Ad Code

ចាប់ខ្លួន​ជន​ធ្វើ​សង្ឃ​ក្លែងក្លាយ ​បោកប្រាស់​គេ​៤​នាក់​បន្ថែម​ បញ្ជូន​ទៅ​តុលាការ​



ភ្នំពេញ ៖ នគរបាល​ខណ្ឌ​សែន​សុខ បាន​ឃាត់ខ្លួន​បុរស​៤​នាក់ ពីបទ​ក្លែងបន្លំ​ធ្វើជា​សង្ឃ ឆបោក​គេ​ដើរ​បិណ្ឌបាត​រកលុយ​តាមផ្លូវ​សាធារណៈ​ ដែល​ប្រព្រឹត្ត​ជាក់​ស្តែង ​កាលពី​ព្រឹក​ថ្ងៃទី​៦ ខែ​ឧសភា ឆ្នាំ​២០១៩​ នៅ​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ តាម​បណ្តឹង​រាយការណ៍​សម្ងាត់​ពី​ប្រជាពលរដ្ឋ​មក​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ក្រុម​ជន​ដែល​តែងខ្លួន​ជា​សង្ឃ​ក្លែងក្លាយ​ទាំងនោះ ១.​ឈ្មោះ ជា ផានី ហៅ​នី​អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បន្ទប់​ជួល​ ក្នុងភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។ ២.​ឈ្មោះ ជឹម សាម៉ុន​ ហៅ​ម៉ុ​ន អាយុ​៣៩​ឆ្នាំ គ្មាន​មុខរបរ​ ស្នាក់នៅ​បន្ទប់​ជួល​ក្បែរ​គ្នា​។ ៣.​ឈ្មោះ ស៊ីណា​ អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បន្ទប់​ជួល​ក្បែរ​គ្នា ភូមិ​ត្រពាំង​ស្វាយ​ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។ និង​ជន​ទី៤.​ឈ្មោះ សួង ពិ​សិ​ទ្ឋ អាយុ​៣២​ឆ្នាំ ជា​អ្នក​បើក​បរ​រ៉ឺម៉ក​ម៉ូតូ​កង់​បី ដឹកជញ្ជូន ស្នាក់នៅ​ភូមិ​ម័​រ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ​។​

​ប៉ូលិស​ខណ្ឌ​សែន​សុខ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ មាន​ប្រជាជន​បាន​រាយការណ៍​សម្ងាត់​មក​ថា មាន​បុរស​មួយ​ក្រុម​រកស៊ី​ឆបោក​គេ​ដោយ​ក្លែងខ្លួន​ធ្វើជា​ព្រះសង្ឃ​ដើរ​បិណ្ឌបាត ​រកលុយ​តាម​ភូមិ​នានា ដោយមាន​រ៉ឺម៉ក​ម៉ូតូ​មួយ​គ្រឿង​មក​ដឹក​ជាប្រចាំ​។ ក្រោយពី​បានទទួល​ព័ត៌មាន​នេះ​រួច​ ក៏បាន​តាម​ឃ្លាំមើល​ឃើញ​ពួក​ចេញដំណើរ​នៅ​វេលា​ម៉ោង​៥​ព្រឹក​មកដល់ ​គោលដៅ​ប៉ុស្តិ៍​យាម​២៤​ម៉ោង​ ផ្លូវ​សម្ដេច​ ជា ស៊ីម ស្ថិត​ក្នុង​សង្កាត់​គោក​ឃ្លាង ​ក៏ឃាត់​ឆែកឆេរ​រក​ឃើញ​មាន​ស្បង់​ចីវរ​ចំនួន​៣ កំប្លេ ឆត្រ​ចំនួន​៣ និង​បាត​សម្រាប់​ដាក់​បាយ​របស់​ព្រះសង្ឃ​ចំនួន​៣​ទៀត ទើប​ចាប់​ឃាត់ខ្លួន​ពួកគេ​យក​មក​សួរនាំ​នៅ​អធិការដ្ឋាន​តែម្តង ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​។​

​កន្លង​កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៩ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ក្លែងក្លាយ​ចំនួន​៣​នាក់ និង​អ្នក​ផ្សំ​គំនិត​ម្នាក់ទៀត​ជា​អ្នកបើក​រ៉ឺម៉ក​ម៉ូតូ​ដឹកជញ្ជូន​ ដូចគ្នានេះដែរ​ នៅ​ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ទើបតែ​បាន​រយៈពេល​ជាង​១​ខែ​សោះ​ ឥឡូវ​ចាប់បាន​ក្រុម​ជន​បែបនេះ​បាន​១​ក្រុម​ទៀត​នៅ​ពេលនេះ ពួកគេ​ប្រាប់​ថា មាន​ស្រុកកំណើត នៅ​ខេត្ត​ព្រៃវៃង ស្រុក​មេសាង ដែលមាន​ឈ្មោះ ភួង ឆាយ ឈ្មោះ ភិន ភារ​ម្យ ឈ្មោះ ប៉ យ៉ា​ត និង​ចុង​ក្រោយ​ឈ្មោះ រុន ភារ​ម្យ ជា​អ្នកបើក​រ៉ឺម៉ក​។​

លោក​វរសេនីយ៍ឯក ហួរ ម៉េង​វ៉ាង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ បាន​មាន​ប្រសាសន៍​ថា​ ក្រុម​ជនសង្ស័យ​ទាំងនេះ ​កំពុង​កសាង​ឯកសារ​បញ្ជូនទៅ​តុលាការ ពីបទ​ឆបោក​យកប្រាក់ និង​ធ្វើឲ្យ​​ប៉ះ​ពាល់​ដល់​សាសនា​ទៀតផង​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu