Ad Code

គណបក្ស​របស់​លោក Erdogan ទាមទារ​ឲ្យ​មាន​ការ​រាប់​សន្លឹកឆ្នោត​សរុប​ឡើងវិញ​ក្នុង​ទីក្រុង អ៊ី​ស្តង់​ប៊ុល



គណបក្ស​របស់​លោក​ប្រធានាធិបតី​ទួរគី Recep Tayyip Erdogan បាន​ថ្លែង​កាលពី​ថ្ងៃអាទិត្យ​ថា ខ្លួន​បានស្នើ​ឲ្យ​មាន​ការរាប់​ឡើងវិញ​នូវ​សន្លឹកឆ្នោត​ទាំងអស់​ ដែល​បាន​បោះ​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ដែលជា​រដ្ឋធានី​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​អំឡុង​ការបោះឆ្នោត​តំណែង​អភិបាលក្រុង​កាលពី​សប្តាហ៍​មុន ​បន្ទាប់ពី​បេក្ខជន​គណបក្សប្រឆាំង​បាន​អះអាង​ទទួល​ជ័យជម្នះ​។​

អនុប្រធាន​គណបក្ស​យុ​តិ្ត​ធម៌​និង​អភិវឌ្ឍន៍ (AKP) លោក Ali Ihsan Yavuz បានទាមទារ​ឲ្យ​មានការ​រាប់​សន្លឹកឆ្នោត​ឡើងវិញ​។​

AKP បានឈ្នះ​ឆ្នោត​ភាគច្រើន​នៅ​ទូទាំងប្រទេស​ក្នុងការ​បោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ​មុន​ប៉ុន្តែ​លទ្ធផល​បាន​បង្ហាញថា គណបក្សកាន់អំណាច​មួយ​នេះ​បាន​ចាញ់​ក្នុង​ទីក្រុង​អង់កា​រ៉ា​ហើយក៏​ចាញ់​ផងដែរ​ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​នៅក្នុង​អ្វី​ដែលជា​បរាជ័យ​ដ៏​អាក្រក់​បំផុត​របស់​ពួកគេ​ក្នុងការ​គ្រប់គ្រង​អំណាច​រយៈពេល​មួយ​ទសវត្ស​កន្លះ​មកនេះ​។​

អនុប្រធាន AKP លោក Ali Ihsan Yavuz បាន​និយាយថា “​ថ្ងៃនេះ​យើង​នឹង​យក​ករណី​របស់​យើង​ទៅ​សាខា​ខេត្ត​របស់​ក្រុមប្រឹក្សា​បោះឆ្នោត​កំពូល YSK ដើម្បី​រាប់​សន្លឹកឆ្នោត​ទាំង​អស់ពី​សង្កា​ត់របស់​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ឡើងវិញ​”​។​

អាជ្ញាធរ​បោះឆ្នោត​បានធ្វើ​ការរាប់​សន្លឹកឆ្នោត​ឡើងវិញ​រួចទៅហើយ​នៅក្នុង​សង្កាត់​ជាច្រើន​នៃ​ទីក្រុង​អង់កា​រ៉ា​និង​អ៊ី​ស្តង់​ប៊ុល​ដែលជា​កន្លែង​លទ្ធផល​សរុប​បង្ហាញថា បេក្ខជន​បក្សប្រឆាំង CHP លោក Ekrem Imamoglu បាន​នាំមុខ AKP ដែល​ត្រូវបាន​តំណាង​ដោយ​អ្នកនយោបាយ​ល្បីឈ្មោះ​និង​ជា​អតីត​នាយករដ្ឋមន្ត្រី​លោក Binali Yildirim ។​

ប៉ុន្តែ​សន្លឹកឆ្នោត​ទាំងនោះ​ត្រូវបាន​គេ​ប្រកាសថា​ចាត់ទុកជា​មោ​ឃៈ​។ AKP បានស្នើ​ឲ្យ​មានការ​រាប់​សន្លឹកឆ្នោត​ទាំងអស់​ឡើងវិញ​ក្នុង​ទីក្រុង​អង់កា​រ៉ា​ប៉ុន្តែ YSK កាលពី​ថ្ងៃអាទិត្យ​បាន​ច្រានចោល​សំណើ​សម្រាប់​សង្កាត់​ចំនួន​១៣​ក្នុងចំណោម​សង្កាត់​ទាំង​២៥​។​

កាលពី​ថ្ងៃ​សៅរ៍ អ្នកនាំពាក្យ​គណបក្ស​លោក Omer Celik បាន​ទទូចថា AKP នឹង​ទទួលយក​លទ្ធផល​នៃ​ការរាប់​សន្លឹកឆ្នោត​ឡើងវិញ​នៅក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ក៏ដូចជា​ទីក្រុង​អង់កា​រ៉ា​ផងដែរ​ទោះជា​គណបក្ស​ណា​ត្រូវបាន​គេ​ប្រកាសថា​ជា​អ្នកឈ្នះ​ក៏ដោយ​។​

ការ​ចាញ់​ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​គឺជា​ការខកចិត្ត​មួយ​ចំពោះ​លោក Erdogan ដែល​បាន​កសាង​អាជីព​នយោបាយ​របស់លោក​ក្នុងនាម​ជា​អភិបាលក្រុង​នេះ​មុនពេល​ក្លាយជា​នាយករដ្ឋមន្ត្រី​និង​ជា​ប្រធានាធិបតី​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu