ភ្នំពេញ ៖ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានជំរុញ ដល់និស្សិតពេទ្យមូស្លីមកម្ពុជាឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើង។
ថ្លែងនៅក្នុងឱកាសពិធីសំណេះសំណាលជាមួយនិស្សិតសុខាភិបាល មូស្លីម នៅទីស្ដីការក្រសួងសុខាភិបាលលោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា «យើងខ្ញុំ នឹងបន្ដលើកទឹកចិត្ដ ដល់កូនក្មួយមូស្លីម ដែលមានបំណងបន្ដការសិក្សាលើវិស័យសុខាភិបាលនេះ ជាពិសេស នឹងជួយដោះស្រាយបញ្ហាប្រឈមមួយចំនួនដើម្បីផ្ដល់ភាពងាយស្រួលដល់ការសិក្សា និងប្រតិបត្ដិការការងារ ដោយឆ្ពោះទៅរកភាពល្អប្រសើរទាំងអស់គ្នា»។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានបន្ដថា «តាមរយៈការចុះពិនិត្យការងារកន្លងមកនេះ យើងឃើញថាកូនក្មួយមូស្លីមជាច្រើន បានបម្រើសេវាសុខភាព ជូនដល់បងប្អូនប្រជាពលរដ្ឋយើងនៅតាមមូលដ្ឋាន ដែលនេះបង្ហាញឲ្យឃើញ ពីការសាមគ្គីភាពគ្នាទៅវិញទៅមក ដោយមិនមានការប្រកាន់ពូជសាសន៍នោះឡើយ។ នេះ គឺជាការចង់បាន និងការដាក់ចេញនូវគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជាយើង ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី គឺសុខដុមរមនីយកម្មសាសនា គ្មានការរើសអើងពូជសាសន៍ ឬពណ៌សម្បុរនោះឡើយ»។
ទន្ទឹមនឹងនោះ ក្រសួងសុខាភិបាល ក៏បានផ្ដល់ឱកាសការងារស្មើគ្នា ដល់និស្សិតសុខាភិបាលមូស្លីម ដូចទៅនឹងប្រជាពលរដ្ឋទូទៅផងដែរ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋ ក៏ទទួលបាននូវសេវាពិនិត្យព្យាបាលជំងឺនៅតាមមន្ទីរពេទ្យនានាទូទាំងកម្ពុជាដូចៗគ្នា។
គួរបញ្ជាក់ថា ក្នុងឱកាសសំណេះសំណាលជាមួយនិស្សិតសុខាភិបាល មូស្លីមនាឱកាសនោះដែរលោករដ្ឋមន្ដ្រីក៏បានឯកភាពទៅនឹងសំណូមពរ របស់បងប្អូនមូស្លីមចំនួន៣ចំណុចផងដែរ ក្នុងការធ្វើឲ្យមានភាពល្អប្រសើរឡើង៕
Source: Kampuchea Thmey Daily
0 Comments