ការស្ទង់មតិចំនួនពីរ បានបង្ហាញនៅថ្ងៃចន្ទថា គណបក្សប្រឆាំងអូស្ត្រាលីគឺគណបក្សការងារកំពុងមានសង្ឃឹមទទួលជ័យជម្នះក្នុងការបោះឆ្នោតថ្នាក់ជាតិ ដែលគ្រោងនឹងរៀបចំឡើងក្នុងខែឧសភា ប៉ុន្តែការនាំមុខរបស់ខ្លួនមានគម្លាតតិចតួចណាស់លើរដ្ឋាភិបាលចម្រុះអភិរក្សនិយម។
ការស្ទង់មតិ Newspoll ដែលធ្វើឡើងសម្រាប់កាសែតអូស្ត្រាលីបានបង្ហាញថា គណបក្សការងារបាននាំ មុខរដ្ឋាភិបាលចម្រុះដោយសំឡេង៥២ទល់៤៨លើមូលដ្ឋានគណបក្សពីរប៉ុន្តែវាបានធ្លាក់ចុះពី៥៤មក៤៦សំឡេងនៅក្នុងការស្ទង់មតិចុងក្រោយកាលពីខែមីនា។
ការស្ទង់មតិមួយទៀតរបស់ Ipsos ដែលចេញផ្សាយដោយកាសែត Sydney Morning Herald បានបង្ហាញថា គណបក្សការងារកំពុងនាំមុខ៥៣ទល់នឹង៤៧សំឡេង។
នៅសប្តាហ៍នេះ លោកនាយករដ្ឋមន្ត្រី Scott Morrison ត្រូវបានគេរំពឹងថានឹងអំពាវនាវឲ្យរៀបចំការបោះឆ្នោតមួយដែលទំនងជានឹងធ្វើឡើងនៅថ្ងៃទី១១ខែឧសភាឬថ្ងៃទី១៨ខែឧសភា។
លោក Morrison បានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃអាទិត្យថា “ការបោះឆ្នោតនឹងត្រូវបានអំពាវ នាវនៅខែមេសាហើយការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅខែឧសភា។ យើងមិនធ្វើបែបនេះដោយប្រញាប់ទេហើយយើងមិនធ្វើវាដោយការពន្យារពេលឡើយ”។
បើទោះបីជាមានការនាំមុខដោយគណបក្សការងារនៅក្នុងការស្ទង់មតិកាលពីឆ្នាំមុនក៏ដោយក៏លោក Morrison នៅតែជានាយករដ្ឋមន្ត្រីដែលគេពេញចិត្តជាងមេដឹកនាំគណបក្សការងារលោក Bill Shorten។
Newspoll បានស្ទង់មតិអ្នកបោះឆ្នោតចំនួន១,៧៩៩នាក់នៅទូទាំងប្រទេសចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៦ខែមេសាបន្ទាប់ពីការបញ្ចេញកញ្ចប់ថវិការបស់រដ្ឋាភិបាលនៅថ្ងៃទី២ខែមេសានិងការឆ្លើយតបរបស់គណបក្សការងារនៅពីរថ្ងៃក្រោយមក។
ចំណែកការស្ទង់មតិរបស់ Ipsos បានស្ទាបស្ទង់មតិអ្នកបោះឆ្នោតចំនួន១,២០០នាក់ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៦ខែមេសាហើយមានកំហុសឆ្គង២,៩ភាគរយ៕ REUTERS
Source: Kampuchea Thmey Daily
0 Comments