Ad Code

តុលាការ​កំពូល​ លើក​ពេល​កាត់ទោស​មេខ្លោង​ផលិត​គ្រឿងញៀន​ ឡាំ សុខ​ខេង​



ភ្នំពេញ ​៖​ តាម​កម្មវិធី​គ្រោងទុក នា​ថ្ងៃទី០៨ ខែ​មេសា ឆ្នាំ​២០១៩​នេះ ​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​តុលាការ​កំពូល​ ដែលមាន​សមាសភាព​ចៅក្រម​៩​រូប នឹង​បើកសវនាការ​លើក​ទី​២​ ដើម្បី​កាត់ទោស​មេខ្លោង​ផលិត​គ្រឿងញៀន​ដ៏​ល្បី​ម្នាក់ ​តាំងពី​ឆ្នាំ​២០០៧​មកម្ល៉េះ។​

ប្រភព​ព័ត៌មាន​ពី​តុលាការ​កំពូល​បានឲ្យ​ដឹងថា សវនាការ​នេះ ​ត្រូវ​លើក​ពេល​ដោយ​មិន​កំណត់​ទៅ​វិញ​ ដោយសារ​ខាង​ពន្ធនាគារ​មិន​ទទួលបាន​ដីកា​បង្គាប់​ឲ្យ​នាំ​ជន​ត្រូវ​ចោទ​មក​តុលាការ។ រឿងក្ដី​ឡាំ សុខ​ខេង ឡាំ គឹម​លាង និង​បក្សពួក ត្រូវបាន​តុលាការ​កំពូល​កាត់ទោស​ម្ដង​រួចមកហើយ តែ​ជន​ត្រូវ​ចោទ​កើតទុក្ខ​មិន​សុខចិត្ត ទើបឲ្យ​មេធាវី​របស់គេ​ប្ដឹង​សារទុក្ខ ទើប​ការកាត់ទោស​លើក​ទី​២ ​ត្រូវមាន​ចៅក្រម​៩​រូប​ដើម្បី​បើកសវនាការ។​

សូម​រំលឹកថា តាំងពី​ឆ្នាំ​២០០៧ , ២០០៨ តុលាការ​ថ្នាក់ក្រោម​បាន​កាត់ទោស​ ​និង​ផ្ដន្ទាទោស​ឈ្មោះ​ ឡាំ គឹម​លាង ឡាំ សុខ​ខេង ដាក់ពន្ធនាគារ​អស់​មួយជីវិត ប៉ុន្តែ​ឧក្រិដ្ឋជន​គ្រឿងញៀន​នេះ​មិន​សុខចិត្ត ទើប​ប្ដឹង​ឡើង​សាលាឧទ្ធរណ៍ និង​តុលាការ​ជា​បន្តបន្ទាប់​ទៀត។​

ជន​ត្រូវ​ចោទ​ ឈ្មោះ​ ឡាំ សុខ​ខេង អាយុ​៥១​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​០១ ខែ​សីហា ឆ្នាំ​២០០៧។​
​ឈ្មោះ ម៉ៅ សុ​គុណ ហៅ​ជ្រូក ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ចាប់ខ្លួនបាន​នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ២០០៧ ,​។​ ឈ្មោះ គឹម ហាន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ។​ ឈ្មោះ ញឺ​ម សំបូរ ហៅ​ហី​ម ហៅ​ខ្មៅ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ចាប់ខ្លួន​នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០០៧។​ និង​ឈ្មោះ គ្រុយ សេង​ឡេង ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ចាប់ខ្លួន ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០០៨​។​

ក្រៅពី​ពាក់ព័ន្ធ​ការផលិត​គ្រឿងញៀន ក្រុម​ឧក្រិដ្ឋជន​ចាប់ជំរិត​ខាងលើ គឺជា​សមាជិក ក្រុម ឧក្រិដ្ឋ​ជន​ស្ថិត​នៅក្នុង​ក្រុម​របស់ ឈ្មោះ សោម ណា​រ៉ា ហៅ អា​រ៉ា​ស្មាច់ ដែលជា​មេខ្លោង​ធំ ល្បីឈ្មោះ​នៅ ក្នុង​ឆ្នាំ​១៩៩៨-១៩៩៩ ដែល​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​បាញ់សម្លាប់​កន្លងមក ហើយ​លុះដល់​ឆ្នាំ​២០០៧ ឈ្មោះ ឡាំ គីម លាង ហៅ ឡាយ សេង នេះ​ ក៏បាន​ទៅរក​ស៊ី ផលិត​ និង​ជួញដូរ គ្រឿង​ញៀន ជាមួយ​មេខ្លោង ​ឈ្មោះ ឡាំ សុខ ខេង (​ដែល​ត្រូវជា​ក្មួយ របស់ ឈ្មោះ​ ឡាំ គីម​លាង​) ដែល​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​បង្ក្រាបបាន ហើយ​ដកហូត​វត្ថុតាង ពាក់ព័ន្ធ​ការ​ផលិត​គ្រឿងញៀន ជា​ច្រើន ជាពិសេស​ម៉ាស៊ីន​ផលិត​គ្រឿងញៀន​ដ៏​ទំនើប។

តាម​ការ​វាយ​តម្លៃ​ពី​មន្ត្រី នៃ​មន្ទីរ​គ្រឿងញៀន ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា ម៉ាស៊ីន​នេះ​ផលិត ថ្នាំ​ញៀន ក្នុង​មួយ​ម៉ោងជាង​មួយ​ម៉ឺន​គ្រាប់​ឯណោះ៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu