Ad Code

ឃាត់ខ្លួន​ក្រុម​ចាប់​ជំរិត​៥​នាក់​ បន្លំ​ស្លៀកពាក់​ឯកសណ្ឋាន​យោធា និង​រំដោះ​ជនជាតិ​ថៃ​២​នាក់​



​ព្រះវិហារ ៖ កម្លាំង​នគរបាល ​នៃ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​ នៃ​ក្រសួងមហាផ្ទៃ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះវិហារ បើក​ប្រតិបត្តិ​ការឡោមព័ទ្ធ​ទីតាំង​មួយ​កន្លែង​ចាប់​ជំរិត​ជនជាតិ​ថៃ​កាលពីពេល​ថ្មីៗ​នេះ ​ស្ថិតនៅ​ក្នុងភូមិ ស្រអែម ឃុំ ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ។​

ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ លោក​ឧត្ដមសេនីយ៍ ទោ យិន ចំណាន បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌​មាន​ថា បន្ទាប់ពី​ទទួលបាន​ការណែនាំ​ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ កម្លាំង​នគរបាល​ខេត្ត​ព្រះវិហារ ប្រមាណ​៤០​នាក់ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល នៃ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង បាន​ចុះទៅ​ដល់​ទី​តាំង​ខាងលើ និង​ធ្វើការ​ឡោមព័ទ្ធ​ទីតាំង​ខាងលើ មួយ​យប់​ទល់​ភ្លឺ រហូត​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​ សុទ្ធតែ​ស្លៀកពាក់​ឯកសណ្ឋាន​កងទ័ព​ ព្រមទាំង​ដកហូត​សម្ភារៈ​មួយ​ចំនួន និង​រំដោះ​នារី​ជនជាតិ​ថៃ​ពីរ​នាក់​។​

សមត្ថកិច្ច​មិនទាន់​បង្ហាញ​ឈ្មោះ​ក្រុម​ជនសង្ស័យ​នៅ​ឡើយ​ទេ ​ដោយសារ​ប្រញាប់ប្រញាល់​បញ្ជូន​បន្ត​ទៅ​ភ្នំពេញ​នាពេលនោះ​។​

លោកស្នងការ​នគរបាល​បញ្ជាក់ថា ក្រោយ​ការ​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​៥​នាក់ រួម​នឹង​វត្ថុតាង ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​កាន់​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ នៃ​ច្បាប់។ រីឯ​នារី​រងគ្រោះ ជា​ជនជាតិ​ថៃ​ ត្រូវបាន​បញ្ជូន​ខ្លួន​ទៅកាន់​រាជធានី​ភ្នំពេញ​ផងដែរ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu