ប្រទេសកាតាបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានផ្ដល់ជំនួយជាថវិកាចំនួន៤៨០លានដុល្លារទៅឲ្យអាជ្ញាធរប៉ាឡេស្ទីនដើម្បីឧបត្ថម្ភដល់វិស័យអប់រំនិងសេវាសុខាភិបាលនិងផ្ដល់ជាជំនួយសង្គ្រោះបន្ទាន់។អាជ្ញាធរដែលដឹកនាំដោយលោកប្រធានាធិបតី Mahmud Abbas ត្រូវបានរងផលប៉ះពាល់ដោយការកាត់ផ្តាច់ប្រភពចំណូលឈានមុខរបស់ខ្លួនចំនួនពីរ។
ក្រុងវ៉ាស៊ីនតោនបានបញ្ចប់ជំនួយទ្វេភាគីទាំងអស់របស់សហរដ្ឋអាមេរិកដើម្បីជាការឆ្លើយតបទៅនឹងការកាត់ផ្ដាច់ទំនាក់ទំនងរបស់ប៉ាឡេស្ទីនបន្ទាប់ពីខ្លួនបានទទួលស្គាល់ទីក្រុងមានជម្លោះយេរូសាឡឹមថាជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអែលនៅក្នុងឆ្នាំ២០១៧។
ជម្លោះជាមួយប្រទេសអ៊ីស្រាអែលបាននាំឲ្យមានការផ្អាកការផ្ទេរពន្ធគយដែលខ្លួនយកលើទំនិញដែលដឹកទៅសម្រាប់ទីផ្សារប៉ាឡេស្ទីន។ទីភ្នាក់ងារព័ត៌មានកាតាបានរាយការណ៍ថា “រដ្ឋកាតាបានផ្ដល់ប្រាក់ចំនួន៣០០លានដុល្លារជាទម្រង់ជំនួយឥតសំណងនិងប្រាក់កម្ចីដើម្បីគាំទ្រកញ្ចប់ថវិកាលើវិស័យសុខាភិបាលនិងវិស័យអប់រំជាមួយនឹងអាជ្ញាធរប៉ាឡេស្ទីន”។
ទីភ្នាក់ងារនេះបាននិយាយថា រដ្ឋាភិបាលក្រុងដូហាក៏បានផ្តល់ថវិកាចំនួន១៨០លានដុល្លារបន្ថែមទៀតផងដែរទៅក្នុងជំនួយសង្គ្រោះបន្ទាន់និងជំនួយមនុស្សធម៌និងដើម្បីគាំទ្រដល់កម្មវិធីរបស់អង្គការសហប្រជាជាតិនៅប៉ាឡេស្ទីន។សេចក្ដីថ្លែងការណ៍បាននិយាយថា ជំនួយក៏នឹងចូលទៅក្នុងវិស័យថាមពលផងដែរដើម្បីធានាថាការផ្គត់ផ្គង់នឹងមិនត្រូវបានរំខាន។
កាលពីខែកុម្ភៈ ប្រទេសអ៊ីស្រាអែលបានសម្រេចចិត្តកាត់ប្រាក់ប្រហែល១០លានដុល្លារក្នុងមួយខែពីចំណូលពន្ធគយដែលខ្លួនបានផ្ទេរទៅឲ្យប៉ាឡេស្ទីនពោលគឺត្រូវគ្នាទៅនឹងចំនួនប្រាក់ដែលខ្លួនបាននិយាយថា ពួកគេបានបង់ទៅឲ្យគ្រួសាររបស់អ្នកទោសឬឲ្យទៅអ្នកទោសដោយផ្ទាល់ដែលកំពុងជាប់នៅក្នុងពន្ធនាគារអ៊ីស្រាអែល៕ AFP
Source: Kampuchea Thmey Daily
0 Comments