Ad Code

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្ពស់ ​ចំពោះ​ការពុល​ចំណីអាហារ​និង​ពុល​ស្រា​ នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ



ភ្នំពេញ​ ៖​ លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការពុល​ចំណីអាហារ​នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខែ្មរ​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​១៤,១៥​និង​១៦​ខែមេសា​ឆ្នាំ​២០១៩​ខាងមុខនេះ​។

ការ​អំពាវនាវ​នេះ​ ដោយសារ​នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ម្តងៗ​តែងតែមាន​ការពុល​ចំណីអាហារ​និង​បន្លែ​ផ្លែឈើ​ផ្សេងៗ​ព្រោះថា​ ពិធីបុណ្យ​នេះ​មាន​មនុស្ស​ប្រមូល​ផ្តុំគ្នា​កកកុញ​ច្រើន​ដែល​មាន​អាហារ​ស្អាត​និង​មិន​ស្អាត​នៅ​ឡាយ​ឡំ​គ្នា​។ ​ជាក់ស្តែង​គិត​ត្រឹម​ខែមីនា​ ឆ្នាំ​២០១៩​នេះ​ មាន​អ្នក​ពុល​ចំណីអាហារ​ចំនួន​១៦​លើក​ ដោយមាន​អ្នកពុល​ចំនួន​២៤៦​នាក់​ក្នុងនោះ​ស្លាប់​២​នាក់​ ខណៈ ឆ្នាំ២០១៨​កន្លងទៅ​ មាន​ករណី​ពុល​ចំណីអាហារ​ចំនួន១៩​លើក​ ដោយមាន​អ្នកពុល​ចំនួន​៨៥២​នាក់​ក្នុងនោះ​ស្លាប់​១៣​នាក់​។

​លោក​សាស្ត្រាចារ្យ ម៉ម​ប៊ុនហេង​បាន​មានប្រសាសន៍ថា​ «​ខ្ញុំ​សូម​ប្រកាស​ធ្វើការ​ក្រើនរំលឹក​ជូន​ដល់​ប្រជាជន​ទាំងអស់​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​លើ​បញ្ហា​សុខភាព​ដែល​អាច​កើតមាន​នៅក្នុង​អំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ដែល​ស្របគ្នា​ជាមួយនឹង​អាកាសធាតុ​នៅ​លើ​ផ្ទៃ​ប្រទេស​កម្ពុជា​មានការ​កើន​កម្ដៅ​ខ្លាំង​ជា​ពិសេស​ទៅលើ​ការ​បរិភោគ​ចំណីអាហារ​និង​ភេសជ្ជៈ​ការរៀបចំ​អាហារ​និង​ការ​ទុកដាក់​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ចៀស​ផុត​ពី​បញ្ហា​ឈឺពោះ​រាគ​រួស​ដែល​បណ្តាល​មក​ពី​ការបរិភោគ​ចំណីអាហារ​មិន​មាន​អនាម័យ អាហារ​ជូរ​ផ្អូម ​ឬ ​ទិញ​ស្រា​មក​ពិសា​ដែល​ជា​ស្រា​បាន​ផលិត ឬ ​បាន​បិទ​ដោយ​មិន​មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​ជាដើម​បន្ថែម​លើសពី​នេះ​ខ្ញុំ​សូម​លើកទឹកចិត្ត​គ្រប់​ជួបគ្នា​ឲ្យ​ចូលរួម​អនុវត្ត​វិធានការ​ណាមួយ​កាល​ការប្រុងប្រយ័ត្ន​រួម​ទាំង​ការ​ការពារ​ផ្ទាល់ខ្លួន​និង​ក្រុម​គ្រួសារ​របស់ខ្លួន​»​។

នៅក្នុង​សេចក្តី​ជូន​ព័ត៌មាន​មួយ​របស់​ក្រសួងសុខាភិបាល​ ស្ដីពី​ការ​បង្ការ​ជំងឺ​និង​បញ្ហា​សុខភាព​ក្នុងអំឡុងពេល​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ដែល​ចេញផ្សាយ​កាលពី​ល្ងាច​ថ្ងៃទី​០៤​ខែមេសា​ឆ្នាំ​២០១៩​នេះ​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង​បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​វិធានការ​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​រួមមាន​ផឹក​ស្អាត​រស់នៅ​ស្អាត​និង​បរិភោគ​ស្អាត​ដើម្បី​ការពារ​សុខភាព​ពី​ជំងឺ​ដង្កាត់​ផ្សេងៗ​ដូចជា​ជំងឺ​ឈឺពោះ ជំងឺរាក​រូស​ ឬ​ ក្អួតចង្អោរ​ជាដើម​ ដែល​បណ្តាល​មក​ពី​ការ​បរិភោគ​ចំណីអាហារ​គ្មាន​អនាម័យ​។

លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ពិសារ​ទឹក​ស្អាត​ ឬ​ ទឹក​ដាំ​ពុះ​និង​បរិភោគ​ចំណីអាហារ​ដែល​មាន​អនាម័យ ត្រូវ​លាងដៃ​នឹង​សាប៊ូ​អំឡុង​មុន​ពេល​រៀបចំ​អាហារ មុន​បរិភោគ​និង​ក្រោយ​បន្ទោបង់ លាង​សំអាត​បន្លែ​ផ្លែឈើ សំអាត​សម្ភារៈ​ប្រើប្រាស់​សម្រាប់​ចំអិន​អាហារ​ឲ្យ​បាន​ស្អាត​និង​ត្រូវ​ចំអិន​អាហារ​ឲ្យ​បាន​ឆ្អិន​ល្អ​ពិសេស​សាច់ សត្វ​ស្លាប​និង អាហារ​សមុទ្រ​។



ជា​មួយ​គ្នា​នេះ​ដែរ លោក​សាស្ត្រាចារ្យ​ក៏បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ជនបទ​ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ចំពោះ​ការ​ទទួល​ទាន​ស្រាស​ ឬ​ ស្រាថ្នាំ​និង​ត្រូវ​មើល​ប្រភព​ផលិត​ឲ្យ​បាន​ច្បាស់លាស់​និង​មានការ​ទទួលស្គាល់​ពី​មន្ត្រី​ជំនាញ​ត្រឹមត្រូវ​ជា​មុន​សិន​មុន​ទិញ​មក​បរិភោគ​ដើម្បី​ជៀសវាង​កុំ​ឲ្យ​មានការ​ពុល​ស្រា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ ឬ​ អាយុជីវិត​ដោយសារ​ក្នុង​ស្រាស ឬ​ ស្រាថ្នាំ​មាន​សារធាតុ​មេ​តា​ណុល​ខ្ពស់ ​ខណៈ​ឆ្នាំ​២០១៨​កន្លងទៅ ​មាន​ករណី​ពុល​ស្រា​ចំនួន​៥​លើក​ដោយមាន​អ្នក​ពុល​ស្រា​ចំនួន​២០៦​នាក់​ ក្នុង​នោះ​ស្លាប់​១២​នាក់​។

ជា​មួយ​គ្នា​នេះ​ដែរ ​លោក​សាស្ត្រាចារ្យ​បាន​ណែនាំ​ចំពោះ​មនុស្ស​ពេញវ័យ​ទាំងអស់​សូមកុំ​ពិសា​គ្រឿង​ស្រវឹង​ក្នុង​ពេល​បើកបរ​ ឬ​ ក្នុងពេល​បញ្ជា​គ្រឿង​ម៉ាស៊ីន​សូម​បើកបរ​ដោយមាន​ការប្រុងប្រយ័ត្ន​ត្រូវ​ពាក់​ខ្សែក្រវាត់​ជាប់​ជានិច្ច​ក្នុង​ពេល​បើកបរ​កុំ​បើកបរ​លឿន​ពេក​និង​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​ចរាចរណ៍​ ដើម្បី​រួមគ្នា​បញ្ចៀស​ឲ្យ​បាន​នូវ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ដងផ្លូវ​សាធារណៈ​ដោយសារតែ​ការ​បើកបរ​លឿន​ពេក​និង​មិន​គោរព​ច្បាប់​បើកបរ​ជាដើម​។

លោក យង់ គឹមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព​បាន​គាំទ្រ​ក្រសួងសុខាភិបាល​ដែល​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​សុខភាព​នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​។

យ៉ាងណាក៏ដោយ លោក​ស្នើ​ឲ្យ​ក្រសួង​គួរតែ​ឲ្យ​បុគ្គលិក​សុខាភិបាល​នៅតាម​មន្ទីរពេទ្យ​ឬ​មណ្ឌល​សុខភាព​ផ្សព្វផ្សាយ​សេចក្តី​ជូន​ដំណឹង​នេះ​បន្ត​ ដល់​ប្រជាពលរដ្ឋ​ដើម្បី​ឲ្យ​ពួកគេ​បានដឹង​និង​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ការពុល​ចំណីអាហារ​និង​ពុល​ស្រា​នេះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu