Ad Code

ចោរឆក់​កាបូប​មាន​លុយ​ស្ដ្រី ជនជាតិ​ចិន ៣​ម៉ឺ​ន​ដុល្លារ តែ​តាម​ចាប់​យក​បាន​លុយ​មកវិញ​ទាំងអស់​ពិតជា​សំណាង​ណាស់



ភ្នំពេញ​ ៖ ស្ដ្រី​ជន​ជាតិចិន​ម្នាក់​សង្ស័យ​ភ័យ​ផ្អែមមាត់​ផ្អែម.ក បន្ទាប់ ពី​ដើរលេង​តាម​ចិញ្ចើមផ្លូវ ហើយ​ត្រូវ​យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ​ពី​ស្ដ្រី​នោះ​បាន​សម្រេច ដែល​នៅក្នុង​កាបូប​នោះ​មាន​លុយ​រហូតដល់​ទៅ​៣​ម៉ឺន​ដុល្លារ​ធ្វើ​ឲ្យ​នាង​ភ័យ​ស្លន់ស្លោ​ស្រែក​ឲ្យ​គេ​ជួយ នៅ​ទីបំផុត​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​តាម​ចាប់ខ្លួន​ជនសង្ស័យ​បាន​ភ្លាមៗ​ផង​ដែរ និង​យក​លុយ​បាន​មកវិញ​ទាំងអស់ វា​ពិតជា​សំណាង​ណាស់​ទ្រព្យ​របស់គេ ពិតជា​មិនអាច​ឃ្លាត​ទៅណា​ពី​ម្ចាស់​គេ​បានទេ។



ហេតុការណ៍​នេះ ​បាន​កើ​ត​ឡើ​ង​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់ ​ថ្ងៃទី​១០ ​ខែមេសា​ ឆ្នាំ២០១៩ ត្រង់​ចំណុច​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ តាម​បណ្តោយ​ផ្លូវ​ហស​ព័ន្ធ​រុស្ស៊ី ស្ថិត​ក្នុងភូមិ​ព្រៃទា សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ជនសង្ស័យ​ទី​១ មានឈ្មោះ​លឹម លាង​ហេង ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​រស់នៅ​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ​សែន​ជ័យ ទី​២​ឈ្មោះ ជាង សី ភេទ​ប្រុស​ អាយុ១៥​ឆ្នាំ ​ស្នាក់​នៅក្បែរ​សាលា​គោក​បញ្ជាន់ ភូមិ​ចោមចៅ​ទី​២ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ទីលំនៅ​កំណើត​ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល ។​ចំណែក​ជនរងគ្រោះ​ឈ្មោះ ZENG CHUN ភេទ​ស្រី​អាយុ ៤២​ឆ្នាំ​ជា​ជនជាតិ​ចិនដីគោក​។



តាម​សាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើ​ត​ហេតុ​ជនរងគ្រោះ​បាន​ចុះ​ពី​លើ​សណ្ឋាគារ​មកវិញ​បាន​ដើរ​លេង​តាមផ្លូវ​ស្រាប់តែ​ឃើញ​គេ​កំពុង​ធ្វើ​កម្មវិធី​ជប់លៀង​ក៏​ទាញ​ទូរស័ព្ទ​ថត​លេង​ភ្លាម​នោះ​ក៏​លេចមុខ​ជនសង្ស័យ​ចំនួន​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ឃ្លី​ក​ពណ៍​ខ្មៅ គ្មាន​ស្លាក​លេខ​មក​ធ្វើ​សកម្មភាព​ឆក់​កាបូប​យួរ​ពី​ដៃ​ជនរងគ្រោះ បានសម្រេច​ហើយ​ព្យាយាម​ជិះ​គេចខ្លួន​តែ​ត្រូវ​បាន​កម្លាំង​អន្តរាគមន៍​ល្បាត​ឃើញ​ក៏​ដេញ​ចាប់​បាន​ភ្លាមៗ​តែម្តង។

អ្នក​ឃើញ​ហេតុការណ៍​នេះ​គេ​និយាយ​ថា ​ស្ដ្រីជន​ជាតិចិន​ម្នាក់នេះ​ពិតជា​សំណាង​ណាស់​ដោយសារ​សមត្ថកិច្ច​តាម​ចាប់​យក​បាន​មកវិញ​នូវ​ទឹក​លុយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ​. កន្លងទៅ​មិន​ងាយ​តាម​ចាប់បាន​មកវិញ​ដូច្នេះ​ទេ​ឲ្យ​តែ​ឆក់​បាន​គឺ​ច្បាស់​ជា​មិន​ងាយ​តាម​ចាប់បាន​វិញ​អីចឹង​ឡើយ។



បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​អន្តរាគមន៍​ពិសេស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ប្រគល់​ឲ្យ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោមចៅ​ទី​២​ធ្វើការសាកសួរ​បន្ត​និង​បញ្ជូន​ទៅ​អធិការ​នគរបាល​ខណ្ឌ​ដើម្បី​ចាត់ការ​តាមច្បាប់ ចំណែក​លុយ​នោះ​ត្រូវ​បាន សមត្ថកិច្ច​ប្រគល់​ជូន​ទៅ​ជនរងគ្រោះ​វិញ គ្រប់​ចំនួន​ដោយ​មិន​បាត់​១​សេន​ឡើយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu