Ad Code

សហរដ្ឋអាមេរិក​ អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​វាយលុក​នៅ​ប្រទេស​លី​ប៊ី ​ស្របពេល​ការ​ប៉ះទង្គិច​គ្នា​ផ្ទុះឡើង



សហរដ្ឋអាមេរិក​កាលពី​ថ្ងៃអាទិត្យ​ បាន​អំពាវនាវ​ឲ្យ​មានការ​ផ្អាក​ជាបន្ទាន់​ចំពោះ​ការវាយលុក​យោធា​របស់​បុរស​ខ្លាំង​លី​ប៊ី​លោក Khalifa Haftar ខណៈ​ការប្រយុទ្ធ​គ្នា​បាន​ផ្ទុះឡើង​នៅក្បែរ​ទីក្រុង Tripoli បើទោះបីជា​អង្គការសហប្រជាជាតិ​អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់​មួយ​ក៏ដោយ​។​

កងកម្លាំង​របស់លោក Haftar និង​រដ្ឋាភិបាល​បង្រួប​បង្រួម​ដែល​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ​បាន​បើក​ការវាយប្រហារ​អាកា​សដា​ក់​គ្នា​ទៅវិញទៅមក​កាលពី​ថ្ងៃអាទិត្យ​ពោលគឺ​៣​ថ្ងៃ​បន្ទាប់ពី​លោក Haftar ចាប់ផ្ដើម​ការវាយលុក​មួយ​ដើម្បី​ដណ្ដើមយក​រដ្ឋធានី​។​

រដ្ឋាភិបាល​បង្រួបបង្រួម​បាន​និយាយថា ការប្រយុទ្ធ​គ្នា​នេះ​បានសម្លាប់​មនុស្ស​ចំនួន​២១​នាក់​ខណៈ​អង្គការសហប្រជាជាតិ​និយាយថា គ្មាន​បទ​ឈប់​បាញ់​ទេ​ថ្វីបើ​មានការ​អំពាវនាវ​ឲ្យ​ផ្អាក​ការប្រយុទ្ធ​គ្នា​រយៈពេល​ពីរ​ម៉ោង​ដើម្បី​ឲ្យ​ជន​ស៊ីវិល​និង​អ្នករបួស​អាច​រត់គេច​ចេញ​បាន​ក៏ដោយ​។​

ប្រទេស​សម្បូរ​ប្រេង​លី​ប៊ី​ត្រូវ​រងគ្រោះ​ដោយ​ភាពវឹកវរ​ចាប់តាំងពី​ការបះបោរ​ដែល​គាំទ្រ​ដោយ​អង្គការ​ណា​តូ​ក្នុង​ឆ្នាំ​២០១១​ដែល​បានសម្លាប់​មេដឹកនាំ​ផ្តាច់កា​រលោក Moamer Kadhafi ខណៈដែល​រដ្ឋអំណាច​ជា​គូប្រជែង​និង​ក្រុម​ប្រដាប់អាវុធ​បាន​ប្រយុទ្ធ​គ្នា​ដើម្បី​អំណាច​។​

ការវាយលុក​របស់លោក Haftar បាន​គំរាមកំហែង​ធ្វើ​ឲ្យ​ប្រទេស​នេះ​ធ្លាក់ចូល​ទៅក្នុង​សង្គ្រាមស៊ីវិល​ដ៏​ខ្លាំងក្លា​មួយ​ហើយ​ជាថ្មី​ម្តងទៀត​បាន​បំផ្លាញ​កិច្ចខិតខំ​ប្រឹងប្រែង​ផ្នែក​ការទូត​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​លី​ប៊ី​។​

រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក​លោក Mike Pompeo បាន​និយាយ​នៅ​ថ្ងៃអាទិត្យ​ថា “​យើង​សូមបញ្ជាក់​យ៉ាងច្បាស់​ថា យើង​ប្រឆាំងនឹង​ការវាយលុក​យោធា​ដោយ​កងកម្លាំង​របស់លោក Khalifa Haftar ហើយ​ជំរុញ​ឲ្យ​បញ្ឈប់​ជាបន្ទាន់​ចំពោះ​សកម្មភាព​យោធា​ទាំងនេះ​ដែល​ប្រឆាំងនឹង​រដ្ឋធានី​លី​ប៊ី​”​។ លោក​បន្តថា “​យុទ្ធនាការ​យោធា​ជា​ឯកតោភាគី​ប្រឆាំងនឹង​ទីក្រុង Tripoli កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជន​ស៊ីវិល​និង​បំផ្លាញ​ដល់​អនាគត​សម្រាប់​ប្រជាជន​លី​ប៊ី​ទាំងអស់​”​។​

លោក Pompeo បាន​សង្កត់ធ្ងន់ថា មិនមាន​ដំណោះស្រាយ​យោធា​ចំពោះ​ជម្លោះ​លី​ប៊ី​ទេ​ហើយ​បាន​អំពាវនាវ​ឲ្យ​គ្រប់ភាគី​ទាំងអស់​ត្រលប់​ទៅរក “​ការចរចា​នយោបាយ​” ដែល​សម្របសម្រួល​ដោយ​អង្គការសហប្រជាជាតិ​។​

បន្ទាប់ពី​ការផ្អាក​នៅ​យប់​ថ្ងៃ​សៅរ៍ ការប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​បាន​ផ្ទុះឡើង​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​នៅ​ភាគខាងត្បូង​ទីក្រុង Tripoli រវាង​កងទ័ព​ជាតិ​លី​ប៊ី (LNA) របស់លោក Haftar និង​កងកម្លាំង គាំទ្រ​ដោយ​រដ្ឋាភិបាល​ជាតិ (GNA) ដែល​ទទួលស្គាល់​ជា​អន្តរជាតិ​។

LNA បាន​និយាយថា ខ្លួន​បាន​បើក​ការ​វាយឆ្មក់​តាម​អាកាស​ជា​លើកដំបូង​របស់ខ្លួន​នៅ​ជាយក្រុង Tripoli ដោយ​ប្រឆាំងនឹង​ការអំពាវនាវ​ជា​អន្តរជាតិ​ឲ្យ​មាន​បទ​ឈប់​បាញ់​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu