Ad Code

ក្រសួង​ការងារ​អះអាងថា ការទូទាត់​ប្រាក់​បំណាត់​អតីតភាព​ការងារ នឹង​ចាប់ផ្ដើម​អនុវត្ត​ពីរដង​ក្នុង​មួយឆ្នាំ នៅ​ខែមិថុនា ឆ្នាំ​២០១៩



ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អះអាងថា ការទូទាត់​ប្រាក់​បំណាច់​អតីត ភាព​ការងារ​ជូន​កម្មករនិយោជិត ដែល​បាននិងកំពុង​ប្រើប្រាស់​កិច្ចសន្យាការងារ មាន​ថិរវេលា​មិន​កំណត់ (​កិច្ចសន្យា​រយៈពេល​វែង​) នឹង​ទទួលបាន​ការទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​២​ដង ក្នុង​មួយឆ្នាំ គឺ​ក្នុង​ខែមិថុនា និង​ខែធ្នូ ដោយ​នឹងត្រូវ​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ខែមិថុនា ឆ្នាំ​២០១៩​តទៅ​។​

​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ចេញផ្សាយ​កាលពី​ថ្ងៃទី​២៨​ធ្នូ​កន្លងទៅនេះ​បាន​ឲ្យ​ដឹងថា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​សូម​ជូនដំណឹង​ដល់​សាធារណជន សមាគម សហជីព និង​កម្មករនិយោជិត​ឲ្យ​បាន​ជ្រាបថា ការទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​២​ដង ក្នុង​មួយឆ្នាំ គឺ​ក្នុង​ខែមិថុនា និង​ខែធ្នូ ដោយ​នឹងត្រូវ​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ខែមិថុនា ឆ្នាំ​២០១៩​តទៅ​នេះ គឺ​យោងទៅតាម​ច្បាប់ ស្ដីពី​វិសោធនកម្ម​មាត្រា​៨៧ ចំណងជើង​ចំណុច​គ​ផ្នែក​ទី​៣ នៃ​ជំពូក​ទី​៤ មាត្រា​៨៩ មាត្រា​៩០ មាត្រា​៩១ មាត្រា​៩៤ មាត្រា​១១០ មាត្រា​១២០ និង​មាត្រា​១២២ នៃ​ច្បាប់ ស្ដីពី​ការងារ ដែល​ត្រូវបាន​ព្រះរាជក្រម​ប្រកាស​ដាក់​ឲ្យ​ប្រើ​កាលពី​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៧​កន្លងទៅ​។​

​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​បានបញ្ជាក់​ទៀតថា ការទូទាត់​បើក​រំលឹក​ប្រាក់​បំណាច់​អតីតភាព​ការងារ​របស់​កម្មករ​និយោជិត ដែលមាន​មុន​ឆ្នាំ​២០១៩ ក្រសួង​កំពុងធ្វើការ​ពិភាក្សា​ជាមួយ​វិស័យ​ឯកជន ដើម្បី​កំណត់​កាលវិភាគ​ជាក់លាក់​មួយ ក្នុងការ​តម្រូវ​ឲ្យ​សហគ្រាស គ្រឹះស្ថាន អនុវត្ត​កាតព្វកិច្ច​បើក​រំលឹក​ប្រាក់​បំណាច់​អតីតភាព​ការងារ​នេះ​។​

​យ៉ាងណាក៏ដោយ​ក្នុងអំឡុងពេល នៃ​ការទូទាត់​បើក​រំលឹក​ប្រាក់​បំណាច់​អតីតភាព​ការងារ​នេះ ក្រសួង​សូម​ធានា​ចំពោះ​អត្ថប្រយោជន៍​ស្របច្បាប់​នានា ដែល​បងប្អូន​កម្មករ​និយោជិត​មាន ហើយ​ដែល​សហគ្រាស គ្រឹះស្ថាន​ក្ស័យធន ឬ​បិទទ្វារ​ណាមួយ​មិនទាន់បាន​ទូទាត់​ជូន​បងប្អូន​កម្មករនិយោជិត​។​

​ចុងក្រោយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានស្នើ​ដល់​សមាគម សហជីព និង​កម្មករនិយោជិត ត្រូវ​រក្សា​ភាពនឹងនរ​ក្នុង​ចិត្ត​ចៀសវាង​ការចាញ់បោក​បញ្ឆោត​ពី​សំណាក់​ជនខិលខូច​មួយ​ចំនួន​ដែលមាន​បំណង​ញុះញង់​បង្ក​អស្ថិរភាព​នក​ក្នុង​សហគ្រាស​គ្រឹះស្ថាន​ដែល​អាច​បំផ្លាញ​ការងារ​អចិន្ត្រៃយ៍​របស់​បងប្អូន​កម្មករនិយោជិត​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu