Ad Code

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា រៀបចំ​ពិធីសូត្រមន្ត​ចម្រើន​ព្រះ​បរិត្ត ដើម្បី​ទទួល​អំណរ​សាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​



គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) កាលពី​រសៀល​ថ្ងៃ​០៥ ខែមេសា ឆ្នាំ​២០១៩ បានរៀបចំ​ពិធីសូត្រមន្ត​ចម្រើន​ព្រះ​បរិត្ត ដើម្បី​ត្រៀម​ទទួល​អំណរ​សាទរ ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ប្រពៃណី​ជាតិ ឆ្នាំកុរ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃ ទី​១៦ ខែ​មេសា ឆ្នាំ​២០១៩​ខាងមុខនេះ។

ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​បណ្ឌិត​ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា រួមជាមួយ​សមាជិក​ប្រតិបត្តិ ព្រឹទ្ធាចារ្យ​កីឡា ព្រមទាំង​លោក លោកស្រី ជា​មន្ត្រី​ក្រោម​ឱវាទ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ជាច្រើន​នាក់​ផងដែរ។

ពិធី​សូត្រមន្ត​ចម្រើន​ព្រះ​បរិត្ត​នេះ រៀបចំឡើង​តាម​ទំនៀមទម្លាប់​ព្រះពុទ្ធសាសនា​ ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ចំពោះ​ដួង​វិញ្ញាណក្ខន្ធ បុព្វការី​ជន ជីដូន​ជីតា ឪពុក​ម្តាយ និង​ញាតិកា​ទាំង​៧​សន្តាន ព្រមទាំង​អតីត​កីឡាករ កីឡា​ការិនី ដែល​បាន​ចែក​ឋាន​ទៅកាន់​បរលោក​ខាងមុខ សូម​រំដោះ​រួច​ចាក​ផុត​ពី​កម្មពៀរ វេរា​ទាំងឡាយ និង​បាន​ទៅ​សោយសុខ​ក្នុង​ឋាន​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ។

ម្យ៉ាងវិញទៀត​ពិធី​នេះ ក៏បាន​ឧទ្ទិស​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាពិសេស​ទេវតា​ឆ្នាំ​ថ្មី ដែល​នឹង​យាង​មក​គ្រប់គ្រង​ថែរក្សា​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅពេល​ឆាប់ៗ​ខាងមុខនេះ សូម​ប្រោះព្រំ​ប្រសិទ្ធិ​ពរជ័យ បវរ​សួស្តី មហាប្រសើរ និង​បរមសុខ​គ្រប់ប្រការ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​អ្នកមុខអ្នកការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។

ជាមួយ​នឹង​ពិធី​សូត្រមន្ត​ចម្រើន​ព្រះបរិត្ត​នេះ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា នៅបាន​រៀបចំ​ការផ្តល់​អំណោយ​ឧបត្ថម្ភ​ដល់​ព្រឹទ្ធាចារ្យ​កីឡា​និង​សម្តែង​របាំ​ត្រុដិ ដេញ​ឧបទ្រពចង្រៃ​ ដើម្បី​ទទួលបាន​នូវ​សិរី​សួស្ដី​ជោគជ័យ​ឆ្នាំ​ថ្មី​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu