ភ្នំពេញ ៖ ក្រមាដែលកើតចេញពីស្នាដៃតម្បាញស្ត្រីខ្មែរ យើងមានសារៈប្រយោជន៍យ៉ាងច្រើនដល់សង្គមខ្មែរ ទាំងសម័យបុរាណកាល និងរហូតមកដល់សង្គមបច្ចុប្បន្ន។
ក្រមាខ្មែរត្បាញឡើងពីអំបោះ ឬ អំបោះឆៅ ទៅតាមការនិយមប្រើប្រាស់របស់ប្រជាពលរដ្ឋ យើង ដោយក្រមាខ្មែរមានក្រឡាខុសពីក្រមាបរទេសដែលជាប្រទេសជាតិខាង នៅពេលដែលចាប់ យកមកបង់ក គេអាចសន្មតបានថា ក្រមាខ្មែរពិតៗហើយបានឆ្លុះបញ្ចាំងយ៉ាងជ្រាលជ្រៅទៅនឹងសញ្ញាបង្ហាញឲ្យឃើញពីអត្តសញ្ញាណជាតិ ដ៏ពិតប្រាកដមែន។
រយៈពេល២ឆ្នាំ ចុងក្រោយនេះ គេឃើញមានការបង្កើតចងក្រងឡើងជារបាំក្រមាជាស្នាដៃ របស់និស្សិតម្នាក់នៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (រៀនថ្នាក់ទី១២) ដែលបានកែច្នៃទៅជាទម្រង់របាំសម្ដែងនៅក្នុងកម្មវិធីផ្សេងៗ បង្ហាញពីអត្ថន័យនៃការប្រើប្រាស់ក្រមាខ្មែរគ្រប់វ័យ។
ការបង្កើតឡើងនេះ ហាក់ចង់ផ្ដោតពីអត្ថន័យក្រមាដែលសង្គមខ្មែរ រាប់ដំណមកហើយ នៅតែ និយមប្រើប្រាស់ក្រមាជាប្រចាំថ្ងៃរៀងរហូតមក។ ក្រមាខ្មែរមានអត្តប្រយោជន៍យ៉ាងច្រើនជាអាទិ៍ បើស្ត្រីយើងអាចយកមកទទួលលើក្បាល ផ្លាស់ចងពុងងូតទឹក ចាស់ៗអាចចងពុងជាអៀម ក្នុងរដូវក្តៅចំណែកបុរសវិញយកទៅជូតក្បាល ក្រវាត់ចង្កេះ ឬចងប្រើជាខ្សែ ក្នុងគ្រាមានអាសន្នក្នុងព្រៃ។
ក្រមាបានក្លាយជាសិប្បកម្ម ខ្នាតតូចបម្រើឲ្យសហគមន៍ស្ត្រីខ្មែរយើងឲ្យមានមុខរបរបន្ទាប់បន្សំ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារហើយក្រមា ជាភាពទាក់ទាញដល់ភ្ញៀវទេសចរណ៍ក្នុងពេលដែលមកកម្សាន្តក្នុងប្រទេសក្លាយទៅជាវត្ថុអនុស្សាវរីយ៍ជាកាដូគ្នាទៅវិញទៅមក៕
កញ្ញាវ៉ាត

0 Comments