ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានចាប់ខ្លួនស្រីម្នាក់ តាមបណ្តឹងចោទរបស់ស្ត្រីជនរងគ្រោះម្នាក់ ពីបទសង្ស័យថា បានលួចយកគ្រឿងអលង្ការ និងទូរស័ព្ទ កាលពីពេលកន្លងមក ដែលការឃាត់ខ្លួននេះ ធ្វើឡើងកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។
ឈ្មោះ សួង លីលី ភេទស្រី អាយុ២២ឆ្នាំ មុខរបរបម្រើការនៅហាងខារ៉ាអូខេមួយ ស្នាក់នៅផ្ទះជួលម្តុំផ្លូវវេងស្រេង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ជាជនដែលត្រូវបានគេចោទប្រកាន់ និងឃាត់ខ្លួនក្នុងអំពើចោរកម្មខាងលើ។
ប៉ូលិសនិយាយថា ជនសង្ស័យម្នាក់នេះ ត្រូវបានចាប់ និងចោទប្រកាន់ ដោយជនរងគ្រោះម្នាក់ឈ្មោះ អុន មករា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកបម្រើនៅក្រុមហ៊ុនដឹកជញ្ជូន មានទីលំនៅម្តុំបុរីសូនី ក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនរងគ្រោះ ជាដើមបណ្តឹងបានបញ្ជាក់ថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ គាត់បានយកគ្រឿងអលង្ការ មានចិញ្ចៀនពេជ្រ១វង់ និងនាឡិកាដាំត្បូងពេជ្រ ព្រមទាំងទូរស័ព្ទចំនួន៣គ្រឿង យកទៅដាក់នៅលើឧបករណ៍សម្រាប់អ៊ុតខោអាវ នៅជាន់ទី២ រួចក៏ដេកលង់លក់ទៅ។ នៅពេលព្រឹកស្អែកឡើង វេលាម៉ោង៧ព្រឹក ពេលទៅធ្វើការ ទើបដឹងថាបាត់ទ្រព្យសម្បត្តិទាំងអស់នោះ។
ជនរងគ្រោះបន្តថា ក្រោយមកនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នៅម៉ោង៦ល្ងាច បានប្រទះឃើញជនសង្ស័យ ឈ្មោះ សួង លីលី យកនាឡិកាម៉ាកហំម៉េស ទៅដាក់បញ្ចាំនៅហាង រីករាយ មានទីតាំងនៅសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ នៅគ្រានោះគាត់បានស្គាល់នាឡិការបស់គាត់ច្បាស់ ទើបឃាត់ខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចឃាត់ខ្លួនតាមច្បាប់ និងបានដាក់ពាក្យបណ្ដឹងប្រកាន់តែម្តង។
ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ សួង លីលី មានផ្ទុកនូវសារធាតុញៀនក្នុងខ្លួនផងដែរ បញ្ជាក់ថានាងបានប្រើប្រាស់នូវគ្រឿងញៀនខុសច្បាប់ ហើយពាក់ព័ន្ធការចោទប្រកាន់នេះ ភាគីជនសង្ស័យក៏បានសារភាពថាពិតជាបានលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះពិតមែន៕
Source: Kampuchea Thmey Daily
0 Comments