កោះកុង ៖ តុលាការខេត្តកោះកុង បានចេញដីកាកោះហៅបុរសជនជាតិអេស្ប៉ាញម្នាក់ ឲ្យចូលមកឆ្លើយបំភ្លឺក្នុងសវនាការនាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ខាងមុខនេះ ក្នុងនាមជាជនជាប់ចោទ។
យោងតាមឯកសាររបស់តុលាការខេត្តកោះកុង លោក អ៊ីវ ត្រាយ ជាតំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង បានអញ្ជើញឈ្មោះ ALEXJANDRO GONZALEZ DAVIDSON ហៅអាឡិច ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិអាស្បាញ មានអាសយដ្ឋានផ្ទះលេខ ០៧ ផ្លូវ អូសៀលម៉ាច ភូមិម៉ាលហ្វ្រាតជីម៉ា០៨៣៨០ បាសេឡូណា ប្រទេសអេស្ប៉ាញ ឲ្យចូលមកសាលាដំបូងខេត្តកោះកុង នៅថ្ងៃទី៤០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៨និង៣០នាទី ជាកំហិត ដើម្បីបំភ្លឺនាពេលសវនាការអំពីរឿងឈ្មោះ ALEXJANDRO GONZALEZ DAVIDSON ជាប់ចោទពីបទសមគំនិត ក្នុងអំពើគំរាមកំហែងថា នឹងធ្វើឲ្យខូចខាត ដែលភ្ជាប់នូវបញ្ហាអ្វីមួយ ប្រព្រឹត្តនៅចំណុចព្រែកអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង កាលពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ និងថ្ងៃទី១២ខែសីហា ឆ្នាំ២០១៥ បទល្មើសដែលមានចែងមានបញ្ញត្តិឲ្យផ្ដន្ទាទោសតាមមាត្រា២៩ មាត្រា៤២៤ នៃក្រមព្រហ្មទណ្ឌ។
សាមីខ្លួនត្រូវទៅឲ្យទាន់ពេលវេលា និងយកឯកសារដែលមានទាក់ទងនឹងរឿងក្ដីខាងលើ ប្រសិនបើមាន។
សវនាការនេះដឹកនាំដោយ លោក កែវ សុខា ជាចៅក្រមជំនុំជម្រះតុលាការខេត្តកោះកុង និងលោកអ៊ីវ ត្រាយ ជាតំណាងអយ្យការ។
គួររម្លឹកថា លោកអាឡិច ត្រូវបានរដ្ឋាភិបាលកម្ពុជា បានដាក់ចូលក្នុងបញ្ជីខ្មៅ ដោយហាមមិនឲ្យលោកចូលមកកាន់ទឹកដីកម្ពុជានោះទេ បន្ទាប់ពីលោកបានបង្កបញ្ហានៅក្នុងខេត្តកោះកុង។
យើងរង់ចាំមើល ថាតើរដ្ឋាភិបាល នឹងផ្តល់សិទ្ធិឲ្យលោកមកឆ្លើយបំភ្លឺនៅចំពោះមុខតុលាការដែរឬទេ ក្នុងរឿងក្ដីនេះ៕
Source: Kampuchea Thmey Daily
0 Comments