Ad Code

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​គាំទ្រ​នូវ​ការ​សម្ពោធ​ពហុព្យាបាល​និង​ សម្ភព​អរៀន​ដា ​ស្របតាម​ស្តង់ដារ​របស់​ក្រសួង​សុខាភិបាល



ភ្នំពេញ ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-ព្រឹទ្ធសភា និង​អធិការកិច្ច​បាន​ថ្លែង​នូវ​ការគាំទ្រ​និង​ជំរុញ​ឲ្យ​ដំណើរ​ទទួល​បាន​ជោគជ័យ​នៅ​កម្ពុជា​លើ​ការ​វិនិយោគ​ទន់​ផ្នែក​សុខាភិបាល​ដែល​ជា​ការ​សហការ​គ្នា​យ៉ាង​ល្អប្រសើរ​រវាង​ដៃគូ​កម្ពុជា​និង​សិង្ហបុរី​ ដែល​មាន​ជំនាញ​បច្ចេកទេស​ពិតប្រាកដ​។

លោកជំទាវ​ថ្លែង​គាំទ្រ​បែបនេះ​ខណៈ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព អ​រៀន​ដា​អគារ​លេខ ៩A ផ្លូវ​លេខ ៤៦៦ ស​.​ទន្លេបាសាក់ ខ​. ចំការមន​ភ្នំពេញ ថ្ងៃទី ២៦ ខែមេសា ឆ្នាំ​២០១៩​។



លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​សម្ដែង​នូវ​សេចក្តីសោមនស្ស​រីករាយ ដោយបាន​ចូលរួម​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ មន្ទីរ​មន្ទីរ​ពហុ​ព្យាបាល​និង សម្ភព អ​រៀន​ដា​។ នេះ​ក៏​ជា ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​រូប​ជំទាវ​ដែល​បាន​មកជួប សំណេះសំណាល​ដោយ​ផ្ទាល់​ជាមួយ​លោក លោកស្រី ក្មួយៗ ជា អ្នកជំនាញ ខាង​ផ្តល់​សេវា​ថែទាំ​សុខភាព​ទាំងអស់​ដែល​មាន​វត្តមាន​នៅទីនេះ​។

មន្ទីរពេទ្យ ដ៏​ទំនើប​នេះ​គឺជា​សមិទ្ធផល​ថ្មី​មួយទៀត ក្នុង​វិស័យ​សុខាភិបាល នៅ​រាជធានី​ភ្នំពេញ ដែល​ជា​បេះដូង និង​ដួង​វិញ្ញាណ​របស់​ប្រទេស​កម្ពុជា ដែល​កំពុង​មាន​សក្ដានុពល​ភាព យ៉ាង ល្អ​ប្រសើរ ផ្នែក​ពាណិជ្ជកម្ម សេវាកម្ម និង វិនិយោគ​។ នេះ​គឺ​ការ ឆ្លុះបញ្ចាំង​នូវ​ការ លូតលាស់ ទៅ មុខ ឥត​ឈប់ ឈរ នៃ​វិស័យ សុខាភិបាល ជាពិសេស ការចូលរួម​នៃ​វិស័យ​ឯកជន ដែល​បាន​សាងសង់ មន្ទីរពេទ្យ ដើម្បី​បំពេញបន្ថែម​លើ​ការផ្តល់សេវា​សុខភាព ដែល​កំពុងមាន​ស្រាប់​ទាំង​ផ្នែករដ្ឋ និង​ឯកជន រួម​ចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។



ការអភិវឌ្ឍន៍ របស់ វិស័យ​ឯកជន​បាន និង កំពុង ទទួល បានការ គាំ ទ្រ យ៉ាង ពេញ​ទំហឹង ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា តាមរយៈ​យុទ្ធសាស្ដ្រ ចតុ​កោណ ដំណាក់​កាលទី​៣ ដើម្បី​កំណើន ការងារ សមធម៌ និង ប្រសិទ្ធភាព ដែល​បាន កំណត់​យក ការអភិវឌ្ឍន៍​វិស័​យ ឯកជន​ក្នុង បេសកកម្ម អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​។ លើស​ពី​នេះ​ទៀត នេះ​ពិតជា គូសបញ្ជាក់ យ៉ាង​ច្បាស់​ពី​ការ​ទុកចិត្ត ពី​សំណាក់ អ្នក​វិនិយោគទុន ទាំង​ក្នុង​ប្រទេស និង ក្រៅប្រទេស​លើ ការ​អភិវឌ្ឍន៍ សេដ្ឋកិច្ច និង ស្ថិរភាព នយោបាយ​ដែល​បង្ក​ការ​ងាយស្រួល ដល់​ការ​បណ្តាក់ទុន និង ប្រកប​អាជីវកម្ម នៅ​កម្ពុជា។



ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា និង​លោកជំទាវ​ផ្ទាល់​សូម អបអរសាទរ និង​កោតសរសើរ​ដោយ​ស្មោះ ចំពោះ​ម្ចាស់​ភាគហ៊ុន​ទាំងអស់ នៃ​មន្ទីរពេទ្យ​នេះ ដែល​បាន​បោះទុន​វិនិយោគ​កសាង​អគារ​មន្ទីរពេទ្យ ដ៏​ទំនើប​មួយ ដើម្បី​ធ្វើ​សកម្មភាព ធុរកិច្ច ផ្ទាល់ខ្លួន​ផង និង​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍន៍ ប្រទេសជាតិ​ផង​ តាមរយៈ​ការ​ផុ្ដ​ល់​សេវា​សុខាភិបាល ប្រកបដោយ​គុណភាព។

លោកជំទាវ​សម្តែង​នូវ​ការ​អបអរសាទរ​ដល់​ការ​ចុះ​អនុស្សរណៈ​យោគយល់ រវាង​មន្ទីរ​ពហុ​ព្យាបាល​និង សម្ភព អ​រៀន​ដា និង​ស្ថាប័ន​សុខាភិបាល​ឯកជន សឹង្ហ​បុរី ខរ​នឺ​រ​ស្តូ​ន​អាស៊ាន​ហែល (Cornerstone Asia Health) ដែល​រួម គ្នា សហការ ផ្តល់​សេវា​សុខាភិបាល​នៅ​កម្ពុជា​។

កិច្ចសហប្រតិបត្តិការ​នេះ​នឹង​នាំ ឲ្យ​មន្ទីរពេទ្យ​ថ្មី​នេះ កាន់តែ​ទទួល​បាន​ជោគជ័យ​ទៅ​អនាគត។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​សង្កត់ធ្ងន់​ថា ចាប់តាំងពី​ថ្ងៃ​រំដោះ​៧​មករា ឆ្នាំ​១៩៧៩​ មកវិស័យ​សុខាភិបាល​នៅ​កម្ពុជា​មានការ​រីកចម្រើន​ជា​លំដាប់​ដោយ​ចំនួន​មន្ទីរពេទ្យ រដ្ឋ និង​ឯកជន​ដែល ត្រូវ​បាន​ស្តារ និង កសាង​ជាថ្មី និង បាន​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ​។ ប្រទេស​កម្ពុជា​យើង បាន សម្រេច​ដោយ​ជោគជ័យ​នូវ​គោលដៅ​អភិវឌ្ឍន៍ សហស្សវត្ស លើ​ការកាត់បន្ថយ​មរណភាព​មាតា ទារក និង​កុមារ និង​ការកែលម្អ​កង្វះ​អាហារូបត្ថម្ភ ក៏ដូចជា​ការ​កាត់ បន្ថយ​ការ​ចម្លង នៃ​មេរោគ​អេដស៍​។ ជាការ​ពិត កត្ដា​គន្លឹះ ដែល​បាន​ជំរុញ​ឲ្យ​យើង​សម្រេច​បាន​នូវ​លទ្ធផល ជា​វិជ្ជមាន​ក្នុង ការ​លើកស្ទួយ​ស្ថានភាព​សុខភាព របស់​ប្រជាពលរដ្ឋ​យើង​នោះ គឺ​ឆន្ទៈ​នយោបាយ ដ៏​រឹងមាំ និង​ការគាំទ្រ​ដ៏​ប្តូរ​ផា្ដ​ច់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា និង​ការជួយឧបត្ថម្ភ​គាំទ្រ​យ៉ាង​ពេញទំហឹង និង​ដោយ​ទឹកចិត្ត​ស្មោះសរ​បំផុត​ពី សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​សមាគមជាតិ​កាក បាទ​ក្រហម​កម្ពុជា​។

