ភ្នំពេញ ៖ ក្រសួងសុខាភិបាលនឹងដាក់ពង្រាយគ្រូពេទ្យនិងរថយន្តសង្គ្រោះដើម្បីត្រៀមជួយសង្គ្រោះបឋមដល់ប្រជាពលរដ្ឋ ដែលមានបញ្ហាសុខភាពនៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរដែលនឹងឈានចូលមកដល់នៅចុងសប្តាហ៍នេះ។
ការដាក់ពង្រាយគ្រូពេទ្យនិងរថយន្តសង្គ្រោះនេះដោយសារតែពិធីបុណ្យចូលឆ្នាំខ្មែរម្តងៗប្រជាពលរដ្ឋតែងតែមានជួបបញ្ហាសុខភាពដូចជាគ្រោះថ្នាក់ចរាចរណ៍ ឈឺក្បាល វិលមុខ ខ្យល់គនិងជំងឺរាកជាដើមដោយសារការបរិភោគចំណីអាហារមិនស្អាតនិងអាកាសធាតុក្តៅខ្លាំង។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសុខាភិបាលបានណែនាំដល់មន្ទីរសុខាភិបាលទាំង២៥រាជធានីខេត្ត ត្រូវដាក់ពង្រាយគ្រូពេទ្យនិងរថយន្តសង្គ្រោះពិសេសនៅតាមកន្លែងពិធីសង្ក្រាន្តតាមខេត្តដើម្បីត្រៀមជួយសង្គ្រោះឲ្យទាន់ពេលវេលាដល់ពលរដ្ឋមានបញ្ហាសុខភាពស្រាលៗ។
លោកស្រីវេជ្ជបណ្ឌិត បានជំរុញឲ្យក្រុមគ្រូពេទ្យដែលនៅប្រចាំការ២៤ម៉ោងលើ២៤ម៉ោងនៅតាមគោលដៅនីមួយៗ ត្រូវត្រៀមសម្ភារៈបរិក្ខារដូចជាថ្នាំពេទ្យ សេរ៉ូមជាដើមឲ្យបានរួចរាល់ត្រៀមចាំជួយសង្គ្រោះដល់ប្រជាពលរដ្ឋហើយក្នុងករណីធ្ងន់ធ្ងរត្រូវប្រញាប់បញ្ចូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យពិនិត្យនិងព្យាបាលឲ្យបានទាន់ពេលវេលា។
លោកស្រីវេជ្ជបណ្ឌិតបានបន្ថែមថា ជាងនេះទៅទៀតក្រសួងក៏បានណែនាំឲ្យមន្ទីរសុខាភិបាលនីមួយៗចល័តគ្រូពេទ្យនៅតាមតំបន់ដែលមានមហាជនច្រើនៗដើម្បីជួយសង្គ្រោះបឋមដល់ពលរដ្ឋនៅពេលមានបញ្ហាវិលមុខ ឈឺក្បាល ចុកពោះឬរាគរូស ផងដែរ។
ជាមួយគ្នានេះដែរ លោកស្រីវេជ្ជបណ្ឌិត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ហូបស្អាត ផឹកស្អាតនិងរស់នៅស្អាតនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះដើម្បីជៀសវាងកុំឲ្យកើតជំងឺដង្កាត់ផ្សេងៗហើយពេលមានបញ្ហាសុខភាពត្រូវប្រញាប់ទៅកាន់មណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតផ្ទះ។
លោកវេជ្ជបណ្ឌិត កែ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានមានប្រសាសន៍ថានៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះមន្ទីរសុខាភិបាលបានដាក់ពង្រាយរថយន្តសង្គ្រោះចំនួន៥គ្រឿងនិងគ្រូពេទ្យចំនួន២០នាក់ ប្រចាំការ២៤ម៉ោងលើ២៤ម៉ោងនៅកន្លែងសង្ក្រាន្តស្វាយរៀងហើយចំណែកនៅតាមមន្ទីរពេទ្យបង្អែកនីមួយៗពិសេសមន្ទីរពេទ្យដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ក៏បានត្រៀមរថយន្តសង្គ្រោះផងដែរដើម្បីត្រៀមជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាពក៏ដូចជាជួបគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ។
គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំខ្មែរនៅឆ្នាំនេះនឹងប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី១៤រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩៕
Source: Kampuchea Thmey Daily
0 Comments