ភ្នំពេញ ៖ នារីជាកម្មការិនីរោងចក្រកាត់ដេរម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងពីរនារីពីរនាក់ទៀត បានរងរបួសធ្ងន់ និងស្រាលព្រមៗគ្នា បន្ទាប់ពីត្រូវក្បាលរថយន្ដសណ្ដោងកុងតឺន័ររបស់ក្រុមហ៊ុនផែស្ងួតតិចស្រ៊ុនបើកមកកៀរម៉ូតូជនរងគ្រោះ រួចកិនពីលើខណៈពេលបើកបរស្របទិសគ្នា។
ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង១៧និង៤០នាទីព្រលប់ ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៥នៅតាមបណ្ដោយផ្លូវអូរដឹមកប់ស្រូវ មុខផែស្ងួតតិចស្រ៊ុនស្ថិតក្នុងភូមិជម្ពូវ័ន្ដ សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ទីម សុលក្ខិណា ភេទស្រី អាយុជាង២០ឆ្នាំមុខរបរកម្មកររោងចក្រស្នាក់នៅផ្ទះជួល ភូមិសាមគ្គីទី១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ។ អ្នកជិះពីក្រោយពីរនាក់ទៀតដែលរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមះមិនត្រូវបានស្គាល់ឈ្មោះទេ។ ជនរងគ្រោះទាំងបីនាក់ជិះម៉ូតូម៉ាកស៊ុយហ្សុយគីស្មាស់រីវ៉ូពណ៌ខ្មៅអត់មានស្លាកលេខ។
រថយន្ដបង្កហេតុជាប្រភេទក្បាលរថយន្ដសណ្ដោងកុងតឺន័រ មិនចាំម៉ាកព្រោះក្រោយពេលកើតហេតុរថយន្ដនេះបានបើករត់ចូលក្រុមហ៊ុនតិចស្រុននោះបាត់តែម្ដង ដោយសារទីតាំងកើតហេតុនោះនៅមុខនឹងផែស្ងួតនោះតែម្ដង។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេរថយន្ដបង្ក និងម៉ូតូរបស់ជនរងគ្រោះដែលឌុបគ្នាបីនាក់បានជិះស្របគ្នាក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើរថយន្ដនោះបានបត់ចូលផែស្ងួតតិចស្រ៊ុន ហើយបានកៀរម៉ូតូជនរងគ្រោះឲ្យដួលរួចកិនពីលើបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនោះតែម្ដង។
ប្រភពបន្ដថា ក្រោយពេលកើតហេតុភ្លាមនគរបាលចរាចរ ខណ្ឌពោធិ៍សែនជ័យនិងនគរបាលចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះទៅដល់ភ្លាមៗដើម្បីវាស់វែង និងស្រាវជ្រាវរករថយន្ដបង្ក តែពេលនោះត្រូវបានតំណាងក្រុមហ៊ុនផែស្ងួតមិនសហការឲ្យចូលឆែកឆេរឡើយ ហើយពេលនោះនគរបាលបានព្យាយាមទំនាក់ទំនងដែរ តែតំណាងក្រុមហ៊ុនចេះតែរកលេលអូសបន្លាយពេល រហូតដល់ម៉ោងប្រហែល២១យប់នៅ មិនទាន់មានដំណោះស្រាយទៀត ទើបប្រជាពលរដ្ឋ ដែលឈរមើលដឹងហេតុការនេះទប់កំហឹងមិនបាន ក៏នាំគ្នាគប់ដុំថ្ម បណ្ដាលឲ្យខូចខាតរថយន្ដសមត្ថកិច្ចពីរគ្រឿង និងតូបយាមរបស់ក្រុមហ៊ុន បណ្ដាលឲ្យខូចខាតយ៉ាងដំណំដែរ។
ចំពោះករណីនេះនគរបាលបានត្រឹមតែកសាងឯកសារ បញ្ជូនទៅកាន់ការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាជាក្រោយ ហើយសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

0 Comments