Ad Code

មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍ ស្នើ​ឲ្យ​មានការ​ការពារ​សន្តិសុខ​សុវត្ថិភាព ជូន​ភ្ញៀវទេសចរ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំថ្មី



ភ្នំពេញ​៖ លោកស្រី ហ៊ុន ដា​នី រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​ស្នើ​ឲ្យ​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត សហការ​ជាមួយ​អាជ្ញាធរ កម្លាំង​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ ពង្រឹង​ការ​ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ភ្ញៀវទេសចរណ៍​ឲ្យ​បាន​ល្អ​ប្រសើរ​នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ​។

ដោយសារ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៤-១៥-១៦ ខែមេសា កាន់តែ​ខិត​ជិត​មកដល់ លោកស្រី​រដ្ឋលេខាធិការ​បានស្នើ​ឲ្យ​មន្ទីរ​ទេសចរណ៍​ខេត្ត ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ ចាត់វិធានការ​ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ​ឲ្យ​បាន​ល្អ​ប្រសើរ មួយវិញទៀត​ត្រូវ​សហការ​ជាមួយ​ប្រតិបត្តិ​ករ​ទេសចរ ពន្យល់ អប់រំ ណែនាំ ឲ្យ​មានការ​ថែរក្សា​អនាម័យ ដោយ​លុបបំបាត់​ការ​បោះចោល​សំរាម កាកសំណល់​ផ្សេងៗ វេច​ខ្ចប់​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ និង​មាន​កន្ត្រក​សម្រាប់​ដាក់​សំរាម​នៅក្រោម​តុ បន្ទប់ទឹក បន្ទប់​គេង​ជាដើម​។

លោកស្រី​ថ្លែង​បែបនេះ​ក្នុង​ឱកាស​ចុះ​ផ្សព្វផ្សាយ​អនុសាសន៍ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា អម​ជាមួយ​វគ្គ​បណ្តុះបណ្តាល​ស្តីពី ការ​បញ្ជ្រាប​យេនឌ័រ​ក្នុង​វិស័យ​ទេសចរណ៍ ដែល​បាន​ប្រារព្ធ​ធ្វើឡើង​កាលពី​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៩ នៅ​ខេត្តកំពត​។

លោកស្រី​រដ្ឋលេខាធិការ ក៏បាន​ធ្វើការ​ណែនាំ និង​ផ្តល់​អនុសាសន៍​មួយចំនួន​ដល់​អាជ្ញាធរ ក៏ដូចជា​អ្នក​ពាក់ព័ន្ធ ត្រូវ​យកចិត្តទុកដាក់​បន្ថែម​ទៀត ដល់​ការ​ពង្រឹង​គុណភាព​ផលិតផល​ទេសចរណ៍ ដើម្បី​ជា​យន្តការ​ទាក់ទាញ និង​រក្សា​បាន​នូវ​កំណើន​ទេសចរ តាមរយៈ​ការ​ផ្តល់​បដិសណ្ឋារកិច្ច សេវាកម្ម អនាម័យ ភាព​ស្អាត និង​បៃតង រួម​ទាំង​តម្លៃ​ក៏ត្រូវ​សមរម្យ​ផង​ដែរ​។

ក្រៅពី​នេះ​ ត្រូវ​ចូលរួម​ទប់ស្កាត់​ការ​ជួញដូរ ការប្រើប្រាស់​គ្រឿងញៀន ការ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​លើ​ស្ត្រី និង​កុមារ​ក្នុង​វិស័យ​ទេសចរណ៍ ដោយ​មិន​ត្រូវ​យក​ទេសចរណ៍​ជា​ខែល​បិទបាំង​នូវ​អំពើ​ខុសច្បាប់​ទាំងនេះ​ឡើយ​។

​លោកស្រី ហ៊ុន ដា​នី ក៏បាន​ផ្តាំផ្ញើ​ដល់​ក្រុម​នារី​ឯកជន​ឲ្យ​ចេះ​ស្រលាញ់​ខ្លួន​ស្រលាញ់​ប្រពៃណី កុំ​ស្លៀកពាក់​សិច​ស៊ី​ខើច​លើ​ខើច​ក្រោម ជាពិសេស​ត្រូវ​ប្រកាន់​ឥរិយាបថ​ជា​ស្ត្រី​ខ្មែរ កុំ​ធ្វើ​អ្វី​ដែល​ជ្រុល​ហួសហេតុ នាំ​ឲ្យ​បាត់បង់​តម្លៃ កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​ក្នុងនាម​ជា​ស្ត្រី ហើយ​រួមគ្នា​បង្កើន​ការប្រើប្រាស់​ផលិតផល​ក្នុងស្រុក ជំនួស​ឲ្យ​ការ​នាំ​ចូល និង​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ច ដូចជា របស់របរ​ដែល​ធ្វើ​ពី​ឫស្សី ផ្តៅ លំពាក់ ស្លឹក​ឈូក ស្លឹកចេក និង​បន្លែ​ផ្លែឈើ​ដែល​មាន​ក្នុង​សហគមន៍៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu