Ad Code

រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ស្នើ​អគ្គលេខាធិការ​រង​អង្គការសហប្រជាជាតិ ជួយ​បណ្តុះបណ្តាល និង​ជ្រើសរើស​មន្ត្រី​កម្ពុជា ទៅ​ហ្វឹក​ហាត់​ការងារ



ភ្នំពេញ​ ៖ ការ​ស្នើ​នេះ​បាន​ធ្វើ​ឡើង​នៅក្នុង​ជំនួប​រវាង​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​លោកជំទាវ​បណ្ឌិត Armida Salsiah Alisjahbana អគ្គលេខាធិការ​រង​អង្គការសហប្រជាជាតិ និង​ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គមកិច្ច​សម្រាប់​អាស៊ី និង​ប៉ាស៊ីហ្វិក នៃ​អង្គការសហប្រជាជាតិ (UN-ESCAP) កាលពី​រសៀល​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៩​។

ជំនួប​នេះ​បាន​ធ្វើ​ឡើង​នៅ​ទីស្តីការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុង​ឱកាស​ដែល​លោកជំទាវ​បណ្ឌិត Armida Salsiah Alisjahbana អគ្គ​លេខាធិការរង​អង្គការសហប្រជាជាតិ និង​ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គមកិច្ច​សម្រាប់​អាស៊ី និង​ប៉ាស៊ីហ្វិក នៃ​អង្គការសហប្រជាជាតិ (UN-ESCAP) មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​០៨ ដល់​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៩ ពិភាក្សា​អំពី​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រ​វាង​ព្រះរាជាណាចក្រ​កម្ពុជា និង UN-ESCAP ដើម្បី​គោលដៅ​រួម​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។



​នៅក្នុង​ជំនួប​នោះ លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ការ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​របស់​លោក​ជំទាវ​បណ្ឌិត និង​បាន​ជម្រាប​ជូន​ភ្ញៀវ​អំពី​វឌ្ឍនភាព​ការងារ​របស់​រាជរដ្ឋាភិបាល​កម្ពុជា នា​ពេល​កន្លងមក ដោយ​ក្នុងនោះ កម្ពុជា​បាន​រៀបចំ​នូវ “​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា ឆ្នាំ​២០១៦-២០៣០ (​គ​.​អ​.​ច​.​ក​.) - Cambodia Sustainable Development Goals-CSDGs” ដែលមាន​១៨ គោលដៅ ៨៨​ចំណុច​ដៅ និង​១៤៨ សូចនាករ ដែល​នឹង​ត្រូវ​ចូលរួម​អនុវត្ត​ទៅតាម​សមត្ថកិច្ច នៃ​ក្រសួង​-​ស្ថាប័ន​នានា​។ គ​.​អ​.​ច​.​ក​. គឺជា​ធាតុ​ចូល​ដ៏​សំខាន់​សម្រាប់​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល ជាពិសេស​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដែល​ផ្តោតលើ​គោលដៅ​យុទ្ធសាស្ត្រ​សំខាន់ៗ​ចំនួន​៤ រួមមាន កំណើន​ការងារ​, កាត់បន្ថយ​ភាពក្រីក្រ​, សមត្ថភាព​ស្ថាប័ន សាធារណៈ និង​ការ​ពង្រឹង​អភិបាលកិច្ច​។ ទន្ទឹម​នឹង​ការជំរុញ​កំណើនសេដ្ឋកិច្ច​ខ្ពស់ យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ក៏បាន​ផ្សារភ្ជាប់ “​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា​” ជាមួយ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន តាមរយៈ​ការ​អភិវឌ្ឍ​ធនធានមនុស្ស ការ​លើកកម្ពស់​ការអប់រំ និង​ជំនាញ​វិជ្ជាជីវៈ ការ​លើកកម្ពស់​សេវាសាធារណៈ និង​អាហារូបត្ថម្ភ រួម​ទាំង​ការ​ពង្រឹង​សមភាព​យេនឌ័រ និង​ការ​គាំពារ​សង្គម។

ជា​មួយ​គ្នា​នេះ “​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​ឆ្នាំ ២០១៦-២០២៥” ត្រូវ​បាន​អនុម័ត ក្នុង​គោលបំណង​ធានា​សន្តិសុខ​ប្រាក់ចំណូល និង​ការកាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​ប្រជាជន សំដៅ​លើកកម្ពស់​សុខុមាល​ភាព​និង​ពង្រឹង​សាមគ្គីភាព​សង្គម ព្រមទាំង​កាត់បន្ថយ​ភាពក្រីក្រ​ជា​អតិបរមា​។



នៅក្នុង​ជំនួប​នោះ​ដែរ លោកជំទាវ​បណ្ឌិត Armida Salsiah Alisjahbana ក៏បាន​ជម្រាប​ជូន​អំពី​សហប្រតិបត្តិការ​នានា​របស់ UN-ESCAP ក្នុង​ការជួយ​អភិវឌ្ឍន៍​ប្រទេស​ជា​សមាជិក ស្របតាម​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ក្នុងនោះ​មាន កិច្ចសហប្រតិបត្តិការ​ជា​ជំនួយ​បច្ចេកទេស​, កិច្ច​សហប្រតិបត្តិការ​លើ​ការអភិវឌ្ឍន៍​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ដូចជា គោលនយោបាយ​កែទម្រង់​សារពើ​ពន្ធ​ជាដើម​។

ឆ្លៀត​ក្នុង​ឱកាស​នោះ លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានស្នើ​សុំ UN-ESCAP ជួយ​បណ្តុះបណ្តាល និង​ពិនិត្យ​លទ្ធភាព​ជ្រើសរើស​មន្ត្រី​កម្ពុជា ទៅ​ហ្វឹក​ហាត់​ការងារ​នៅក្នុង UN-ESCAP និង​បាន​សម្តែង​នូវ​អំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​គាំទ្រ និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អប្រសើរ​របស់ UN-ESCAP ជាមួយ​រាជរដ្ឋាភិបាល ក្នុង​កិច្ចអភិវឌ្ឍន៍​កម្ពុជា និង​បាន​ជូនពរ​លោកជំទាវ​បណ្ឌិត Armida Salsiah Alisjahbana អគ្គលេខាធិការ​រង​អង្គការសហប្រជាជាតិ និង​ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គមកិច្ច​សម្រាប់​អាស៊ី និង​ប៉ាស៊ីហ្វិក នៃ​អង្គការសហប្រជាជាតិ UN-ESCAP ឲ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​បេសកកម្ម​ការងារ​របស់​លោកជំទាវ​នៅ​កម្ពុជា​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu