Ad Code

លោក​ លី សារី ចូលរួម​ក្នុង​ពិធី​ផ្សព្វផ្សាយ​ជា​សាធារណៈ​លើ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​រហាល ស្រុក​ព្រះនេត្រព្រះ ចំនួន​៣​ភូមិ​



​បន្ទាយមានជ័យ ៖ លោក លី ​សារី​ អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​បាន​ចូលរួម​ក្នុង​ពិធី​ប្រកាស​កំណត់​តំបន់​ធ្វើការ​វិនិច្ឆ័យ​លើ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ​ស្ថិតក្នុង​ខេត្ត​បន្ទាយមានជ័យ​ នៅ​ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ ចំនួន៣​ភូមិ ភូមិ​ចក ព្រៃ​មាន់​ និង​ភូមិ​ឫស្សី ​លោក​សង្ឃឹមថា​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ស្តាប់​នាពេលនេះ​ នឹង​យក​ការយល់ដឹង​ទាំងនេះ​ទៅ​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ ក្នុងភូមិ​របស់​ខ្លួន​ឲ្យ​បាន​យល់ដឹង​ ហើយ​បើ​មាន​ទំនាស់​ព្រំ​អ្នកជិតខាង​ ក៏ត្រូវ​សម្រប​សម្រួល​គ្នា​ដើម្បី​ឲ្យ​ក្រុមការងារ​ងារ​ស្រួល​នឹង​ចុះបញ្ជី​ដីធ្លី​ត្រឹមត្រូវ​ ហើយ​ដើម្បី​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់​នាពេលខាងមុខ​នេះ​ផង​ដែរ​ នៅ​ព្រឹក​ថ្ងៃទី​២៨​ ខែធ្នូ ឆ្នាំ​២០១៨​។​​ និង​ដែលមាន​អ្នក​ចូលរួម​ លោក​ ប្រាក់ ​ប៉ូ​លី​ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរោបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​បន្ទាយ​មាន​ជ័យ ​មន្ត្រី​ និង​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​ដីធ្លី​ជាច្រើន​នាក់​ផងដែរ​។

​ក្នុងនោះ ​លោក​ ប្រាក់ ​ប៉ូ​លី​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹងថា​ ការប្រកាស​កំណត់​តំបន់​វិនិច្ឆ័យ​លើ​ការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ ជា​ដំណាក់កាល​ជាច្រើន​ដង​ ហើយ​នៅ​ស្រុក​ព្រះនេត្រព្រះ​នេះ​នីតិវិធី​ នៃ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​មាន​៥​ដំណាក់កាល​ ទី​១-​ត្រៀម​រៀបចំ ​គឺជា​ការ​កំណត់​តំបន់​ធ្វើការ​វិនិច្ឆ័យ បង្កើត​ដោយ​គណៈកម្មការ​រដ្ឋបាល​ជូនដំណឹង ប្រជុំ​ផ្សព្វផ្សាយ​ និង​ដំណើរការ​ផ្សព្វផ្សាយ​ពី​ការចុះបញ្ជី​ដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ។ ទី​២-​ប្រតិបត្តិការ​បច្ចេកទេស​ គឺជា​ការ​ចុះ​កំណត់​ព្រំ វាស់វែង ​និង​វិនិច្ឆ័យ​ ដើម្បី​កសាង​ប្លង់ ​និង​បញ្ជី​ឈ្មោះ​ម្ចាស់​ដី។ ទី​៣​-បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ ​នៃ​ការវិនិច្ឆ័យ​ប្លង់​សុរិយោដី​ និង​បញ្ជី​ឈ្មោះ​ម្ចាស់​មាន​រយៈពេល​១៥​ថ្ងៃ​ ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ម្ចាស់​ដី ​និង​អ្នកពាក់ព័ន្ធ​ធ្វើការ​ផ្ទៀងផ្ទាត់ ឈ្មោះ ស្ថានភាព​គ្រួសារ និង​ក្បាលដី​របស់​ខ្លួន ព្រមទាំង​ធ្វើការ​តវ៉ា ក្នុងករណី​មានការ​ខុសឆ្គង​ បើ​ផុត​រយៈពេល​កំណត់​ នៃ​ការបិទ​ផ្សាយ​បងប្អូន​ប្រជាពលរដ្ឋ​មិនអាច​ជំទាស់​តវ៉ា​បាន​ទៀតឡើយ។ ​ទី​៤-​សម្រេច​លើ​ឯកសារ​វិនិច្ឆ័យ របាយការណ៍​ពី​លទ្ធផល ​នៃ​ការបិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​ នៃ​ការវិនិច្ឆ័យ​របស់​គណៈកម្មការ​រដ្ឋបាល​ជូន​អភិបាលខេត្ត​ ដើម្បី​ពិនិត្យ​ និង​សម្រេច​លើ​ការផ្តល់​សិទ្ធ​ចំពោះ​ក្បាលដី​ណា​ដែល​មិនមាន​ទំនាស់។ ទី​៥​-ចុះបញ្ជី​ចេញ​ប័ណ្ណ​ និង​ជូន​ម្ចាស់​ដី​។

