នាក់ៗ​ទទួល​បាន​អង្ករ​១​បាវ​ ទម្ងន់​៥០​គីឡូក្រាម​ និង​ថវិកា​មួយ​ចំនួន​។ ​ចំពោះ​អង្ករ ​និង​ថវិកា​នេះ​ គឺ​សម្រាប់​ផ្តល់​ជូន​កម្លាំង​ប្រជា​ការពារ​យើង​យក​ទៅ​ឧបត្ថម្ភ​ដល់​គ្រួសារ​ដើម្បី​ដោះស្រាយ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​។​

លោក​អភិបាលខណ្ឌ​បាន​បន្តថា ​សព្វថ្ងៃនេះ ​កម្លាំង​ប្រជា​ការពារ​សាលាខណ្ឌ​ទាំង​៥០​នាក់​ បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​ជូន​សាលា​ខណ្ឌ​ ដោយ​មិន​ខ្លាច​នឿយហត់​ និង​មិន​ថា​យប់​ ឬ ថ្ងៃ​ឡើយ​។​

ក្នុងនោះ​ គឺ​ពេលព្រឹក​កម្លាំង​ប្រជា​ការពារ​យើង​បាន​ចុះ​សម្រួល​ចរាចរណ៍​ដងផ្លូវ ​ដោយ​សហការ​ជា​មួយ​សមត្ថកិច្ច​។​ បន្ទាប់មក​ គឺ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​តាម​ដងផ្លូវ​រហូតដល់​ពេលយប់​ គឺ​ចូលរួម​ល្បាត​ការពារ​សន្តិសុខ​ក្នុង​មូលដ្ឋាន​ ដែល​តាម​ពិនិត្យ​ទៅ ​គឺ​ពុំ​មាន​ពេលទំនេរ​ឡើយ​។​ ទន្ទឹម​នឹង​នោះ​ លោក​អភិបាលខណ្ឌ ​បានធ្វើការ​ផ្ដាំផ្ញើ​ដល់​កម្លាំង​ប្រជា​ការពារ​ទាំងអស់​នៅពេល​ចុះទៅ​បំពេញការងារ​ត្រូវ​គោរព​នូវ​ភារកិច្ច​ ដែល​គណៈ​អភិបាល​បញ្ជា​។​ មិន​ត្រូវធ្វើ​កិច្ចការ​អ្វី​តាម​ការ​នឹក​ឃើញ​របស់​ខ្លួន​នោះ​ទេ​ ព្រោះ​កម្លាំង​យើង​មាន​អ្នកដឹកនាំ​បញ្ជា​ត្រឹមត្រូវ​។​ ហើយ​នៅពេល​បំពេញការងារ​ ត្រូវមាន​កាយ​វិការ​ និង​សំដីសំដៅ​ទន់ភ្លន់​តែ​កុំ​ទន់ជ្រាយ​។ ​ពិសេស ​គឺ​ត្រូវគោរព​ និង​ស្រឡាញ់​ប្រជាពលរដ្ឋ​ដូចជា​បងប្អូន​បង្កើត​រ​បស់​យើង​អញ្ចឹង​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu