បាត់ដំបង ៖ បុរសម្នាក់វ័យជាង៣០ឆ្នាំម្នាក់ ត្រូវបានរថយន្តកុងតឺន័រកិនចំក្បាល បណ្តាលឲ្យផ្ទុះលលាដ៏ស្លាប់ភ្លាមៗនៅកណ្តាលផ្លូវជាតិលេខ៥៧ ដែលករណីនេះបានកើតឡើង កាលពីវេលាម៉ោង១០និង១៥នាទីយប់ថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៥ ត្រង់ចំនុចភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
បន្ទាប់ពីបុរសរងគ្រោះរូបនេះបានជិះម៉ូតូចេញពីកន្លែងផឹកស៊ីមួយកន្លែង ហើយបានរេចង្កូតទៅកណ្ដាលទ្រូងផ្លូវហើយត្រូវរថយន្តបុក កិនក្បាលតែម្តង។ សន្តិសុខយាមអាហារដ្ឋានមួយរូបបាននិយាយថា នៅមុនពេលកើតហេតុគឺបុរសរូបនេះទំនងធ្វើដំណើរចេញពីអាហារដ្ឋានមួយកន្លែងដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ត្រង់ចំនុចខាងលិចស្ពានវត្តគរ ដោយគេបានប្រើប្រាស់ម៉ូតូម៉ាក ហ្ស៊ូមម័រ គ្មានស្លាកលេខ ហើយបានបើកបរយ៉ាងលឿនក្នុងទិសដៅពីកើតទៅលិចផងដែរ។
សន្តិសុខរូបនេះបានបន្តថា លុះទៅដល់ខាងមុខអាហារដ្ឋានម្លប់ដូង ម៉ូតូនេះបានជិះគេចនឹងម៉ូតូកង់3មួយគ្រឿងដែលកំពុងចតដើម្បីលក់ប្រហិតចៀន គឺនៅពេលនោះហើយដែលម៉ូតូរបស់បុរសរងគ្រោះបានរេទៅកណ្ដាលទ្រូងផ្លូវ គាប់ជួនពេលនោះដែរក៏មានរថយន្តដឹកកុងតឺន័រមួយគ្រឿងបានមកដល់ល្មមក៏បានបុក និងកិនទៅលើក្បាលជនរងគ្រោះបណ្ដាលឲ្យលលាដ៏ក្បាលផ្ទុះធ្លាយខួរមកតែម្តង ចំណែកម៉ូតូរបស់ជនរងគ្រោះបានរត់បន្តទៅមុខចម្ងាយប្រមាណជាង20ម៉ែត្រ ដោយឡែករថយន្តក៏មិនបានបន្ថយល្បឿននោះទេ គេបានបង្កើនល្បឿនបើករត់គេចក្នុងទិសដៅឆ្ពោះទៅក្រុងភ្នំពេញបាត់ស្រមោល។
នៅពេលនោះដែរគេសង្កេតឃើញមាននារីម្នាក់បានមកឈរយំទឹកភ្នែកសស្រាក់ក្បែរចំនុចកើតហេតុដោយនាងបានពោលថា នាងមិនមានជាប់ពាក់ព័ន្ធសាច់ញាតិនោះទេ ប៉ុន្តែជនរងគ្រោះដូចទើបនឹងចេញពីហាង វីន វីន អម្បាញ់មិញ ប៉ុន្តែពេលនេះនាងមើលលែងស្គាល់ហើយ។ ទន្ទឹមនឹងនេះដែរក៏មានប្រភពជាច្រើនបាននិយាយថា ទំនងនាងគឺជាស្រីកំណាន់ហើយមើលទៅបានជាមានការយំស្រណោះអាណិតបែបនេះ ប៉ុន្តែបែរជានាងនិយាយថា មិនស្គាល់ទៅវិញ ដូច្នេះហើយដែលធ្វើអោយសមត្ថកិច្ចពិបាកក្នុងការស្រាវជ្រាវរកក្រុមគ្រួសារ ព្រោះនៅក្នុងខ្លួនជនរងគ្រោះមានតែទូរស័ព្ទចាស់មួយគ្រឿងដែលគ្មានទាំងស៊ីមថែមទៀត ហើយក៏គ្មានអ្វីសម្រាប់សំគាល់អំពីអត្តសញ្ញាណផងដែរ ដូច្នេះហើយទើបសមត្ថកិច្ចសម្រេចដឹកយកសពនេះទៅតម្កល់ទុកនៅក្នុងវត្តបច្ឆា ជាបណ្ដោះអាសន្នសិនរង់ចាំក្រែងមានសាច់ញាតិមកទទួលយក ដោយឡែករថយន្តដែលបានបើកគេចខ្លួននោះ សមត្ថកិច្ចក៏បានទំនាក់ទំនងទៅអធិការដ្ឋាននគរបាលស្រុកសង្កែ និងស្រុកមោងឫស្សីហើយដើម្បីអោយជួយសហការក្នុងការឃាត់រថយន្តនេះដើម្បីត្រួតពិនិត្យស្លាកស្នាម។ រហូតមកទល់នឹងព្រឹកថ្ងៃទី២៧នេះអត្តសញ្ញាណជនរងគ្រោះបានលេចចេញបន្តិចហើយគឺទំនងជាជាងជួសជុលម៉ាស៊ីនត្រជាក់នៅក្នុងខេត្ត ប៉ុន្តែមិនទាន់ដឹងថា ឈ្មោះអ្វី ហើយរស់នៅទីណានោះទេ ៕
ស្លាប់យ៉ាងអាណោចអាធ័ម ក្រោមសម្ពាធនៃកង់រថយន្តកុងតឺន័(Update)
0 Comments