លោក​បាន​បន្ត​ថា ​យោង​តាម​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ បានកំណត់​ជា​មួយ​ក្រសួង​រៀបចំ​ដែនដី​នគរោបនីយកម្ម ​និង​សំណង់ ដ យ តម្រូវ​ឲ្យ​ម្ចាស់​ក្បាលដី​អ្នកកាន់កាប់​ដី​បង់​សេវា ​នៃ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​តែមួយគត់​ពេល​មក​ទទួល​ប័ណ្ណ ត្រូវ​បង់​ក្នុង​តម្លៃ ដី​កសិកម្ម​ជនបទ ស្មើ​១​រៀល ​ក្នុង​១​ម៉ែត្រការ៉េ ដី​លំនៅឋាន​ជនបទ​គឺ​១​ម៉ែត្រការ៉េ ស្មើ​១០​រៀល ដី​ទីប្រជុំជន​ស្រុក​គឺ​១​ម៉ែត្រ​ការ៉េ ស្មើ​២០​រៀល ដី​ទីប្រជុំជន​ខេត្ត​ ឬ​ដី​ជាទី​ប្រជុំជន​រាជធានី​ភ្នំពេញ​ គឺ​១​ម៉ែត្រការ៉េ​ ស្មើ​២៥០​រៀល ដី​ទីប្រជុំជន​រាជធានី​ភ្នំពេញ ​គឺ​១​ម៉ែត្រការ៉េ​ ស្មើ​៥០០​រៀល​។

​ក្នុងនោះ លោក​ លី សារី​ បាន​មានប្រសាសន៍ កោតសរសើរ ​និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​ក្រសួង​រៀបចំ​ដែនដី​នគរោបនីយកម្ម និង​សំណង់ ដែល​តែងតែ​យកចិត្តទុកដាក់​ក្នុង​ការ​ក​សាង​ធនធានមនុស្ស សំដៅ​ពង្រឹង​សមត្ថភាព​ជំនាញ​បង្កើត​ការ​ទទួលខុសត្រូវ​ចំពោះ​តួនាទី​ និង​ភារកិច្ច​ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ​ ក៏ដូចជា​ប្រទេសជាតិ ប្រកបដោយ ប្រសិទ្ធភាព​ខ្ពស់​។

លោក​ លី សារី​ បាន​ថ្លែង​អំណរគុណ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ស្វែងយល់​អំពី​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ នៅ​ស្រុក​ព្រះនេត្រព្រះ​យើង​នេះ ​ដើម្បី​ពិនិត្យ​ថា ​តើ​ការចុះបញ្ជី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ មាន​ភាព​សុក្រឹត​ទាំង​ការងារ​បច្ចេកទេស និង​ផ្លូវច្បាប់​ត្រឹមត្រូវ ហើយ​ឬ​នូវ ក៏​ដូចជា​ការរួមចំណែក នូវ​សុវត្ថិភាព នៃ​ការកាន់កាប់​ដីធ្លី កាត់បន្ថយ​ទំនាស់​ និង​ជំរុញ​ឲ្យ​មាន​ទីផ្សារ​ដីធ្លី​ប្រកបដោយ ប្រសិទ្ធភាព​ខ្ពស់​កាត់បន្ថយ​ភាព​ក្រីក្រ ស្ថិរភាព​សង្គម និង ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឲ្យ កាន់តែ​ប្រសើរ​ឡើង ស្របតាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ​ដែល​មាន​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​អាណត្តិ​ទី​៦​នេះ​៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu