សៀមរាប ៖ សមត្ថកិច្ចបានឲ្យដឹងថា បុរសជាថៅកែនំខួបកំណើតម្នាក់ ត្រូវបានម្ចាស់ទីតាំងនិយាយថា បាននាំស្រីក្មេងទៅដេកក្នុងផ្ទះសំណាក់ ហើយទំនងជាមានអារម្មណ៍ស្រើបស្រាលខ្លាំងរហូត គាំងបេះដូងស្លាប់ នៅលើបង្គងតែម្ដង។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១និង២០នាទីរំលងអធ្រាត្រ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះសំណាក់សែនសុខ ក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះ ដែលគាំងបេះដូងស្លាប់ ឈ្មោះ ជួន សំបូរ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ បើកហាងលក់នំខួបកំណើត នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និងមានស្រុកកំណើតភូមិអណ្តូងទឹក ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង។ ចំណែកឯស្ត្រីជាដៃគូ ក្នុងដំណើរឆ្ពោះទៅឋានសួគ៌នោះ មិនត្រូវសមត្ថកិច្ចបង្ហាញអត្តសញ្ញាណនោះទេ។
ប្រភពដដែលបានអះអាងថា ករណីនេះ មូលហេតុ ផឹកស្រាស្រវឹងខ្លាំង ហើយនាំស្រីមកដេកពេលមានអារម្មណ៍ ស្រើបស្រាលខ្លាំង ក៏បណ្តាលឲ្យគាំងបេះដូងស្លាប់តែម្ដង។ ក្រោយពិនិត្យ និងធ្វើកោសលវិច័យ សាកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments