Ad Code

នៅ​ស្រុក​អង្គស្នួល មក​ភ្នំពេញ​ចូល​ផ្ទះ​គេ​ប៉ង​លួច​ទ្រព្យសម្បត្តិ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​



ភ្នំពេញ​ ៖ បុរស​ម្នាក់​សង្ស័យ​ជា​ចោរលួច​ទ្រព្យសម្បត្តិ​គេ​ត្រូវ​បាន​ប្រជាជន​នាំគ្នា​ដេញ​ចាប់​ខ្លួន​បាន​យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ចាត់ការ​ទៅ​តាមផ្លូវ​ច្បាប់​កាលពី​ម៉ោង​១២ និង​៣០​នាទី យប់​ឈាន​ចូល​ថ្ងៃទី​១១ ខែមេសា ​ឆ្នាំ​២០១៩ នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។

មន្ត្រីនគរបាល​រដ្ឋបាល​ប៉ុ​ស្តិ៍​ទឹកថ្លា បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​ចោរ​ខាងលើ​ឈ្មោះ ដា លីន អាយុ​២៧​ឆ្នាំ គ្មាន​មុខរបរ​ពិតប្រាកដ ស្នាក់នៅ​ផ្ទះ​ជួល​ភូមិ​អន្លុង​ស្វាយ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

ប៉ូលិស​បាន​ឃាត់ខ្លួន​ជន​សង្ស័យ​ខាងលើ​តាម​បណ្តឹង​ចោទប្រកាន់​ពី​ប្រជាជន​រងគ្រោះ​ម្នាក់​ឈ្មោះ អ៊ី​ន សុខខឿន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ជាង​ម៉ាស៊ីនត្រជាក់ ស្នាក់នៅ​ផ្ទះជួល ភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។

បើ​តាម​បណ្តឹង​របស់​ជនរងគ្រោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​បាន​អង្គុយ​នៅក្នុង​ផ្ទះ​ជាមួយ​ប្រពន្ធ ក្រោយមក​ប្រព​ន្ធ​គាត់​បាន​ស្រែក​ប្រាប់​ឲ្យ​គាត់​ទៅ​មើល​ក្នុង​បន្ទប់​ដាក់​អីវ៉ាន់​(​សម្ភារៈ​ទ្រព្យសម្បត្តិ​)​ផង​ ព្រោះ​មាន​ឮ​សម្លេង​ធ្លាក់​អីវ៉ាន់ ភ្លាម​នោះ​គាត់​ក៏បាន​ស្ទុះ​មក​មើល​ក៏បាន​ប្រទះឃើញ​ជនសង្ស័យ​ខាង​លើ​កំពុង​ដើរ​ចេញពី​បន្ទប់ ក៏​ស្រែក​ចោរៗ​ដើម្បី​ឲ្យ​គេ​ជួយ​ដេញ​ចាប់​។ នៅ​គ្រា​នោះ​ប្រជាជន​អ្នកជិតខាង​ក៏បាន​នាំគ្នា​ដេញ​ចាប់​បាន​នៅ​ចំណុច​ក្នុង​សួន​លក់​កូន​ឈើ​និង​ផ្កា​នៅ​ក្បែរ​វត្ត​ទឹកថ្លា រួច​ក៏​ហៅ​ប៉ូលិស​ឲ្យ​មក​ទទួល​យក​ទៅ​ចាត់ការ​តាម​ច្បាប់​តែម្តង​។

​ជនសង្ស័យ​បាន​សារភាព​ពី​សកម្មភាព​របស់​ខ្លួន​លបចូល​មក​ក្នុងផ្ទះ​គេ​ដើម្បី​ប៉ុន​ប៉ង​លួច​យក​ទ្រព្យសម្បត្តិ​ដោយ​ខុសច្បាប់ ដោយសារតែ​ភាព​ក្រីក្រ ប៉ុន្តែ​ត្រូវ​ម្ចាស់​គេ​ដឹង​នាំគ្នា​ដេញ​ចាប់​ខ្លួន​បាន​ជាក់ស្តែង​យក​មក​ប្រគល់​ឲ្យ​ប៉ូលិស​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu