ភ្នំពេញ ៖ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរ ក្រុមហ៊ុនអចលនទ្រព្យល្បីល្បាញបុរីវីអាយភី កាលពីល្ងាច រហូតដល់យប់កណ្ដាលអធ្រាត្រ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ បានរៀបចំការប្រគំតន្ត្រី និង ធ្វើសង្ក្រាន្តទ្រង់ទ្រាយធំជាងកាលពីឆ្នាំមុនៗទៅទៀត ដើម្បីអបអរពិធីបុណ្យចូលឆ្នាំ។
តារាចម្រៀងស្រី មាស សុខសោភា និងតារាល្បី សុទ្ធតែបង្ហាញខ្លួនធ្វើឲ្យសង្ក្រាន្ត និងការជប់លៀងមួយនេះមានភ្ញៀវកិត្តិយស និងអ្នកទស្សនាយ៉ាងច្រើន។
លោក វ៉ន វណ្ណៈ អគ្គនាយកបុរីវីអា យភី បានអះអាងថា ដោយសារតែល្បឿនក្នុងការលក់ចេញរបស់បុរីវីអាយភី នៅខេត្តព្រះសីហនុ ទទួលបានការគាំទ្រច្រើន ហើយសន្ទុះក្នុងការលក់ចេញក៏លឿនលើសពីការប៉ាន់ស្មាន ទើបលោកសម្រេចចិត្តយកថ្ងៃ០៧មេសា ជាថ្ងៃជប់លៀងជូនដល់បុគ្គលិក ជាក្រុមការងារ និងអតិថិជន ដោយភ្ជាប់ជាមួយនឹងសង្ក្រាន្តប្រចាំឆ្នាំផង ដើម្បីឲ្យបងប្អូនបានរាំលេងសប្បាយ និង បានទស្សនាសិល្បៈបុរាណ និងសម័យជាទ្រង់ទ្រាយធំ មិនចាញ់សង្ក្រាន្តមួយចំនួន និង មិនខុសពីការប្រគំតន្ត្រីខ្នាតធំតែម្ដង។
លោកថា ពិធីមួយនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំខេត្ត និងមន្ត្រីជាន់ខ្ពស់ជាអាជ្ញាប្រចាំតំបន់យ៉ាងច្រើនផងដែរ ដោយលោកបានចាត់ទុកថាពិធីជប់លៀង ដែលអមដោយតារាល្បីៗដើម្បីធ្វើសង្ក្រាន្តកាលពីយប់ថ្ងៃនោះ គឺជាការជួបជុំគ្រួសារដ៏ធំរបស់បុរីវីអាយភី ក្រោយពេលជោគជ័យលើមុខជំនួញដីធ្លី និងសាងសង់វិស័យអចលនទ្រព្យ។
លោកថា បុរីវីអាយភី កំពុងបោះជំហានក្លាយជាទីក្រុងរណប និងជាផ្ទះស្នាក់នៅដែលជាជម្រើសដ៏ល្អរបស់អ្នកចង់មកកម្សាន្តនៅខេត្តព្រះសីហនុទើបបុរីមួយនេះសាងសង់មិនទាន់បានពាក់កណ្ដាលគម្រោងផង ប៉ុន្តែចំនួនលក់ដាច់គឺស្ទើរតែលប់លើសពីការគ្រោងទុករួចបាត់ទៅហើយ។ ស្របគ្នាដែលលក្ខខណ្ឌបង់រំលស់ និងតម្លៃដែលបានកំណត់ឡើង គឺតម្រូវចំពោះអ្នកមានជីវភាពមធ្យម និងធូរធារអាចទិញបានយ៉ាងស្រួលផងទើបទីតាំងបុរីមួយនេះកាន់តែមានតម្រូវការខ្ពស់ក្នុងការកក់ទិញ។
វត្តមានតារាចម្រៀងដែលចូលរួមពិធីជប់លៀងដ៏កក្រើកអបអរបុណ្យចូលឆ្នាំរបស់បុរីវីអាយភី នាយប់មិញនោះរួមមាន ៖ កញ្ញា មាស សុខសោភា, លោក យ៉ែម សំអូន ,កញ្ញា សូដា នីតា ,កញ្ញា រ៉ូលីន ,អ្នកនាងសួន ចន្ថា ,កញ្ញា ឡេង មុនីរចនា ,អ្នកនាង ស៊ិន ឧត្តមផល្លា ,លោក រិន សាវ៉េត ,កញ្ញា អ៊ឹង និមល ,លោក រតនៈ ពិសិដ្ឋនិងតារាៗជាច្រើនរូបទៀត ដោយតារាទាំងអស់សុទ្ធតែបានបង្កបរិយាកាសអោយពិធីទាំងមូលអ៊ឹកធឹក និងមានបរិយាកាសសប្បាយរីករាយ នៅលើផ្ទៃដី ប្រមាណ៦០ហិកតា ហើយនៅក្បែរព្រលានយន្តហោះ ដែលនៅមិនឆ្ងាយពីឆ្នេរសមុទ្រខេត្តព្រះសីហនុ។
លោកថានៅក្នុងបុរីនេះ ក្រៅពីមានវិឡាទោល វិឡាកូនកាត់ ផ្ទះល្វែង ក៏មានផ្សារ ហាងទំនើប និងសួនច្បារយ៉ាងផាសុកភាពក្នុងគម្រោងនោះផងដែរ ដោយអាចនឹងជ្រើសធ្វើពិធីជប់លៀង និងសង្ក្រាន្តធំៗបែបនេះឲ្យបានរាល់ឆ្នាំក៏មិនដឹង។
វីជេ ហេរ៉ូ ដែលជាអ្នករៀបចំកម្មវិធីប្រគំតន្ត្រីបានបង្ហាញពីការភ្ញាក់ផ្អើល ដែលរយៈពេលតែប៉ុន្មានខែសោះ បុរីវីអាយភី បានរំលេចសំណង់ដល់រាប់រយល្វែង និងមានអ្នកមកទស្សនាការប្រគំតន្ត្រីដែលបានធ្វើឡើងយ៉ាងកក្រើកនាយប់នោះ។ លោកថា ទីតាំងនេះ នឹងក្លាយជាតំបន់លំនៅដ្ឋាន និងសេដ្ឋកិច្ចធំមួយក្នុងពេលដ៏ខ្លី ស្របគ្នាដែលខេត្តព្រះសីហនុ ក៏ស្ថិតក្នុងគម្រោងអភិវឌ្ឍន៍មួយដ៏ធំរបស់អ្នកវិនិយោគចិន៕
Source: Kampuchea Thmey Daily
0 Comments