Ad Code

កម្ពុជា​ប្តេជ្ញា​បន្ត​សហការ​ជាមួយ​អង្គការ អាយ​ឡូ​ដើម្បី​លើកកម្ពស់​សិទ្ធិ និង​លក្ខខណ្ឌ​ការងារ​ដល់ក​ម្មករ



ភ្នំពេញ​ ៖​ កម្ពុជា​បាន​ប្តេជ្ញា​បន្ត​សហការ​ជាមួយ​អង្គការ​អន្តរជាតិ​ខាង​ការងារ​ដែល​ហៅ​កាត់​ថា​អាយ​ឡូ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត​ដើម្បី​ធានា​និង​លើ​កម្ពស់​សិទ្ធិ​និង​លក្ខខណ្ឌ​ការងារ​ដល់​កម្មករនិយោជិត​ឲ្យ​កាន់តែ​ប្រសើរឡើង​។



លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍ថា​ កម្ពុជា​នឹង​បន្ត​អនុវត្ត​យ៉ាង​ហ្ម​ត​ចត់​នូវ​បណ្ដា​អនុសញ្ញា​នានា​ដែល​បាន​ផ្ដល់​សច្ចាប័ន​ជាមួយ​អង្គការ​អាយ​ឡូ ពិសេស​អនុសញ្ញា​ស្នូល​ទាំង​៨​ប្រកបដោយ​តម្លាភាព​ពេញលេញ គ្មាន​ការរើសអើង​ដោយ​ឈរ​លើ​គោលការណ៍​នីតិរដ្ឋ​ដើម្បី​ឈាន​ឆ្ពោះ​ទៅរក​ភាព​ជោគជ័យ​ក្នុង​ការ​អនុវត្ត​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ ពិសេស​គោលដៅ​អភិវឌ្ឍ​ទី​៨​។



ថ្លែង​នៅក្នុង​ឱកាស​ចូលរួម​កិច្ចប្រជុំ​ជាន់ខ្ពស់​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ដើម្បី​ប្រារព្ធ​ខួប​១០០​ឆ្នាំ នៃ​ការបង្កើត​អង្គការ​អាយ​ឡូ (១៩១៩-២០១៩)​នៅ​បូរី​ញូយ៉ក​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃទី​១០​មេសា​កន្លង​ទៅ​នេះ​លោក រដ្ឋមន្ត្រី​បាន​បន្ត​ថា ​ជាក់ស្ដែង​កាលពី​ថ្ងៃទី​២៨ ខែមីនា កន្លងទៅ​ថ្មីៗ​នេះ កម្ពុជា​បាន​ចុះ​អនុស្សរណៈ​ជាមួយ​អង្គការ អាយ​ឡូ​O និង​ដៃគូ​ត្រីភាគី​ផ្សេងទៀត​ក្នុងការ​អនុវត្ត​កម្មវិធី​ការងារ​សមរម្យ សម្រាប់​ឆ្នាំ​២០១៩-២០២៣​ដើម្បី បន្ត​អភិវឌ្ឍ​មុខរបរ និង​ការងារ និង​សហគ្រាស​ឲ្យ​ស្របតាម​ការវិវត្តន៍​សង្គម និង​បច្ចេកវិទ្យា ពង្រឹង និង​ពង្រីក​កិច្ច​គាំ​ការ​សង្គម​ដល់​ស្ត្រី យុវជន និង​ក្រុម​ជន​ងាយ​រងគ្រោះ​និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​វិជ្ជាជីវៈ និង​សិទ្ធិ​ការងារ ស្របតាម​បទដ្ឋាន​អន្តរជាតិ​ខាង​ការងារ ដោយ​រួមទាំង​ពលករ​ទេស​ន្ត​ប្រវេសន៍​ផងដែរ​។



លោក​រដ្ឋមន្ត្រី​បាន​បន្តទៀតថា​ ទន្ទឹម​នឹង​នេះ​កម្ពុជា​ក៏បាន​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​អនាគត​នៃ​ការងារ​របស់​អង្គការ​អាយ​គូ​ដើម្បី​ត្រៀម​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ពិសេស ការផ្លាស់ប្ដូរ​ជំនាញ ដែល​កើតមានឡើង​ពី​ការវិវត្ត​នៃ​បច្ចេកវិទ្យា​ក្នុង​បរិបទ​ថ្មី​នៃ​បដិវត្ត​ឧស្សាហកម្ម​បួន​ចុច​សូន្យ​។

កម្ពុជា​ចូល​ជា​សមាជិក​អង្គការ​អន្តរជាតិ​ខាង​ការងារ​នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​១៩៦៩​ហើយ​ក្នុង​រយៈពេល ៥០​ឆ្នាំ​មកនេះ កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​ចំនួន​១៣ ក្នុង​នោះ​មាន​អនុសញ្ញា​ស្នូល​ចំនួន​៨ ដែល​បាន​ជួយ​លើកកម្ពស់​សិទ្ធ​និង​លក្ខខណ្ឌ​ការងារ​ព្រមទាំង​ការងារ​សមរម្យ​សម្រាប់​ស្ត្រី និង​បុរស​។



​គួរ​បញ្ជាក់​ថា ​បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល​បាន​បង្កើត​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ​ក្នុង​អត្រា​៩៩,៣% នៃ​កម្លាំង​ពលកម្ម​សរុប​ប្រមាណ ១០ លាន​នាក់ រួមមាន​កម្មករនិយោជិត​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​ជិត ១ លាន ៥ សែន​នាក់ កម្មករនិយោជិត​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ជិត ២ លាន ៤ សែន​នាក់ វិស័យ​កសិកម្ម​ប្រមាណ ជាង ៤ លាន​នាក់ ពលករ​ធ្វើការ​នៅក្រៅ​ប្រទេស​ប្រមាណ ១ លាន ២ សែន​នាក់ និង​មន្ត្រី​សាធារណៈ​ប្រមាណ​ជាង​៥​សែន​នាក់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu