Ad Code

បើក​រថយន្ត​បត់​ឆ្វេង​អត់​ស៊ីញ៉ូ​ ម៉ូតូ​អក​ហ្សឺ​ ជាន់​ហ្វ្រាំងរ​ដួល ​កៀប​ជាប់​កង់​រថយន្ត​ស្លាប់​



ភ្នំពេញ​ ៖​ យុវជន​ម្នាក់ បាន​ស្លាប់​ ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ​ខណៈ​រថយន្ត​បត់​ឆ្វេង​មិនបាន​ស៊ីញ៉ូ​ ម៉ូតូ​បើក​ទៅ​ត្រង់​ ជាន់​ហ្វ្រាំង​អូស​ដួល​កៀប​ជាប់​កង់​រថយន្ត​ស្លាប់ ​កាលពី​វេលា​ម៉ោង​៨​និង​៥​នាទី​ព្រឹក ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០១៩​ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​ ចំណុច​ទល់មុខ​គូ​បូ​តា​ភ្នំ​ពេញ ភូមិ​គៀន​ឃ្លាំង សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។

រថយន្ត​បង្ក​ម៉ា​កតា​កូ​ម៉ា ​ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2R 5408​ បើក​ដោយ​បុរស​ម្នាក់ ​រួម​ដំណើរ​ជាមួយ​ប្រពន្ធ​ និង​កូន​។

ម៉ូតូ​រងគ្រោះ​ម៉ា​កឌុក ​ពណ៌​សលាយ​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FS 3353​ បើក​ដោយ​ ឈ្មោះ ​ខន ចំ​រើន ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ ​រស់នៅ​ភូមិ​ថ្កូវ ឃុំ​ត្រប់ ស្រុក​បាធាយ ខេត្ត​កំពង់ចាម​។

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើត​ហេតុ​ឲ្យ​ដឹងថា​ នៅមុន​ពេល​កើត​ហេតុ​ រថយន្ត​ និង​ម៉ូតូ​បើក​ស្រប​ទិស​គ្នា​ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​អា​ ទិសដៅ​ពី​ជើង ​ទៅ​ត្បូង​ ដោយ​រថយន្ត​បើក​មុខ​ ម៉ូតូ​បើក​ក្រោយ ​លុះ​មកដល់​ចំណុច​កើតហេតុ ​រថយន្ត​បត់​ឆ្វេង​បំណង​ឆ្លងផ្លូវ​ តែ​មិនបាន​ស៊ីញ៉ូទេ ទើបធ្វើឲ្យ​ម៉ូតូ​ដែល​បើក​ខាងឆ្វេង​ពីក្រោយ ​ជាន់​ហ្វ្រាំង​ដួល​ អូស​ទៅ​កៀប​ជាប់​កង់​រថយន្ត​ ហើយ​ត្រូវបាន​ប្រជា​ពលរដ្ឋ​នាំគ្នា​លើក​ចេញ​​​ពី​រថយន្ត​ ហើយ​ប្រហែល​ជាង​កន្លះ​ម៉ោង​ក្រោយមក​ ជនរងគ្រោះ ក៏​បាន​ស្លាប់​តែម្តង។

ចំណែក ​បុរស​អ្នក​បើក​រថយន្ត​ ក្រោយ​កើត​ហេតុ​ បាន​នៅ​ជួយ​មើល​ជនរងគ្រោះ​ដែរ​ តែ​ដោយ​ស្ថាន​ភាព​ជនរងគ្រោះ​កាន់​ធ្ងន់​ទៅៗ​ ក៏​សម្រេច​គេចខ្លួនបាត់​តែម្តង​។

ក្រោយ​កើត​ហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​ បាន​ទាក់ទង​សមត្ថកិច្ច​ជំនាញ​មក​វាស់វែង​យក​រថយន្ត​ និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​រង់ចាំ​ដោះ​ស្រាយ​ទៅតាម​ច្បាប់​នៅពេល​ក្រោយ។ ​រីឯ​សព ​ត្រូវ​បាន​ប្រគល់​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu