Ad Code

លោក​ឧបនាយករដ្ឋមន្ត្រីហោ ណាំហុង​រៀបចំ​វគ្គ​សិក្សា​ខ្លី​ផ្នែក​វិទ្យាសាស្ត្រ​ដោយ​ឥតគិតថ្លៃ​នៅ​ប្រទេស​ជប៉ុន

ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​ឲ្យ​ដឹងថា លោក​បាន​រៀបចំ​វគ្គ​សិក្សា​ខ្លី​ចំនួន​៣ វគ្គ ផ្នែក​វិទ្យាសាស្ត្រ​សំរាប់​សិស្ស និង​និស្សិត​កម្ពុជា ដែល​មាន​បំណង​ចង់​សិក្សា​លើ​ផ្នែក​នេះ នៅ​ប្រទេស​ជប៉ុន ហើយ​ការ​បើក​វគ្គ​សិក្សា​នេះ រៀបចំឡើង​ដើម្បី​ផ្តល់​លទ្ធភាព និង​បទពិសោធន៍​ដល់​យុវជន​កម្ពុជា។


លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បញ្ជាក់​បែបនេះ​នៅ​លើ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក កាលពី​ម៉ោង​៥ និង​៣០ នាទី​ល្ងាច​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៥​។ លោក​លើក​ឡើង​ថា ដើម្បី​ផ្តល់​លទ្ធភាព និង​បទពិសោធន៍​ដល់​យុវជន​កម្ពុជា ឲ្យ​សម្រប​ទៅ​នឹង​សកលភាវូបនីយកម្ម ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ទាក់ទង​នឹង​សមាគមន៍​ជប៉ុន​-​កម្ពុជា ឲ្យ​ជួយ​ស្វែងរក​វគ្គ​សិក្សា​បណ្តុះបណ្តាល​រយៈពេល​ខ្លី​ខាង​ផ្នែក​វិទ្យាសាស្ត្រ សម្រាប់​សិស្ស និង​និស្សិត​កម្ពុជា ចំនួន​០៣ វគ្គ ដោយ​ឥតគិតថ្លៃ នៅ​ប្រទេស​ជប៉ុន។


វគ្គ​សិក្សា​នោះ​គឺ ទី​១- វគ្គ​ផ្លាស់ប្តូរ​សកម្មភាព វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា (Science and Technology Exchange Activity Course) Duration: 1 week to 10 days ទី​២- វគ្គ​សកម្មភាព​សហការ​ស្រាវជ្រាវ (Collaborative Research Activity Course) Duration: 3 weeks ទី​៣- វគ្គ​សកម្មភាព​ផែនការ (Planning Activity Course) Duration: 1 weeks to 10 days។


លោក​រដ្ឋ​មន្ត្រី​បញ្ជាក់​ដែរ​ថា បើ​សិស្ស និង​និស្សិត​កម្ពុ​ជា​ណា មានបំណង​ចង់​សិក្សា​វគ្គ​បណ្តុះបណ្តាល​ខាងលើ អាច​ស្នើ​សាលា​របស់​ខ្លួន ទាក់ទង​ជាមួយ​វិទ្យាល័យ សាកលវិទ្យាល័យ និង​គ្រឹះស្ថាន​ឯកជន​នានា​នៅ​ជប៉ុន តាមរយៈ link ដូច​ខាងក្រោម​នេះ http://www.jst.go.jp/pr/info/info1098/Table1_e.html។ ម្យ៉ាងវិញទៀត ដើម្បី​លើកស្ទួយ​ចំណេះដឹង​អាស៊ាន​បន្ថែម​ទៀត​ដល់​យុវជន និង​និស្សិត​កម្ពុជា​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​រៀបចំ​សំណួរ​-​ចម្លើយ​ស្តី​ពី​អាស៊ាន (ASEAN Quiz) មួយទៀត សម្រាប់​និស្សិត​កម្ពុជា​នៅ​សកល​វិទ្យាល័យ​រដ្ឋ​នៅ​ភ្នំពេញ ដែល​គ្រោង​នឹង​ចាក់​ផ្សាយ​តាមរយៈ​ទូរទស្សន៍​ជាតិ នៅ​ដើមខែ​កញ្ញា ឆ្នាំ​២០១៥ ខាងមុខ។