នៅ​នីតិកាល​ទី​៦ នៃ​រដ្ឋសភា រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដែល​រួមមាន​ការកែទម្រង់ ស៊ីជម្រៅ តាម​វិស័យ​នានា រួម​ទាំង​វិស័យ​សុខាភិបាល​ផងដែរ​។ កាលពី​ដើមឆ្នាំ​២០១៦ ក្រសួងសុខាភិបាល​បាន​ដាក់ចេញ​ផែនការ​យុទ្ធសាស្ត្រ​សុខាភិបាល ឆ្នាំ ២០១៦- ២០២០ ដែល ជា​ផែនទី​ចង្អុលបង្ហាញ ផ្លូវ ក្នុង​វិស័យ​សុខាភិបាល សំដៅ លើកកម្ពស់​សុខភាព និង​សុខុមាលភាព​ប្រជាពលរដ្ឋ​កម្ពុជា តាមរយៈ ការ​ពង្រឹង​ការផ្តល់សេវា​ថែទាំ​សុខភាព ពិសេស​ការធ្វើ​រោគវិនិច្ឆ័យ និង​ការផ្តល់សេវា​ព្យាបាល និង​ថែទាំ ប្រកបដោយ​គុណភាព មាន​សុវត្ថិភាព និង​ស័ក្តិសិទ្ធិភាព​។

ស្របពេល​ជាមួយគ្នា នេះ​ផងដែរ រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោលដៅ​ជា​យុទ្ធសាស្ត្រ​មួយចំនួនទៀត ដូចជា​ជំរុញ​ការអភិវឌ្ឍន៍​វិស័យ ឯកជន​ឲ្យ​កាន់​តែមាន​ភាពរស់រវើក និង​មាន​លក្ខណៈ​ប្រកួតប្រជែង​ខ្លាំង​ថែមទៀត ដើម្បី​រួមចំណែក​លើកស្ទួយ​កំណើនសេដ្ឋកិច្ច និង​ប្រែក្លាយ កម្ពុជា ទៅជា​គោលដៅ​សម្រាប់​ការវិនិយោគ​ប្រកប ដោយ ភាព​ទាក់ទាញ នៅក្នុង​តំបន់ ពិសេស​ក្នុងពេល​ដំណើរការ​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ដែល​បានចាត់ទុក វិស័យ​សុខាភិបាល​ជា​វិស័យ អាទិភាព​មួយ នៅក្នុង​ចំណោម​វិស័យ អាទិភាព នានា សម្រាប់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម ប្រកប ដោយ​ចីរភាព​។

ក្រសួងសុខាភិបាល បាន​លើក​ឡើង​ក្នុង​របាយការណ៍​សមិទ្ធ​ផល ឆ្នាំ ២០១៧ និង​ទិសដៅ​ឆ្នាំ២០១៨​ថា ការពង្រីក​ការ​គ្រប​ដណ្តប់​នៃ​សេវា​សុខភាព និង អន្តរាគមន៍​សុខភាព​សាធារណៈ បាន​ដើរ​ទន្ទឹមគ្នា​នឹង​ការ​កែលម្អ​គុណភាព​សេវា​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។ ដូច្នេះ មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព​នេះ នឹង​រួមចំណែក​លើកកម្ពស់​គុណ​ភាព​សេវា​ថែទាំ​សុខភាព​សម្រាប់​ប្រជាពលរដ្ឋ​យើង តាមរយៈ ការពិគ្រោះ ការស្រាវជ្រាវ ការវិភាគ និង​ការ​ព្យាបាល​ជំងឺ​ទៅតាម​ស្តង់ដារ​ជាតិ និង​អន្តរជាតិ ធានា​សុវត្ថិភាព សក្តិ​សិទ្ធ​ភាព និង​ភាព​ជឿ​ទុកចិត្ត​។ លោកជំទាវ​ជឿជាក់​ថា ការ​បើក​ឲ្យ​ដំណើរការ មន្ទីរពេទ្យ​នេះ គឺជា​ការ​ឆ្លើយតប​មួយ​ទៅនឹង​ស្ថានភាព​រីកចម្រើន​របស់​ប្រទេសជាតិ​យើង ក៏ដូចជា​ការ​សម្រប​ខ្លួន​ទៅនឹង​ចរន្ត​សមាហរណកម្ម​នៃ​សហគមន៍​អាស៊ាន​។ លើសពី​នេះ​ទៀត នេះ គឺជា​ការ​ចូលរួម​ចំណែក​ពង្រឹង សេវា ថែទាំ​សុខភាព ក្នុង​វិស័យ​ឯកជន ឲ្យ​មាន​លក្ខណៈ ប្រកួតប្រជែង​ទៅតាម ទីផ្សារសេរី ដើម្បី​បង្ក​លក្ខណៈ​ឲ្យ អ្នកប្រើប្រាស់​សេវា មាន ជម្រើស​ថែមទៀត ក្នុងការ​ស្វែងរក​ការព្យាបាល​ទៅតាម​តម្រូវការ និង​លទ្ធភាព ផ្ទាល់​របស់​ខ្លួន​ក្នុង​នោះ​រាប់ទាំង​អ្នកប្រើប្រាស់​សេវា​សុខ​ភាពជា​ជនបរទេស ដែល​កំពុង​រស់នៅ និង​បំពេញការងារ​ក្នុងប្រទេស ឬ​ជា​ភ្ញៀវ​ទេសចរណ៍ ដែល​មក ទស្សនា​ប្រទេស​កម្ពុជា​យើង​ផងដែរ។

ម្យ៉ាង​ទៀត​បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​យើង​មួយចំនួន ដែល​មាន​ជីវភាព​មធ្យម និង ធូរធារ តែងតែ ស្វែងរក​ការពិនិត្យ និង​ព្យាបាល​ជំងឺ នៅ​ក្រៅ​ប្រទេស ដូចជា នៅ​ប្រទេស​វៀតណាម ថៃ ម៉ាឡេស៊ី និង​សឹង្ហ​បុរី​ជាដើម ដោយ​ត្រូវ​ចំណាយ ពេលវេលា ប្រាក់កាស និង​មានការ​លំបាក​ក្នុងការ​ធ្វើ​ដំណើរ។ ដូច្នេះ​ពួកគាត់ អាច​នឹង​ងាក​មករក​ការប្រើប្រាស់​សេវា​ថែទាំ​សុខភាព និង​ព្យាបាល​ជំងឺ​នៅក្នុង​ស្រុក​វិញ នៅពេល​ដែល​មាន​ជម្រើស នៃ​ជំនាញ និង​សេវា​ឯកទេស​ក្នុងស្រុក​មាន​កាន់តែច្រើន ហើយ​គុណភាព​និង​ជំនឿ​ទុកចិត្ត កាន់តែ​ត្រូវ​បាន​លើកកម្ពស់ ស្របតាម​ស្តង់ដារ​សកល​។



ឆ្លៀត​ក្នុង​ឱកាស​នេះដែរ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា សូម​វាយតម្លៃ​ខ្ពស់ និង​សូម​កោតសរសើរ​ដោយ​ស្មោះ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អ្នកគ្រប់គ្រង និង​បុគ្គលិក​មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព​អូ​រៀន​ដា ដែល​បាន​រួមគ្នា​សម្រេច​បាន​នូវ​សមិទ្ធផល​គួរ​ជាទី​មោទនៈ​នេះ​។ ក្រៅ ពី​បាន​ចូលរួម​លើកកម្ពស់ គុណភាព​សេវា​ថែទាំ​សុខភាព មន្ទីរពេទ្យ ថ្មី​មួយ​នេះ ក៏បាន​ជួយ​បង្កើត​ឱកាស​ការងារ​មួយចំនួន ដល់​យុវជន​ជំនាន់​ក្រោយ​របស់​យើង ដែល​បាន​បញ្ចប់​ការសិក្សា​ពី សាលា​ជំនាញ និង​សាលា ឯកទេស​នានា បាន​ចូល​បម្រើ​ការងារ ពង្រីក​ការ​យល់​ដឹង និង​ផ្លាស់​ប្តូរ​បទពិសោធន៍​ជាមួយ​គ្រូពេទ្យ​រៀម ច្បង និង​គ្រូពេទ្យ​បរទេស​ខ្លះ ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង នៅ​ក្នុង​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ ហើយ​ប្រើប្រាស់​នូវ​ចំណេះដឹង​ថ្មីៗ របស់​ខ្លួន រួមចំណែក​ពង្រឹង និង​អភិវឌ្ឍន៍​វិស័យ​សុខាភិបាល​របស់​ជាតិ​យើង ឆ្ពោះទៅ​រក​អនាគត​ត្រចះត្រចង់ ឆ្លើយតប​ទៅនឹង​សេចក្តី​ត្រូវការ​របស់​សាធារណជន​ទូទៅ ក៏ដូចជា​បាន​ចូលរួម អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ផង​ដែរ។

