នៅលើសង្វៀនWurkz របស់អាស៊ីអាគ្នេយ៍ នារសៀលថ្ងៃអាទិត្យទី០៧ ខែមេសា ឆ្នាំ២០១៩នេះ អ្នកប្រដាល់កម្ពុជា អេលីត សាន់ ដែលពីមុនគេមានឈ្មោះថា «លិញ ភារម្យ»ក្លិបឆ្មាសសែនសុខគុនខ្មែរ ត្រូវគេផ្គូអោយជួបប្រកួតសាកណ្តាប់ដៃជាមួយអ្នកប្រដាល់ថៃចំណូលថ្មី ។
អ្នកប្រដាល់ថៃដែលនឹងត្រូវជួបប្រកួតជាមួយអេលីតសាន់ នោះ មានឈ្មោះថា យ៉ត ថាណុង ( Yorth Thanong) ដែលជាអ្នកប្រដាល់ថៃចំណូលថ្មី តែគេជាអ្នកប្រដាល់ដែលមានផ្លែល្អ និង រឹងមាំ និងជាជើងខ្លាំងទម្ងន់៦០គីឡូក្រាមនៅស្រុកថៃ ។ នេះបើតាមការអោយដឹងរបស់លោកញាណ សុធី អ្នកផ្គូផ្គងកីឡាករប្រដាល់ប្រចាំទូរទស្សន៍អាស៊ីអាគ្នេយ៍ ។
យ៉ត ថាណុង គេមិនធ្លាប់មកប្រកួតនៅភ្នំពេញទេកន្លងមក ។ បើមើលពីប្រវត្តិប្រកួតរបស់គេ អ្នកប្រដាល់ថៃរូបនេះ គឺខ្លាំងគួរសមដែរ ព្រោះគេមានប្រវត្តិប្រកួតចំនួន៦២លើក ឈ្នះ៥៥លើក និងចាញ់០៧លើក មិនដែលស្មើ ។ តាមលោកញាណ សុធី ថា យ៉ត ថាណុង និង អេលីត សាន់ នេះ ពួកគេមានសមត្ថភាពប្រហាក់ប្រហែលគ្នាទេ ហើយកម្ពស់ និងមាឌ ក៏ប្រហែលគ្នាដែរ ។
អេលីត សាន់ អ្នកប្រដាល់កម្ពុជាយើងវិញ គេជាជើងខ្លាំងស្រករក្រោយ គេមានកំណត់ត្រាប្រកួត៥២លើក ឈ្នះ៣៣លើក ចាញ់១៧លើក និង ស្មើ០២លើក ។ ទោះជាយ៉ាងណាក្តី សម្រាប់ការជួបគ្នារវាងអេលីត សាន់ និង យ៉ត ថាណុង នេះ ពុំអាចសន្និដ្ឋានមុនថា អ្នកណាឈ្នះ អ្នកណាចាញ់នោះឡើយ ហើយពីរនាក់នេះ ក៏មិនអាចអ្នកណាមើលស្រាលអ្នកណាបានដែរ ? ។
អ្នកប្រដាល់រូបនេះ ធ្លាប់ប្រកួតជាមួយថៃច្រើនលើកហើយ ដោយវាយឈ្នះច្រើនជាងចាញ់ ។
ស្ថានភាពប្រកួតរបស់អេលីត សាន់ នាពេលចុងក្រោយនេះ ឃើញថាមានការវិវត្តឡើងវិញគួរអោយកត់សម្គាល់ ។ ជាអ្នកប្រដាល់ដែលមានកណ្តាប់ដៃលឿន រហ័ស និងខ្លាំងនោះ សាន់វាយសម្រុកមិនបណ្តាក់ដៃនោះទេ ប៉ុន្តែគេឆាប់អស់ស៊ុហ្វ នៅចុងទឹក ។
ទោះជាយ៉ាងណា សម្រាប់ការប្រកួតលើកនេះ អេលីត សាន់ គេមានទំនុកចិត្តអាចផ្ដួលអ្នកប្រដាល់ថៃយ៉ត ថាណុងនេះបានមិនខាន ព្រោះថាសាន់ឥឡូវនេះ ខ្លាំងជាងមុនដោយមានកម្លាំងសម្រុករឹងមាំ ដែលនេះជាកត្តាកំណត់ជ័យជម្នះរបស់អេលីត សាន់ ។ ចាំមើល តើអេលីត សាន់ អាចយកឈ្នះយ៉ត ថាណុង បានឬអត់ ? ។
សុខ សុវណ្ណ អ្នកប្រដាល់នៃក្លិបកងពលធំអន្តរាគមន៍លេខ២ ត្រូវអ្នករៀបចំកម្មវិធីប្រដាល់នៅប៉ុស្តិ៍អាស៊ីអាគ្នេយ៍ ផ្តល់ឪកាសអោយជួបប្រកួតជាមួយអ្នកប្រដាល់ថៃ ចាឡឺម ឡាប (Chaleum Larb) ដោយជួបប្រកួតគ្នាក្នុងទម្ងន់ ៦០ គីឡូក្រាមដែរ ។
ចាឡឺម ឡាប ដែលមកជួបសុខ សុវណ្ណនេះ គេក៏មិនធ្លាប់មកប្រកួតនៅសង្វៀនSEATVនេះដែរកន្លងមក ។ អ្នកប្រដាល់ថៃរូបនេះ មានថ្វីដៃល្អ និងវាយខ្លាំងគួរសមដែរ ដោយសារគេជាជើងខ្លាំងនៅស្រុកថៃ ។ បើតាមលោកញាណ សុធី អ្នកប្រដាល់ថៃ ចាឡឺម ឡាប មានប្រវត្តិប្រកួតប្រមាណ ៥១លើក ហើយវាយឈ្នះ៤០លើក ចាញ់១០លើក និង ស្មើ០១លើក ។ អ្នកប្រដាល់ថៃរូបនេះ មានសមត្ថភាពបច្ចេកទេសប្រដាល់ល្អ ដែលសុខសុវណ្ណមិនអាចមើលស្រាលបានឡើយ។
តាមអ្នកផ្គូផ្គងអោយដឹងនោះថា កាលដែលនាំយកចាឡឺម ឡាប អោយមកប្រកួតលើកនេះ គឺបន្ទាប់ពីមើលឃើញថា សមត្ថភាពសុខ សុវណ្ណ ឡើងប្រកួតជាមួយថៃប៉ុន្មានប្រកួតចុងក្រោយនេះ មានការរីកចម្រើនជាងមុន ដោយសុវណ្ណវាយឈ្នះថៃ កុង សាយ៉ាម ក្នុងទឹកទី១នោះ ។
សុខ សុវណ្ណ ពីមុនជាជើងខ្លាំងម្នាក់របស់កម្ពុជា។ គេធ្លាប់ប្រកួតជាមួយថៃច្រើននាក់ហើយ ។ សុវណ្ណ គេមានបទពិសោធន៍ច្រើនក្នុងការប្រកួត ។ គេមានកំណត់ត្រាប្រកួតចំនួន៨៩ លើក ឈ្នះ៧០លើក ចាញ់១៧លើក និងស្មើ០២លើក ។ គេមានស្នៀតទាត់ល្អ ពិសេសទាត់ផ្កាប់ចាន ហើយកណ្តាប់ដៃក៏ល្អដែរ ដោយវាយចេញចូលរហ័ស ហើយជង្គង់ កែង ក៏ល្អផងដែរ ។
ប៉ុន្តែមួយរយៈដែលផ្គូអោយជួបជាមួយថៃនោះ សុវណ្ណវាយមិនដែលឈ្នះនោះទេ ទើបតែប៉ុន្មានប្រកួតចុងក្រោយនេះ សុខ សុវណ្ណ គេវាយល្អនិងឈ្នះដៃគូជាបន្ទាប់បន្ទាប់ឡើងវិញ ។ ដូច្នេះចាំមើលលើកនេះ គេផ្គូអោយជួបប្រកួតជាមួយចាឡឺម ឡាប ដែលជាអ្នកប្រដាល់ចំណូលថ្មីនោះ សុខ សុវណ្ណ អាចយកឈ្នះបានឬអត់ ? ។
ចំពោះការជួបគ្នារវាងអ្នកប្រដាល់រួមជាតិវិញ អ្នកប្រដាល់ជើងចាស់ឃឹម ពេជ្រចិន្តា ក្លិបកុលបុត្រគុនខ្មែរ នឹងត្រូវជួបប្រកួតជាមួយផាន រះ អ្នកប្រដាល់ក្លិបតាព្រហ្មមានជ័យ ។ ពីរនាក់នេះ ប្រកួតគ្នាក្នុងទម្ងន់៦៣,៥០០គីឡូក្រាម ។ រីឯ មាឃ វណ្ណារ៉ា អ្នកប្រដាល់ក្លិបរាជសីហ៍ខេត្តរតនគិរី នឹងត្រូវជួបប្រកួតជាមួយ សូត្រ ខេវិន អ្នកប្រដាល់ក្លិបបក្សីស្លាបដែក ដោយជួបប្រកួតគ្នា ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ៕
Source: Kampuchea Thmey Daily
0 Comments