យោង​តាម​លិខិត​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែល​ដាក់​ជូន​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ចុះ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៥ ស្តី​ពី​អំពី​កម្មវិធី​ផ្លាស់​ប្តូរ​យុវជន​ជប៉ុន​អាស៊ី​​លើ​វិស័យ​វិទ្យាសាស្ត្រ និង​កម្មវិធី​ផ្លាស់​ប្តូរ​វិទ្យាសាស្ត្រ​​សាគូ​រ៉ា បាន​ឲ្យ​ដឹង​ថា កម្មវិធី Japan-Asia Youth Exchange Program in Science (Sakura Exchange Program in Science) ដែល​គាំទ្រ​ដោយ​ Japan Science and Technology (JST) Agency ទីភ្នាក់ងារ​នេះ​ស្ថិត​នៅ​ក្រោម​ក្រសួង​អប់រំ​ជប៉ុន​​សម្រាប់​ជំរុញ​វិស័យ​វិទ្យាសាស្ត្រ ​និង​បច្ចេកវិទ្យា​​មាន​វគ្គ​បណ្តុះ​បណ្តាលរ​យៈ​ពេល​ខ្លី​ចំនួន​៣ ជា​រៀងរាល់​ឆ្នាំ​​ដោយ​ឥតគិតថ្លៃ​​នៅ​ជប៉ុន ដែល​វគ្គ​សិក្សា​នោះ​រួមមាន ទី​១-Science and Technology Exchange Activity Course  ទី​២-Collaborative Research Activity Course  ទី​៣-Planning Activity Course។


លិខិត​នោះ​បញ្ជាក់​ដែរ​ថា វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវ​បាន​រៀបចំឡើង​សម្រាប់​សិស្ស​​និង​និស្សិត​ឆ្នើម​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់​ ដែល​រួមមាន ចិន ​ឥណ្ឌា ​ម៉ុង​ហ្គោ​លី ​កូរ៉េ ​និង​តៃវ៉ាន់ ​ដែល​មាន​អាយុ​ក្រោម​៤០ ឆ្នាំ ហើយ​មិនដែល​ស្នាក់នៅ​ប្រទេស​ជប៉ុន។ ជាមួយគ្នា​នោះ ក្រសួងការបរទេស ​និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ស្នើ​ក្រសួង​អប់រំ​​យុវជន និង​កីឡា​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ដល់​វិទ្យាល័យ​មហាវិទ្យាល័យ​សាកលវិទ្យាល័យ​ គ្រឹះស្ថាន​អប់រំ ​និង​បណ្តុះ​​បណ្តាល​វិជ្ជាជីវៈ​នៅ​កម្ពុជា ហើយ​​សិស្ស​ និង​និស្សិត​កម្ពុជា ​អាច​ស្នើ​សាលា​របស់​ខ្លួន​​ទាក់ទង​ជាមួយ​វិទ្យាល័យ​​សាកលវិទ្យាល័យ​ និង​គ្រឹះស្ថាន​ឯកជន​នានា​នៅ​ជប៉ុន​​ដូច​មាន​បញ្ជី​ជូន​ភ្ជាប់​ដើម្បី​សុំ​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​ខាង​លើ​នេះ៕



លោក​ឧបនាយករដ្ឋមន្ត្រីហោ ណាំហុង​រៀបចំ​វគ្គ​សិក្សា​ខ្លី​ផ្នែក​វិទ្យាសាស្ត្រ​ដោយ​ឥតគិតថ្លៃ​នៅ​ប្រទេស​ជប៉ុន

Post a Comment

0 Comments

Close Menu