ឆ្លៀត​ក្នុង​ឱកាស​ដ៏​ឱឡារិក​នេះ លោកជំទាវ​សូម​ផ្ដាំផ្ញើ​ដល់​វិស័យ​ឯក​ជន បម្រើ​សេវា សុខាភិបាល ជាពិសេស​មន្ទីរពេទ្យ​ឯកជន ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ ផ្ដល់​សេវា​លើ​ការសង្គ្រោះ​ពិនិត្យ​ជំងឺ​ជូន​ប្រជាជន សូម​ប្រកាន់​ភ្ជាប់ នូវ​ក្រម​សីលធម៌ វិជ្ជាជីវៈ និង​តម្កល់​នូវ​ទឹក​ចិ​ត្ដ អាណិត​ស្រលាញ់​អ្នក​ជំងឺ ដែល​ជា​អតិថិជន មក ទទួល និង ប្រើប្រាស់​សេវា​នៅ​មន្ទីរពេទ្យ និង​គ្លីនិក​នានា​។

សូម​បុគ្គលិក​ពេទ្យ​ប្រើ​ប្រាស់​កាយវិការ​ទន់ភ្លន់ សម្តី​ផ្អែមល្ហែម ចេះ​គួរសម សុភាពរាបសារ ដាក់​អ្នក​ជំងឺ ដូច​ដែល​ទំនៀម​ទម្លាប់​ដូនតា​យើង​បាន​ប្រៀនប្រដៅ​។ តាមពិត ការ​ធ្វើ អា​ជីវកម្ម​គ្រប់​ប្រភេទ គឺ​ដើម្បី​ប្រាក់​ចំណេញ ប៉ុន្ដែ​ដោយឡែក ចំពោះ​អាជីវកម្ម លើ​វិស័យ​សុខាភិបាល គឺ​ត្រូវ​មាន​តុល្យភាព រវាង​ប្រាក់ចំណេញ និង ការសង្គ្រោះ​ជីវិត​មនុស្ស ដែល​ទាមទារ ជំនាញ​វិជ្ជាជីវៈ បទពិសោធន៍ និង​ក្រមសីលធម៌​។ ប្រសិទ្ធភាព​នៃ​ការ​ព្យាបាល​ក៏​អាច​បានមកពី​អាកប្ប​កិរិយា ទន់ភ្លន់ ទឹក​ចិ​ត្ដ អាណិតអាសូរ ការ​ផ្តល់​កម្លាំងចិត្ត និង​ការ​លើកទឹកចិត្ត​ដល់​អ្នក​ជំងឺ និង​ភាព​កក់ក្តៅ​ដែល​គ្រូពេទ្យ​ផ្តល់​ជូន​អ្នក​ជំងឺ​ផង​ដែរ​។ ម្យ៉ាងទៀត​សូម​ស្នើ​មន្ទីរពេទ្យ​ទាំងអស់​ ត្រូវ​ថែរក្សា​អនាម័យ ភាព​ស្អាតស្អំ គ្មាន​ធូលី និង​មេរោគ ជាពិសេស ត្រូវ​សំអាត សម្ភារៈ​បរិក្ខារ​ពេទ្យ កម្រាល​ឥដ្ឋ បន្ទប់​អ្នក​ជំងឺ និង​ទីធ្លា​ពេទ្យ​ទាំងមូល ជាប្រចាំ។



​ដូច្នេះ លោកជំទាវ​សូម​លើកទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ ក្រុម​គ្រូពេទ្យ និង​បុគ្គលិក​នៅទីនេះ សូម​ប្រកាន់យក​គោលការណ៍​សម្រាប់​ការ​ធ្វើ​ធុរកិច្ច គឺ​៖ សេវា​ល្អ គុណភាព​ល្អ អនាម័យ តម្លៃ​សមរម្យ និង​ក្រមសីលធម៌​វិជ្ជាជីវៈ ដើម្បី​ធានាបាន​ឧត្តមភាព​ប្រកួតប្រជែង​។

ដោយមាន​កិច្ចសហការ​ពី​ភាគី សឹង្ហ​បុរី ខរ​នឺ​រ​ស្តូ​ន​អាស៊ាន​ហែល (Cornerstone Asia Health) ផង លោកជំទាវ​ផ្ទាល់​ជឿ​ជាក់​ថា មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព អូ​រៀន​ដា នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​អតិថិជន​គ្រប់​មជ្ឈដ្ឋាន ពង្រីក​បាន​វិសាលភាព​កាន់តែ​ធំធេង​។

មុននឹង​បញ្ចប់ លោកជំទាវ​សូម​ជូនពរ​ឲ្យ​ដំណើរការ​នៃ​ការពិនិត្យ ថែទាំ និង ព្យាបាល​ជំងឺ របស់​មន្ទីរ​ពហុ​ព្យាបាល​អ​រៀន​ដា​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន និង​ទទួលបាន​ជោគជ័យ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu